ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ដាក់​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​នៅ​តាម​ច្រក​អន្តរជាតិ​នានា អនុវត្ត​ការ​ចាប់​ខ្លួន សម រង្ស៊ី

ភ្នំពេញ ​៖​ នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានដាក់​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន ដែល​ឈរជើង​នៅតាម​ច្រក​អន្តរជាតិ​នានា ជាពិសេស​អាកាសយានដ្ឋាន​អន្តរជាតិ និង​ច្រកព្រំដែន​អន្តរជាតិ ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​ដីកា​ចាប់ខ្លួន​លោក សម រង្ស៊ី ឲ្យ​មាន​ប្រសិទ្ធភាព​។​

ការដាក់​បញ្ជា​នេះ ត្រូវបាន​ធ្វើឡើង​តាម​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ផ្ញើ​ទៅកាន់​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ប្រធាន​នាយកដ្ឋាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចុះហត្ថលេខា​ដោយ​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ហើយ​ការប្រកាស​ឲ្យ​អនុវត្ត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បានប្រកាស​ចូលមក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ។

លិខិត​របស់​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា កន្លងមក​អគ្គនាយកដ្ឋាន បាន​ជូនដំណឹង​អំពី​ចំណាត់ការ​នេះ​ជាច្រើនលើក​រួចមកហើយ ហើយ​ថ្មីៗ​នេះ​ក៏មាន​ព័ត៌មាន​ថា ទណ្ឌិត​ឈ្មោះ សម រង្ស៊ី នឹង​ធ្វើ​ដំណើរ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ខាងមុខ។ ក្នុងន័យនេះ “​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ក្រើនរំលឹក​ជាថ្មី​ដល់​ឯកឧត្តម លោកជំទាវ អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ ពិសេស​នៅតាម​គោលដៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ត្រូវ​ចាត់វិធានការ​អនុវត្ត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​”​។​

នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បានបញ្ជាក់​ទៀតថា លោក លោកស្រី អគ្គនាយករង និង​លោក​ប្រធាន​អគ្គនាយកដ្ឋាន អង្គភាព​ចំណុះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវ​ចាត់តាំង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

ទាក់ទង​បញ្ហា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ធ្លាប់បាន​បញ្ជាក់​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរតំណែង​ស្នងការ​នគរបាល​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា តុលាការ​បានចេញ​ដីកា​ចំនួន​បី ឲ្យ​នគរបាល​ចាំ​ស្វាគមន៍​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយ​សមត្ថកិច្ច​ក៏បាន​ត្រៀមកម្លាំង​រួចជាស្រេច​ផងដែរ​។ ជាមួយគ្នានេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ទាំងអស់​ពង្រឹង​ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ចាត់ការ​វិធានការ​សន្តិ​សុខ គ្រប់គ្រង​ស្ថាន​ការណ៍​ឲ្យ​បាន ជាពិសេស​ការបង្ក​ចលាចល​។

តាម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន នៅពេលនេះ មាន​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន ទោះបី​មិន​បង្ហាញ​រូបភាព ក៏ប៉ុន្តែ​នៅតែ​ប្តេជ្ញាចិត្ត​តាម​ហ្វេ​ស​ប៊ុ​ក និង​តាម​យូ​ធូប​សម្បើម​ណាស់ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​ក្តាប់​ឲ្យ​បាន​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បន្តថា សិទ្ធិ​ធ្វើ​នយោបាយ​ត្រូវធ្វើ​តាមច្បាប់ តាម​រដ្ឋធម្មនុញ្ញ សិទ្ធិ​ធ្វើ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ចង់​ចូលបក្ស​ណា​ក៏បាន​ដែរ ក៏ប៉ុន្តែ​ពី​ម៉ោង​នេះ​ទៅ គ្មានទេ​សង្គ្រោះ​ជាតិ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​រំលាយ និង​ហាម​សិទ្ធិ​ធ្វើ​នយោបាយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114