ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា ជួប និល លូក​ម៉ា​ខាម​វ៉ាន ខណៈ ចាន់ ប៊ុន​លាភ ជួប​គ្រៀង ក្រៃ នៅ​សង្វៀន​ស្ទឹងមាន​ជ័យ​

អ្នក​ប្រដាល់​កម្ពុជា ​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី និល លូក​ម៉ា​ខាម​វ៉ាន (Nil Lukmakarmwarn) នា​យប់​ថ្ងៃអាទិត្យ​ ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។​ អ្នក​ទាំងពីរ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។​

និល លូក​ម៉ា​ខាម​វ៉ាន គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​នៅ​ស្រុកថៃ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រ​ប្រកួត​ចំនួន​៦៩​លើក ដោយ​វាយ​ឈ្នះ​៥៥​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។ និល លូក​ម៉ា​ខាម​វ៉ាន ​នេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញ​ចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះ​ឡើយ។ នេះ​បើ​តាម​អ្នក​ផ្គូ​ផ្គង​កីឡាករ​ថៃ​ឲ្យ​ដឹង។​

យ៉ាងណា និល លូក​ម៉ា​ខាម​វ៉ាន មកជួប​ឡៅ​ចន្ទ្រា​លើក​នេះ មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះថា ចន្ទ្រា​ គេ​ល្អ​ទាំង​កណ្ដាប់ដៃ ជង្គង់ និង​កែង។ ចន្ទ្រា ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ជាង​៥០​លើក​ហើយ​កន្លង​មក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​គ្រៀង ក្រៃ ក្នុង​ទឹក​ទី​៥។

ចន្ទ្រា គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក។ តែ​លើក​នេះ ចន្ទ្រា ​ត្រូវ​ជួប​ជើង​ខ្លាំង​លើស​គូប្រកួត​លើក​មុន​ទៅទៀត ហេតុនេះ​មិនជា​ការងាយស្រួល​ប៉ុន្មាន​ឡើយ។

ទោះជា​យ៉ាងណា ឡៅ ចន្ទ្រា គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​ហើយ ដូច្នេះ​បទពិសោធន៍​របស់​គេ​ក៏​មាន​ច្រើន​ដែរ​។ ​ចាំមើល ការប្រកួត​លើក​នេះ​ជាមួយ ​និល លូក​ម៉ា​ខាម​វ៉ាន ឡៅ​ចន្ទ្រា ​អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បានដែរ​ឬ​អត់?។​

ចំពោះ​អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ ​ឈ្មោះ ​គ្រៀង ក្រៃ (Kreng Krai Tor. Silachai) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៥​គីឡូ​ក្រាម ។ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។​

គ្រៀង ក្រៃ គេ​ជា​ជើង​ខ្លាំង​ជើងចាស់​នៅ​ស្រុកថៃ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​ម្តង​ ហើយ​កាលពី​ពេល​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨០​លើក ដោយ​វាយ​ឈ្នះ​៥៩​លើក ចាញ់​១៩​លើក និង​ស្មើ​០២​លើក។ គ្រៀង ក្រៃ​នេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះឡើយ។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​។​

ចាន់ ប៊ុន​លាភ គេ​ក៏មាន​ផ្លែ​ល្អ​ដែរ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ ប៊ុន​លាភ នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ កង​វ៉ាន មួយ​មុខ​ប៉ុណ្ណោះ។ ​ចាន់ ប៊ុន​លាភ មាន​ប្រវត្តិ​ប្រកួត​មិនតិច​ក្រោម​១០០​លើក​នោះទេ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ​វាយ​ចាញ់​កែវ កង​វ៉ាន ដោយ​ពិន្ទុ កាល​ពី​ថ្ងៃទី​២៧​មករា​កន្លងមកនេះ។

ទោះជា​យ៉ាងណា ចាន់ ប៊ុន​លាភ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​គ្រៀង ក្រៃ នេះ គេ​មិន​ហ៊ាន​អះអាង​មុន​ថា ប៊ុន​លាភ​ឈ្នះ​ក្នុង​ការប្រកួត​នេះ​ទេ។ ចាំមើល តើ ​ប៊ុន​លាភ ​ឈ្នះ​ ឬមួយ ​ក៏ ​គ្រៀង ក្រៃ ឈ្នះ​សម្រាប់​ការជួបគ្នា​នេះ?។​

គ្រៀង ក្រៃ គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​លើកចុងក្រោយ​នេះ គឺ​វាយ​ចាញ់​ ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ទឹក​ទី៥។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ឡើង​សងសឹក​ជាមួយ ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម។ ពួកគេ​ទាំងពីរ ធ្លាប់បាន​ប៉ះគ្នា​២​ដង​ហើយ​កន្លងមក ដោយនូវ ដា​រ៉ូ ចាញ់ សុវណ្ណ ដោយ​ពិន្ទុ​ទាំង​ពីរដង។

​នូវ ដា​រ៉ូ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ចិត្ត​ប្រដាល់​ធំ។ ទោះជា​យ៉ាង​ណា ដា​រ៉ូ​ មិនដឹងថា​អាច​សងសឹក​យកឈ្នះ សុវណ្ណ បាន​ឬ​អត់​នោះឡើយ ព្រោះថា​សុខ សុវណ្ណ ជា​អ្នក​ប្រដាល់​ជើងចាស់​ដែលមាន​កណ្តាប់ដៃ​ល្អ​ និង​ខ្លាំង និង​វាយ​មិន​បណ្តាក់​ដៃ​ឡើយ។​

​អ្នក​ប្រដាល់ ឌុន មករា ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ​ឡុង សុវណ្ណ ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៤៨​គីឡូក្រាម។ ពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ថ្មី​ស្រករ​ក្រោយ​ដូចគ្នា។ ចំណែក​ ជុំ មាន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ជាមួយ​ ប៉ិល ឡៃហេង អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114