ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី ​ក្នុង​បែរ​បណ្តែត​លើទឹក កាត់​ដំបូល​បែរ​ត្រី​ឲ្យ​អស់​ នៅ​ចុងខែ​កុម្ភៈ​នេះ​

កំពង់ឆ្នាំង ​៖ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នូកទ្រ ស្រុក​បរិបូរណ៍ និង​ជា​សមាជិក​ការងារ​ចម្រុះ​បម្លាស់ទី​ផ្ទះទឹក​ស្រុក​បរិបូរណ៍ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​និយាយ​ឲ្យ​ដឹងថា​ អនុវត្តន៍​តាម​ផែនការ​របស់​គណៈកម្មការ​បម្លាស់ទី​ផ្ទះទឹក​ថ្នាក់​ខេត្ត បានកំណត់​ឲ្យ​​ប្រជាពលរដ្ឋ​ដែល​មាន​បែរ​ចិញ្ចឹម​ត្រី​បណ្តែត​លើទឹក​ក្នុង​ទន្លេ​ចំនួន​១២២​បែរ ស្ថិត​ក្នុង​ឃុំ​ឆ្នូ​ក​ទ្រូ ត្រូវ​កាត់​ដំបូល​បែរ​ត្រី​ឲ្យ​អស់​នៅ​ចុងខែ​កុម្ភៈ​នេះ​។​
​ ​
លោក​មេឃុំ​បាន​បញ្ជាក់ថា ផែនការ​ខាងលើនេះ​ សំដៅ​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​តាំង​លំនៅដ្ឋាន​លើ​ផ្ទះ​បណ្តែត​ទឹក ដែលជា​ហេតុ​បង្កឲ្យ​មាន​កាកសំណល់​នានា ពិសេស​បង្គន់​ លាមក ចាក់​ចូលក្នុង​ទន្លេ​ដែល​បង្កឲ្យ​មាន​ការបំពុល​បរិស្ថាន​ក្នុង​ទឹក ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​ទូទៅ​។

យោងតាម​ផែនការ​ខាងលើនេះ​ អាជ្ញាធរ​ឃុំ ក៏​ដូចជា​ក្រុម​ការងារ​ចម្រុះ​ ក៏បាន​ធ្វើការ​ចែកចាយ​លិខិត​ជូនដំណឹង​នេះ​របស់លោក​អភិបាលស្រុក​បរិបូណ៌ ​ប្រធាន​គណៈកម្មការ​បម្លាស់ទី​ផ្ទះទឹក​ ស្រុក​បរិបូណ៌ ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បែរ​ត្រី​ចំនួន​១២២​បែរ នៅក្នុង​ភូមិ​ឆ្នូ​ក​ទ្រូ​ បាន​រួចរាល់​ហើយ​ នៅ​ចុង​ខែ​មករា​នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​សហការ​អនុវត្ត​ផែនការ​ខាងលើនេះ​​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ដើម្បី​ឲ្យ​ទឹកទន្លេ​មាន​បរិស្ថាន​ល្អ និង​ដើម្បី​ចូលរួម​អបអរសាទរ​ការ​ធ្វើ​បុណ្យ​ទន្លេ​ លើក​ទី​៥​ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ក្នុង​ខែ​មិនា​ខាងមុខនេះ​។​
​ ​
លោក​មេឃុំ​ឆ្នូ​ក​ទ្រូ​បានបញ្ជាក់​ឲ្យ​ដឹងទៀតថា​ ឃុំ​ឆ្នូ​ក​ទ្រូ​មាន​ភូមិ​ចំណុះ​ចំនួន​៣​ភូមិ​ ដែលមាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​១២០០​គ្រួសារ និង​ភាគច្រើន ​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ​។

​អនុវត្តតាម​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល គណៈកម្មាធិការ​បម្លាស់ទី​ផ្ទះទឹក​ថ្នាក់​ខេត្ត ​និង​ស្រុក បានធ្វើការ​បម្លាស់ទី​ផ្ទះទឹក​របស់​ប្រជាពលរដ្ឋ​ឲ្យ​ឡើង​រស់នៅ​លើក​គោក​បាន​៩០%​រួចហើយ នៅ​ក្នុង​បំណាច់​ឆ្នាំ​២០១៨ កន្លង​មកនេះ​។ ដោយឡែក​ នៅសល់​១០%​ទៀត​ គឺជា​បែរ​ចិញ្ចឹម​ត្រី​បណ្តែត​លើទឹក ដែល​មាន​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅ​លើ​បែរ​នេះ ដែល​គណៈកម្មាធិការ​បម្លាស់ទី​ផ្ទះទឹក​មិន​អនុញ្ញាត​ឲ្យ​មានការ​ស្នា​ក់នៅ​ជា​លក្ខណៈ​គ្រួសារ​នៅ​លើ​បែរ​ចិញ្ចឹម​ត្រី​នោះ​ឡើយ ទើប​តម្រូវ​ឲ្យ​​មាន​កា​រ​កាត់​ដំបូល​លើ​បែរ​ត្រី​នេះ​ចេញ​។​

ទាក់ទង​នឹង​ផែនការ​ខាង​លើនេះ លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូណ៌ បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​ចាប់ពី​ដើមខែ​នេះ ដោយ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បែរ​ត្រី​ទាំង​១២២​បែរ ចាប់ពី​ថ្ងៃនេះ​ទៅ ​ត្រូវ​ចូលរួម​អនុវត្ត​ផែនការ​របស់​គណៈកម្មកា​រ​បម្លាស់ទី​ផ្ទះទឹក​ថ្នាក់​ខេត្ត ដោយ​ត្រូវ​កាត់​ដំបូល​ឲ្យ​បាន​អស់​នៅ​បំណាច់​ចុងខែ​កុម្ភៈ​នេះ។ ដោយឡែក ​ម្ចាស់​បែរ​ត្រី​ មិន​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​ខាង​លើនេះ ក្រុមការងារ​ចម្រុះ​បម្លាស់ទី​ផ្ទះទឹក នឹង​ធ្វើ​សកម្ម​ភាព​ចុះ​កាត់​ដំបូក​បែរ​ត្រី​នេះ​ដោយ​ផ្ទាល់ ដោយ​មិន​ទទួលខុសត្រូវ​ក្នុង​ការ​បាក់បែក​ខូចខាត​ដំបូល​ទាំង​នោះ​ឡើយ​៕