ព័ត៍មានទាន់​ហេតុការណ៏
Search

លែបខាយ​ប្រុង​ញ៉ែ​ស្ត្រី​បរទេស ​ត្រូវ​បុរស​បរទេស​ដែល​កំពុងតែ​ញ៉ែ​នាង​ដែរ ​រុញ​ឲ្យ​ដួល​បោក​ក្បាល​ហូរ​ឈាម​ជោកអាវ​

ភ្នំពេញ​ ៖​ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​ បន្ទាប់ពី​ឃើញ​បុរស​ម្នាក់​ បាន​បែក​ក្បាល​ហូរ​ឈាម​ជោក​ខ្លួន ​ដោយសារតែ​ត្រូវ​ជនបរទេស​​​ប្រុស​ រុញ​ឲ្យ​ដួល​ទៅ​បោក​ក្បាល​នឹង​ថូផ្កា ​ក្បែរ​នោះ ​ព្រោះតែ​ខឹង​នឹង​បុរស​រងគ្រោះ​ ​ ​បាន​និយាយ​លែបខាយ​ប្រុង​អូស​ក្រឡា​(​ញ៉ែ​)​ លើ​ស្ត្រី​បរទេស​ដែលមាន​រូបឆោម​ស្រស់ស្អាត​ម្នាក់​ ក្នុងចំណោម​គ្នីគ្នា​៤​នាក់ ​ពេល​ចេញពី​ក្លិប។

អ្នកឃើញ​ហេតុការណ៍​នោះបាន​ឲ្យ​ដឹង​ថា ​រឿងហេតុ​នោះ ​ផ្តើមចេញពី​បុរសរងគ្រោះ ​ខណៈ​គាត់​ស្រវឹងស្រា​ស្រឿង​ៗ ដើរ​ចេញពី​ក្លឹប​ ហើយ​មក​ជួប​បរទេស​ប្រុស​/ស្រី​៤​នាក់​ កំពុង​និយាយ​សាសង​គ្នា​គ្រាន់តែ​ឃើញ​នារី​បរទេស​នោះ​ស្អាត ​ជាមួយ​នឹង​ការ​ស្លៀកពាក់ ស៊ិ​ច​ស៊ី ​ខើច​លើ ខើច​ក្រោម, បុរស​រូបនោះ ក៏​និយាយ​ភាសា​អង់គ្លេស សាសង​លែបខាយ​សម្ដី លក្ខណៈ​ចង់ អូស​ក្រឡា​ញ៉ែ​រូប​នាង​ត្រង់​ៗ​ហ្មង តែ​មិនដឹងថា បុរស​បរទេស​ម្នាក់​ក្នុងចំណោម​នោះ កំពុង​ញ៉ែ​នារី​បរទេស​នោះដែរ ទើប​បុរស​បរទេស​នោះ​បាន​រុញ​ឲ្យ​ចេញទៅ តែ​បែរជា​ជ្រុល​ធ្វើ​ឲ្យ​រអិល​ជើង​ដួល​បោក​ក្បាល​នឹង​ថូផ្កា​ ហើយ​បរទេស​ក៏​នាំគ្នា​ដើរទៅ​បាត់​ ពេលនោះ​ក៏​បុរសរងគ្រោះ​ងើបឡើង​មក​ស្រែក​ឆោឡោ​ថា ​ចោរៗ ​ដាក់​នារី​បរទេស​រូប​ស្រស់ និង​បងប្អូន​ប្រុស​របស់​នាង​ម្នាក់ ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍ ​​កាលពី​វេលា​ម៉ោង​៣​និង​០៥​នាទី​ទៀបភ្លឺ ​ឈានចូល​ថ្ងៃទី​៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ​ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​(​ជិត​ផ្សារ​សូ​រិ​យ៉ា​ម៉​ល​)​ ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​៥១ ​ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

​បុរស​ដែល​របួស​បែកក្បាល​នោះ ឈ្មោះ វណ្ណៈ អាយុ​ប្រហែល ​ជាង​៤០​ឆ្នាំ​ មុខរបរ​អ្នកលក់ដូរ ដី​ឡូត៍​របស់​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់នៅ​អូ​តែ​ល​របស់​មិត្តភ័ក្ដិ ​ជា​អ្នកធ្វើការ​ផ្នែក​លក់​ដី​ឡូត៍​ជាមួយគ្នា មាន​ស្រុកកំណើត នៅ​ខេត្ត​ស្ទឹងត្រែង​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ គេ​បានឃើញ​មាន​បុរស​បរទេស​៣​នាក់ និង​នារី​បរទេស​ម្នាក់ទៀត ស៊ិ​ច​ស៊ី រូប​ស្រស់ បាន​ឈរ​ជជែក​គ្នា​លើ​ចិញ្ចើម​ផ្លូវកែង​ផ្លូវ​កន្លែងកើតហេតុ មួយសន្ទុះ​ក្រោយមក ​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​ស្រវឹង​ស្រឿងៗ​ បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​មកដល់​ ហើយ​បាន​ជួប​ជនបរទេស​ប្រុស​/ស្រី​ទាំង​៤​នាក់​នោះ ដោយ​ឃើញ​នារី​បរទេស​នោះ មាន​រូប​សម្រស់​ស្អាត ​ហើយ​ស៊ិ​ច​ស៊ី​ទៀត​នោះ បុរស​ម្នាក់​ខ្មែរ​នោះ​ ក៏បាន​និយាយ​ជា​ភាសា​អង់គ្លេស​ជាមួយនឹង​នារី​បរទេស​រូប​ស្រស់​នោះ​ក្នុង​លក្ខណៈ​សាសង​(​ញ៉ែ​)​រូបនាង​តែម្ដង។​

​ប្រភព​បន្តថា ​បន្តិចក្រោយមក ​ឃើញ​បុរស​បរទេស​ម្នាក់ទៀត ដែល​ឈរ​ជជែក​គ្នា​ជាមួយ​នារី​បរទេស​ខាងលើ​ដែរនោះ ​​​​និយាយ​ជាមួយ​បុរស​ខ្មែរ​នោះ​ដែរ តែ​មិនដឹងថា មាន​រឿង​អ្វី និង​និយាយ​ពីអ្វី​ខ្លះ​ទេ ​ស្រាប់តែ​ស្រែក​ដាក់គ្នា​ទៅវិញទៅមក ​រួច​ក៏​ច្រាន​បុរស​ខ្មែរ​នោះ​ឲ្យ​ដើរ​ចេញទៅ​ តែ​ដោយសារតែ​ស្រវឹងស្រា​ស្រឿងៗ​ផង បុរស​ខ្មែរ​នោះ ​ក៏​រអិល​ជើង​ដួល​ទៅ​បោក​ក្បាល​នឹង​ថូផ្កា បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ជោក​អាវ​តែម្ដង​។​ ចំណែក​បុរស​បរទេស​នោះ ក៏​​​នាំ​បុរស​បរទេស​ម្នាក់ទៀត​ដើរ​ចេញទៅ​​​ពី​កន្លែងកើតហេតុ​បាត់ទៅ​។​

​ប្រភពព័ត៌មាន​បន្តទៀត​ថា​ ភ្លាមៗ​នោះ​ បុរស​ខ្មែរ​រងគ្រោះ​ក៏បាន​ស្រែក​ឆោឡោ​ថា​ចោរៗ ហើយ​ស្រែក​ចោទប្រកាន់​រូបនាង និង​បងប្អូន​ប្រុស​របស់​នាង​ថា​ជា​មិត្តភ័ក្ដិ​នឹង​បុរស​បរទេស ដែល​រុញ​រូប​គាត់​ឲ្យដួល ​ហើយ​គេច​ទៅ​បាត់​នោះ ទើប​គាត់​កើតទុក្ខ​មិន​សុខចិត្ត​ប្រកែក​គ្នា​ជាមួយ​ពួកគេ​ទាំង​២​នាក់ ​រហូត​មាន​ប្រជាពលរដ្ឋ​ និង​អ្នកដំណើរ​ចុះមក​ជួយ​ឃាត់​ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ ចុះមក​កន្លែងកើតហេតុ​តែម្ដង​។​

​ប្រភព​ព័ត៌មាន​បានបញ្ជាក់​ថា​ ក្រោយពេល​សមត្ថកិច្ច​ចុះមក​ដល់​ បុរស​អ្នក​រត់ TAXI ម្នាក់​ បើក​ឆ្លង​កាត់​ទីនោះ ​ក៏​ឈប់​អែប​រថយន្ត​ចូល​ខាង ​រួច​ចុះមក​និយាយ​ភាសា​អង់គ្លេស​សួរនាំ​ជន​បទេស​ប្រុស​ស្រី​ទាំង​២​នាក់​នោះ ​រួច​បកប្រែ​ប្រាប់​សមត្ថកិច្ច និង​អ្នក​យក​សារព័ត៌មាន​ថា ​មុនពេល​កើតហេតុ​ពួកគាត់​ទាំង​២​នាក់​ជា​បងប្អូន​នឹង​គ្នា​ បាន​ចូលទៅ​រាំ​កម្សាន្ត​ក្នុង​ក្លឹប​មួយកន្លែង​ ជិត​កន្លែងកើតហេតុ​នេះ​ដែរ​ ហើយ​បាន​ជួបគ្នា​ជាមួយ​បុរស​បរទេស​២​នាក់​ទៀត នៅក្នុង​ក្លឹប​នោះ​ប៉ុណ្ណោះ​ ហើយ​ក្នុង​ចំណោម​បុរស​បរទេស​២​នាក់​នោះ​ មាន​ម្នាក់​បានមក​ញ៉ែ​នារី​បរទេស​រូប​ស្រស់​ និង​ស៊ិ​ច​ស៊ី​នេះ រហូត​ចេញមក​ជជែក​គ្នា​នៅ​ចំណុចកើតហេតុ​ខាងលើ​នោះ​បាន​មួយសន្ទុះ ក៏​ស្រាប់​តែមាន​បុរស​ខ្មែរ​ខាង​លើ​នោះ​មិនដឹង​ដើរ​មកពីណា​ទេ​ ដោយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បន្តិច​ផង​ តែ​ចេះ​និយាយ​ភាសា​អង់​គ្លេស​បាន​យ៉ាង​ស្ទាត់ លុះ​ពេល​ដើរមក​ដល់ ​ក៏​ងាកមើល​រូបនាង​ ហើយ​មើល​លើ​មើល​ក្រោម ​រួច​ក៏​និយាយ​ជាមួយ​នាង ហើយ​នាង​ក៏​ឆ្លើយតប​វិញ​រហូត​បុរស​នោះ​សួរនាំ​ឆ្លងឆ្លើយ​ចុះ​ឡើងៗ លក្ខណៈ​ញ៉ែ​រូបនាង​ដែរ ដោយ​មិនបាន​ដឹងថា បុរស​បរទេស​២​នាក់មក​ញ៉ែ​នាង​ដែរ ​ដូចគ្នា​ទេ​។​

​អ្នកបើកបរ TAXI បាន​បកប្រែ​បន្តទៀតថា ដោយនិយាយ​ញ៉ែ​រូបនាង​មិនបាន​ប៉ុន្មាន​ផង បុរស​បរទេស​ដែល​មក​ញ៉ែ​នាង​ដែរនោះ ក៏បាន​សួរនាំ​បុរស​ខ្មែរ​នោះ​ថា មកពីណា បានជា​មក​លែបខាយ​រូប​នាង​ដូច្នេះ​? ហើយ​បុរស​ខ្មែរ​នោះ​ក៏បាន​ឆ្លើយ​តប​វិញ​ថា ខ្ញុំ​ទើប​ចេញពី​ក្លឹប ហើយ​គ្រាន់តែ​និយាយ​លែបខាយ​បន្តិច​មិនបាន​ទេ​ឬ​? ទើប​បុរស​បរទេស​នោះ​ច្រាន​បុរស​ខ្មែរ​នោះ​ឲ្យ​ដើរ​ចេញទៅ​ តែ​បែរជា​ធ្វើ ឲ្យ​បុរស​ម្នាក់​នោះ រអិល​ជើង​ដួល​បោក​ក្បាល​នឹង​ថូផ្កា​ ទើប​ធ្វើឲ្យ​បែកក្បាល​ហូរឈាម​ប្រឡាក់​អាវ​តែម្ដង ហើយ​បុរស​បរទេស​ដែល​រុញ​បុរស​ខ្មែរ​ឲ្យ​ដួល​បែកក្បាល​នោះ​ ក៏​នាំ​បុរស​បរទេស​ដែលជា​មិត្តភ័ក្ដិ​ម្នាក់ទៀត ដើរ​ចេញពី​កន្លែងកើតហេតុ​បាត់​តែម្តង​។​

បន្ទាប់ពី​ដឹង​មូលហេតុ​ច្បាស់លាស់​ហើយ សមត្ថកិច្ច​ក៏បាន​អនុញ្ញាតឲ្យ​​បុរស​បរទេស​ប្រុស​ស្រី​ទាំង​២​នាក់​បងប្អូន​នោះ ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ រួច​ឲ្យ​បុរសរងគ្រោះ​ទៅរក​សាក្សី​នៅ​កន្លែង​កើត​ហេតុ ដើម្បី​បំភ្លឺ តែ​បុរស​នោះ​នៅ​មិន​សុខចិត្ត​ ទើប​សមត្ថកិច្ច​ដឹក​នាំទៅ​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​តែម្ដង​ទៅ​៕