ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ ចេញ​វិធានការ​ទប់ស្កាត់​សកម្ម​ភាព​មិនប្រក្រតី​ ក្នុង​ទិវា ​នៃ​ក្តី​ស្រលាញ់​ នៅ​តាម​គ្រឹះស្ថាន​សិក្សា​រដ្ឋ ​និង​ឯកជន​

​ភ្នំពេញ ​៖​ ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​ចេញ​វិធានការ​ទប់ស្កាត់​សកម្មភាព​មិនប្រក្រតី​ក្នុង​ទិវា​ នៃ​ក្តី​ស្រលាញ់​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន ​ខណៈដែល​ទិវា​នេះ​ នឹង​ឈាន​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ចេញផ្សាយ ​កាលពី​ថ្ងៃទី​០៧​ខែ​កម្ភៈ​ ឆ្នាំ​២០១៩​ ថា ​រៀងរាល់ឆ្នាំ​ នៅ​ថ្ងៃទី​១៤​កុម្ភៈ​ ដែលជា​ទិវា​ នៃ​ក្តី​ស្រលាញ់​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា ​ជា​បុណ្យ​សង្សារ ​ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូស្នេហ៍​ទៅ​វិញ​ ហើយ​មាន​សិស្ស​ខ្លះ​ បាន​ភ្លើតភ្លើន​ភ្លេច​ការសិក្សា​ បាត់បង់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់​ខ្លួន​ និង​ក្រុមគ្រួសារ​ប្រាសចាក​ពី​វប្បធម៌​ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ​។​

ដើម្បី​ការពារ​នូវ​សេចក្ដីថ្លៃថ្នូរ​នេះ​ ក្រសួង​បានចេញ​វិធានការ​មួយចំនួន ​ក្នុងនោះ​ណែនាំ​ដល់​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ និង​ឯកជន ​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ​ដើម្បី​កុំ​ឲ្យ​សិស្ស​មានការ​យល់ច្រឡំ​ពី​អត្ថន័យ ​នៃ​ ទិវា​ នៃ​ក្តី​ស្រលាញ់ ត្រូវ​ពង្រឹង​ការអនុវត្ត​បទ​បញ្ចា​ផ្ទៃក្នុង​សាលា​ឲ្យ​បាន​ម៉ឺងម៉ាត់​ និង​តាមដាន​អវត្តមាន​សិស្ស​ជាប្រចាំ​ ព្រមទាំង​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា​សិស្ស​ក្នុងការ​ផ្តល់ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតីរ​បស់​សិស្ស​ ដើម្បី​សហការ​អប់រំ​ណែនាំ​កែលំអ​សិស្ស​បាន​ទាន់ពេលវេលា​។​

ក្រសួង​អប់រំ​ អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​ មិន​ត្រូវយក​ទិវា ​នៃ​ក្តី​ស្រលាញ់​នេះ​ ទៅ​ប្រព្រឹត្តិ​អ្វីដែល​ខុស​កន្លង​ប្រពៃណី​ខ្មែរ​ និង​ខុសពី​អត្ថន័យ​ដើម​ នៃ​ទិវា​នេះ​ទេ ​ត្រូវ​រក្សា​តម្លៃ​ខ្លួន​ និង​ក្រុម​គ្រួសារ​ និង​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គោរព​វិន័យ​សាលា​ និង​យក​ល្អ​គួរ​យក​ទិវា​នេះ​ ទិញ​ផ្កា​ជូន​មាតាបិតា​ លោកគ្រូ​ អ្នកគ្រូ​ និង​មិត្តភ័ក្ដិ​របស់ខ្លួន​ ដើម្បី​សំដែង​នូវ​ដឹងគុណ​ និង​ការ​គោរព​ស្រលាញ់​វា​ប្រសើរ​ជាង​។​

ជាមួយគ្នានេះដែរ​ ក្រសួង ​ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ​និង​សហគមន៍​ សូម​ចូលរួម​ទាំងអស់គ្នា​ផ្សព្វផ្សាយ ​និង​អប់រំ​ណែនាំ​ដល់​យុវជន​យើង​ឲ្យ​យល់ដឹង​ពី​ទិវា​ នៃ​ក្តី​ស្រលាញ់​នេះ ​កុំ​ឲ្យ​យល់ច្រឡំ​ថា ​ទិវា​ក្តី​ស្រលាញ់​ ជា​ថ្ងៃបុណ្យ​សង្សារ​បន្តទៀត​ ក៏ដូចជា​ ដើម្បី​បញ្ចៀស​​ពួកគេ​កុំទៅ​ប្រព្រឹត្តិ​នូវ​ទង្វើ​ដែល​ប្រាសចាក​ពី​វប្បធម៌ ​និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ​ ដែល​បុព្វបុរស​យើង​បាន​បន្សល់ទុក​តាំងពី​យូរលង់​ណាស់​មកហើយ​។​

វិធានការ​របស់​ក្រសួង​អប់រំ​នេះ ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណៈ​ ពិសេស​អាណាព្យាបាល​មាតាបិតា​សិស្ស ​ព្រោះ​ដើម្បី​ចូលរួម​ថែរក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស​ តែ​ស្នើ​ឲ្យ​គ្រូ​ទទួលបន្ទុក​ថ្នាក់​នីមួយៗ​ ត្រូវ​ស្រង់​វត្តមាន​សិស្ស​ឲ្យ​បាន​ច្បាស់លាស់ ​ហើយ​សិស្ស​ណា​អវត្តមាន​ ត្រូវ​ផ្តល់​ដំណឹង​ជូន​ទៅ​អាណាព្យាបាល​ឪពុកម្ដាយ​ថា ​តើ​កូន​គាត់​សុំច្បាប់​ ឬក៏​គេច​សាលា​។​

តែ​យ៉ាងណាក៏ដោយ​ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​ ទិវា​ នៃ​ក្តី​ស្រលាញ់​នេះ​ហាក់ដូចជា ​សាប​រ​លាភ​ ស្ទើរតែ​ទាំងស្រុង ​ហើយ​ដោយសារតែ​សិស្សានុសិស្ស​បាន​យល់ដឹង​ ហើយ​ឈប់​ប្រព្រឹត្តិ​នូវ​សកម្មភាព​ដែល​ខុសពី​ប្រពៃណី​ខ្មែរ​ ដោយ​យក​ទិវា​នេះ​ បង្ហាញ​ពី​ការ​ដឹងគុណ ​និង​គោរព​ស្រលាញ់​ចំពោះ​មាតាបិតា​លោកគ្រូ​ អ្នកគ្រូ​ និង​មិត្តភ័ក្ដិ​វិញ​ ពិសេស​សកម្មភាព​ឈូឆរ​នឹង​ការទិញ​ផ្កា​ជូន​សង្សារ​ហាក់​លុបបំបាត់​ស្ទើរតែ​១០០​ភាគរយ​ទៅហើយ​ តែ​ឃើញ​សកម្មភាព​ការ​ជូន​ផ្កា​ដល់​មាតាបិតា ​លោក​គ្រូ​ អ្នកគ្រូ​ និង​មិត្តភ័ក្ដិ​កាន់តែ​ផុលផុស​វិញ​។​

គួរ​បញ្ជាក់ថា ​ពិធីបុណ្យ Valentine’s Day ដែល​អាច​ហៅ​បាន​ថា “​ទិវា​ នៃ​សេចក្ដីស្រលាញ់​” មាន​ដើម​កំណើត​ចេញពី​អាណាចក្រ​រ៉ូម ដែល​សព្វ​ថ្ងៃជា (​ប្រទេស​អ៊ីតាលី​) នា​សតវត្ស​ទី​៣ នៃ​គ​.​ស ដែលមាន​ស្ដេច​មួយអង្គ ឈ្មោះថា Claudius ។ ​ស្ដេច​មួយអង្គ​នោះ​ ទ្រង់​ជាម​នុស្ស​ល្មោភ​នឹង​អំណាច​ ទឹកដី មួយ​ថ្ងៃៗ​គិតតែ​ពី​ធ្វើសង្គ្រាម ដើម្បី​ពង្រីក​អាណាចក្រ​របស់​ខ្លួន​ មិន​គិតពី​ភាពលំបាក​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។​

ស្ដេច Claudius គាត់​បានចេញ​ព្រះរាជសារ​ឲ្យប្រជាពលរដ្ឋ​ប្រុសៗ ​ពេញវ័យ ​ឲ្យ​ជាប់​កាតព្វកិច្ច​យោធា​ទាំងអស់ ហើយ​ហាមប្រាម​មិនឲ្យ​មានការ​រៀបការ​នោះទេ សូម្បីតែ​អ្នក​ដែល​បាន​ភ្ជាប់​ពាក្យ​ហើយ ក៏​ត្រូវតែ​ផ្ដាច់​ពាក្យ​វិញ​ដែរ​។ ជាពិសេស​ អ្នក​ដែល​ល្មើសច្បាប់​នេះ ក៏​ត្រូវ​មានទោស​ប្រហារ​ជីវិត​តែម្ដង​។

ប៉ុន្តែ​នាពេលនោះ មាន​លោក​អាចារ្យ​ម្នាក់ ​ឈ្មោះថា Valentine គាត់​បាន​មើលឃើញ​នូវ​ស្ថានភាព ដ៏​អយុត្តិធម៌​បែបនេះ គាត់​មិន​ពេញចិត្ត​នោះទេ​។​

ក្រោយមក​មាន​យុវជន​ប្រុស​ស្រី​មួយក្រុម បាន​សុំឲ្យ​លោក​ជួយ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​ពួកគេ​។

ជា​បន្ត​បន្ទាប់មកទៀត​ ក៏​មាន​យុវជន​ផ្សេងៗ​ទៀត ក៏បាន​មកសុំ​ឲ្យ​លោក​ជួយ​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍​ដល់​ពួកគេ ដូច​គូរ​មុនៗ​ដែរ​។

ថ្ងៃមួយ ​ដំណឹង​នេះ​ ក៏បាន​លិច​ឮ​ដល់​ស្ដេច Claudius ទ្រង់​ក៏បាន​ចេញ​ព្រះរាជ​បញ្ជា​ឲ្យ​ចាប់ខ្លួន​លោក​អាចារ្យ Valentine យកមក​ដាក់ទោស ដោយ​ការ​ធ្វើ​ទារុណកម្ម​រហូតដល់​លោក​បាន​បាត់​បង់ជីវិត​នៅ​ក្នុង​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២៧០ នៃ​គ​.​ស​។ ម្ល៉ោះហើយ​គូស្នេហ៍​ដែល​ត្រូវ​បាន​លោក​រៀបចំ​អាពាហ៍​ពិពាហ៍​ឲ្យ មានការ​អាណិត និង​ស្រលាញ់​លើ​រូបលោក ក៏បាន​យក​សាកសព​របស់​លោក​ទៅ​បញ្ចុះ​នៅ​ឯ​វិហា​មួយ ដែល​មាន ​ឈ្មោះថា Sauta Pula ហើយ​គេ​តែងតែ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ Valentine’s Day ដែល​អាច​ហៅ​បាន​ថា ​ទិវា​ នៃ​សេចក្ដី​ស្រលាញ់ នៅ​ក្នុង​ថ្ងៃ​ទី​១៤​កុម្ភៈ ដើម្បី​រំលឹក​ដល់​លោក​ជា​រៀងរាល់​ឆ្នាំ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114