ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Cambodia All Stars ទទួល​ក្រុម​Muangthong United របស់​ថៃ​ នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​សៅរ៍​នេះ​

ក្រុម Cambodia All Stars ដែល​បង្កើត​ឡើង ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមបាល់ទាត់ Muangthong United សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ថៃ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​ លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រុម Cambodia All Stars លើក​នេះ ​ដឹកនាំ​ដោយ​ លោក ភា សុភ​ត្រា គ្រូ​បង្វឹក​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ ខណៈ​ថ្នាក់ដឹកនាំ​ក្រុម​ផ្សេងទៀត​ មាន ​លោក ឈូក ពិសិដ្ឋ តែងតាំង​ជា​អ្នកចាត់ការ​ទូ​ទៅ លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ លោក ហោ សុខ​ហេង គ្រូ​ជំនួយ លោក យឿ​ម សារ៉ាន់ គ្រូ​ជំនួយ លោក ស៊ឹម ម៉េង​ហៃ គ្រប់គ្រង​សម្ភារៈ និង​លោក នី លក្ខណា គ្រប់គ្រង​សម្ភារៈ​។​

​សូមបញ្ជាក់ថា ​ក្រោយ​ប្រមូលផ្ដុំ​បាន​រយៈពេល​ខ្លី​ គឺ​ចាប់ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​ មក​ក្រុម Cambodia All Stars បាន​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ក្រៅផ្លូវការ ​ចាញ់​ក្រុម​African All Stars (​បណ្ដុំ​កីឡាករ​មកពី​ទ្វីបអាហ្វ្រិក​ ដែល​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា​) ដោយ​លទ្ធផល ៣​ទល់​០ កាលពី​នៅ​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។​

​ចំណែក​សម​សភាព​កីឡាករ​វិញ​មានដូចជា សំរឹទ្ធ សីហា​, ឈ​ង់ ប៊ុន​ណាត​, សេត រ៉​ស៊ី​ប​, នួន បូរី​, សឿ​យ វិសាល​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, អ៊ុំ វិចិត្រ​, គួច សុ​កុម្ភៈ​, កែវ សុខ​ផេង​, សុះ ស៊ូ​ហា​ណា​, សារ៉េត គ្រី​យ៉ា​, រ៉ឹង ប៊ុន​ហៀ​ង​, ស៊ិន កក្កដា​, ឈិន ឈឿន​, ម៉ាត់ ណូ​រ៉ុ​ន​, ឆេង ម៉េង​, ហុង ផេង​, ភួង សុខ​សា​ណា​, ស៊ូ យ៉ា​ទី​, អ៊​ន ចាន់​ប៉ូ​លីន​, លី វ៉ា​ហេ​ទ​, អ៊ុ​ព កា​ម៉ុ​ល​, Joichiro Sugiyama, Anderson Zogbe, Mizuno Hikaru, Mohamad Hamza, Privat​។​

​លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានលើកឡើង​ជុំវិញ​ប្រកួត​នេះ​ថា​៖«​សហព័ន្ធ​រីករាយ និង​អបអរសាទរ ចំពោះ​ការប្រកួត​នេះ ដែលជា​ព្រឹ​ត្ដិ​ការណ៍​សំខាន់ សម្រាប់​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ដោយ​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ​ដល់​អ្នកគាំទ្រ តាមរយៈ​ជំនួប​ជាមួយ​ក្រុម​ខ្លាំង Muangthong United ក៏ដូចជា​ការត្រៀម​លក្ខណៈ​សម្រាប់​ការបើក​លី​គ​រដូវ​កាល​ថ្មី​ផងដែរ​។

ដោយសារ​កម្ពុជា​កំពុង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម អ៊ីចឹង​កម្ពុជា​មានកម្ម​វិធី​ជាច្រើន​ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់ ដូច្នេះ​ការរួមចំណែក​របស់​ក្រុមហ៊ុន និង​ប្រាក់ចំណូល​ផ្សេងៗ នឹង​ផ្ដល់ជូន​សហព័ន្ធ​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​»​។​

​ក្រុម Cambodia All Stars គឺជា​ការប្រមូលផ្ដុំ​កីឡាករ​ល្អៗ​នៅក្នុង​លី​គ​កំពូល​កម្ពុជា ទាំង​កីឡាករ​ខ្មែរ​និង​បរទេស ខណៈ​ក្រុម​នេះ​ធ្លាប់បាន​ប្រកួត​មិត្តភាព​៥​លើក​រួចមកហើយ​។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុង​រចនា ក៏​ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​មួយ​នេះដែរ​ ខណៈ​ចុងក្រោយ​ លោក Leonardo Vitorino គឺជា​គ្រូបង្វឹក​ម្តង​។ ក្រុម Cambodia All Stars ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៥ មកម្ល៉េះ​។​

​សូម​រំលឹកថា​ គោលដៅ​ នៃ​ការប្រកួត​រវាង​ក្រុម Muangthong United និង​ក្រុម Cambodia All Stars កន្លងទៅ​គឺ​ដើម្បី​ដកស្រង់​បទពិសោធន៍ រវាង​ក្រុម​ទាំង​២​ ក៏ដូចជា​រឹត​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង ជាពិសេស ​គឺ​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​សកម្មភាព​ពង្រឹង​សមត្ថភាព​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​ នៅ​ទូទាំង​២៥ ​រាជធានី​-​ខេត្ត​នានា ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114