ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump រិះគន់​ ស្រប​ពេល​បក្ស​ប្រជាធិបតេយ្យ​បើក​ការស៊ើបអង្កេត​អំពី​ពន្ធ​របស់​លោក​និង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សភា​បក្ស​ប្រជាធិបតេយ្យ​ ដែល​មាន​អំណាច​ថ្មី​ បាន​ចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ពន្ធ​, ជំនួញ​អចលនទ្រព្យ​របស់លោក​ប្រធានាធិបតី Donald Trump និង​ទំនាក់ទំនង​រុស្ស៊ី​ដែល​នេះ​បាន​បង្កើន​សម្ពាធ​លើ​សេត​វិមាន​បន្ទាប់ពី​មាន​ភាព​ស្ងៀមស្ងាត់​រយៈពេល​ពីរ​ឆ្នាំ​ដោយ​គណបក្ស​សាធារណរដ្ឋ។

លោក Trump បាន​រិះគន់​អំពី “​ការរំខាន​យាយី​ប្រធានាធិបតី​” ខណៈ​គណៈកម្មាធិការ​សភា​មួយ​បាន​បើកសវនាការ​ដើម្បី​បង្ខំ​ឲ្យ​បញ្ចេញ​ឯកសារ​ពន្ធ​របស់លោក​ដែល​លាក់បាំង​ជា​យូរ​មកហើយ​ស្របពេល​អ្នកផ្សេង​ទៀត​បា​ន​ចាប់ផ្តើម​សាកសួរ​អំពី​គោលនយោបាយ​ដ៏​ចម្រូងចម្រាស​របស់លោក​ក្នុងការ​បំបែកបំបាក់​កុមារ​អន្តោប្រវេសន៍​ពី​ឪពុកម្តាយ​របស់​ពួកគេ​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​-​អាមេរិក​។​

លោក Trump បាន​បង្ហោះ Twitter ថា “​គណ​ប្រជាធិបតេយ្យ​និង​គណៈកម្មាធិការ​របស់​ពួកគេ​ឆ្កួត​អស់ហើយ​”​។ លោក​និយាយថា “​អ្នក​សាធារណរដ្ឋ​មិនដែល​ធ្វើបែបនេះ​ដាក់​លោក​ប្រធានាធិបតី Obama ទេ វា​នឹង​គ្មាន​ពេលវេលា​ដើម្បី​គ្រប់គ្រង​រដ្ឋាភិបាល​”​។​

លោក Jerrold Nadler ប្រធាន​ផ្នែក​យុត្តិធម៌​របស់​សភា​បាន​គំរាម​អគ្គ​រដ្ឋអាជ្ញា​ស្តីទី​របស់លោក Trump គឺ​លោក Matthew Whitaker ជាមួយ​ដីកា​បង្គាប់​មួយ​ប្រសិនបើ​លោក​មិន​ប្រគល់​កំណត់ត្រា​នៃ​ទំនាក់ទំនង​របស់លោក​ជាមួយ​សេត​វិមាន​ទាក់ទង​ទៅនឹង​ការស៊ើបអង្កេត​កំពុង​បន្ត​របស់លោក Robert Mueller អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​។​

ហើយ​លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​សភា​បាន​ដាក់ចេញ​នូវ​ផែនការ​មួយ​ដើម្បី​ចាប់ផ្តើម​ការស៊ើបអង្កេត​អំពី​ទំនាក់ទំនង​ជំនួញ​របស់លោក Trump ជាមួយ​ប្រទេស​រុស្ស៊ី​ដោយ​លើកឡើង​ពី​ភាពភ័យខ្លាច​អំពី​ការលាង​លុយកខ្វក់​និង​ឥទ្ធិពល​បរទេស​ឬ​ឥទ្ធិពល​ហិរញ្ញវត្ថុ​ផ្សេងទៀត​លើ​លោក​ប្រធានាធិបតី Trump​។​

គណៈកម្មាធិការ​របស់​លោក Schiff គ្រោង​នឹង​ស្ដាប់​សក្ខីកម្ម​របស់​អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ប្រធានាធិបតី​គឺ​លោក Michael Cohen ដែល​បាន​ប្រាប់​អ្នកស៊ើប​អង្កេត​រួចទៅហើយ​នូវ​ព័ត៌មាន​ផ្ទៃក្នុង​អំពី​ប្រតិបត្តិការ​នៃ​អាជីវកម្ម​អចលនទ្រព្យ​របស់លោក​ប្រធានាធិបតី​, អង្គការ Trump និង​យុទ្ធនា​ការបោះឆ្នោត​ឆ្នាំ​២០១៦​របស់លោក Trump៕ AFP