ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​កូនភ្លោះ ស៊ិន សុ​ភ័​គ្រ ចេញទៅ​វះកាត់​បន្ទាន់​នៅ​ប្រទេស​ថៃ​ ក្រោយ​ពេទ្យ​ពិនិត្យឃើញថា​ ជំងឺ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​

​ភ្នំពេញ ​៖ តារា​ចម្រៀង​កូនភ្លោះ​ លោក ស៊ិន សុ​ភ័​គ្រ ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ម​ន្ត្រី​នគរបាល​ផង​នោះ ​ថ្មីៗ​នេះ ​បានធ្វើ​ដំណើរ​ទៅធ្វើ​ការវះកាត់​ជំងឺ​នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ នា​ទឹកដី​ប្រទេស​ថៃ​ព្រោះ​ថា​ជំងឺ​របស់​លោក​ គឺ​មិន​អាច​បង្អែបង្អង់​ ឬ​ពន្យារពេល​ទុក​យូរ​បាន​ទៀតឡើយ​។​

តារា​ចម្រៀង​ប្រុស​កូនភ្លោះ​ លោក ស៊ិន សុ​ភ័​គ្រ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​ ដែល​កំពុង​តែ ​ស្ថិតនៅក្នុង​មន្ទី​រពេទ្យ​ នៃ​ប្រទេស​ថៃ​មក​ថា ​ខ្ញុំ​ព្យាបាល​វះកាត់​ជំងឺ​រួចហើយ​។ ប៉ុន្តែ​លោក​ពុំបាន​បញ្ជាក់​ច្បាស់​ទេ​ថា ខ្លួន​មាន​ជំងឺ​អ្វី​រហូត​ចេញទៅ​ធ្វើការ​វះកាត់​នៅ​ប្រទេស​ថៃ​បែបនេះ​ឡើយ ​ខណៈ​ភ្លាមៗ​ ក៏មាន​ទស្សនិកជន​ជាច្រើន​បាន​ផ្ញើ​សារ​សួរនាំ​ និង​ជូនពរ​តារា​ប្រុស​រូបនេះ​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផង​នោះ​។​

បើតាម​ការបញ្ជាក់​តាម​រយៈ​សារ​ឆ្លើយឆ្លង​ហ្វេ​ស​ប៊ុ​ក​មកពី​ប្រទេស​ថៃ​ លោក​ ស៊ិន សុ​ភ័​គ្រ បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា គិត​រហូត​មកទល់ពេលនេះ​ មាន​រយៈពេល​ប្រហែល​៤​ថ្ងៃ​ហើយ ​ដែល​លោក​បាន​មកដល់​ប្រទេស​ថៃ ​ដើម្បី​ព្យាបាល​ជំងឺ​ ដោយហេតុថា​ ជំងឺ​នេះ​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់​សង្គ្រោះ​បន្ទាន់​បើ​មិន​ដូច្នេះ​ទេ​ នឹងមាន​បញ្ហា​រហូតដល់​ជីវិត​មិន​ខាន​។​

តារាចម្រៀង​ លោក ស៊ិន សុ​ភ័​គ្រ បាន​និយាយទៀតថា ​បាទ​បង​ ពេលនេះ​ខ្ញុំ​កំពុងតែ​នៅ​គេង​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​ក្រុង​បាងកក ​ប្រទេស​ថៃ​ ហើយ​ការវះកាត់​នោះ​ក៏បាន​ជោគជ័យ​ផងដែរ​។​ចំពោះ​ជំងឺ​របស់ខ្ញុំ​ ដែល​ត្រូវ​មក​វះកាត់​នៅ​ថៃ​នេះ​ គឺ​ដំបូង​ឡើង​ បណ្តាលមកពី​បញ្ហា​កើត​បូស​អន្ទង់​រហូត​ទុក​យូរ​ពេក ​ក៏​ដំបៅ​រីក​រាលដាល​ស៊ី​ចូលទៅក្នុង​ពោះវៀនធំ​ ហេតុនេះ​បើ​មិន​ប្រញាប់​វះកាត់​ទេ​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

លោក ស៊ិន សុ​ភ័​គ្រ​ បាន​បន្តថា ​លោក​បានចេញ​ដំណើរ​ពី​ខ្មែរ​ ទៅ​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​០៥​កុម្ភៈ និង​ត្រូវបាន​ចូល​វះកាត់​នៅ​មន្ទីរពេទ្យ​នា​ថ្ងៃទី​០៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​ ហើយ​រហូត​មកទល់ពេលនេះ​ជំងឺ​របស់លោក​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​ធ្វើការ​វះកាត់​ដោយ​ជោគជ័យ ​តែ​មិនដឹងថា​ នឹង​អាច​ត្រូវ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ខ្មែរ​វិញ​ពេលណា​នៅឡើយ​ទេ​ ទើប​ធ្វើ​ឲ្យ​តារា​រូបនេះ​ ព្រួយបារម្ភ​លើ​ការងារ​សិល្បៈ​ ព្រោះថា​ថ្ងៃទី​១៤​កម្ភៈ ខាងមុខ ​លោក​នឹងត្រូវ​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី​ផង​នោះ​។​ ដូច្នេះ​ហើយ ​ទើប​លោក​ ក៏​សូម​ការ​អនុគ្រោះ​ និង​យោគយល់​ពី​បណ្ដា​ម្ចាស់​កម្មវិធី​មួយ​ចំនួន​លើ​ករណីនេះ​៕