ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​ជិត​២០​គ្រឿង ប្រដាប់​ដោយ​កាំបិត និង​ដាវ​សា​ម៉ូ​រ៉ៃ ដេញ​កាប់​យុវជន​ម្នាក់​ ​រង​របួស​ធ្ងន់​ដេក​ក្នុង​ថ្លុក​ឈាម​

ភ្នំពេញ​ ៖ យុវជន​ម្នាក់ ​ក្នុងចំណោម​មិត្តភ័ក្ដិ​ចំនួន​៣​នាក់ ​ត្រូវបាន​ស្ទាវ​មួយក្រុម ​មាន​គ្នា​រាប់សិប​នាក់​ជិះ​ម៉ូតូ​ជិត​២០​គ្រឿង ប្រដាប់​ដោយ​កាំបិត និង​ដាវ​សា​ម៉ូ​រ៉ៃ ដេញ​កាប់​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ដេក ដួល​ក្នុង​ថ្លុកឈាម ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ​។​

ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​ជិត​២​រំលងអធ្រាត្រ ​ឈានចូល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ផ្លូវ​លេខ​៦១៤​ ផ្ទះសំណាក់​ស្រែ​លាភ ស្ថិតក្នុង​សង្កាត់​បឹgក​ក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក Honda ICON ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-5338 ឌុប​គ្នា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ចូលមក​ដល់​ចំណុចកើតហេតុ ក៏បាន​ជួប​ក្រុមក្មេងស្ទាវ​មួយក្រុម​ទៀត មាន​គ្នា​ជាច្រើន​នាក់​ជិះ​ម៉ូតូ​ជិត​២០​គ្រឿង ប្រដាប់​ដោយ​កាំបិត និង​ដាវ​សា​ម៉ូ​រ៉ៃ តែ​មិនដឹង​មាន​រឿង​អ្វី​នោះទេ បាននាំគ្នា​ដេញ​កាប់​យុវជន​ទាំង​៣​នាក់​នោះ ហើយក៏​ឮ​សំឡេង​ម៉ូតូ​ជាច្រើន​គ្រឿង ដេញតាម​កាប់​យុវជន​២​នាក់ កំពុង​នាំគ្នា​រត់​ដោយ​មិនដឹងថា កាប់​ត្រូវ​កន្លែង​ណាខ្លះ​នោះដែរ ព្រោះ​ពេល​ក្រុមក្មេងស្ទាវ​ទាំងនោះ នាំគ្នា​ជិះ​ម៉ូតូ​ចេញទៅ​វិញ​អស់ មាន​អ្នកភូមិ​ចេញមក​មើលឃើញ មាន​ឈាម​ដាប​នៅក្បែរ​ម៉ូតូ​ជនរងគ្រោះ ចំណែកឯ​យុវជន​ម្នាក់ទៀត រងរបួស​ធ្ងន់ ត្រូវ​ដៃ​ទាំងសងខាង ដេក​ស្ដូកស្ដឹង ទើប​អ្នកភូមិ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះមក​កន្លែងកើតហេតុ និង​ទាក់ទង​រក​រថយន្ត​សង្គ្រោះបន្ទាន់ ឲ្យ​មក​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ សាកសួរ ប្រជាពលរដ្ឋ និង​ធ្វើ​កំណត់ហេតុ​និង​បាន​យក​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​បឹង​កក់​ទី​២ ដើម្បី​រង់ចាំ​ភាគី​ខាង​រងគ្រោះ យក​ឯកសារ​ពាក់ព័ន្ធ​មក​បញ្ជាក់ និង​ដាក់​ពាក្យបណ្ដឹង ដើម្បី​ទៅ​ដល់​ការស្រាវជ្រាវ តាមរក​បក្ខពួក​ក្រុម​ជនដៃដល់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​៕