ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកភូមិ​មី​យ៉ាន់​ម៉ា​ភៀសខ្លួន​ពី​ការប្រយុទ្ធ​គ្នា​ថ្មី​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ ហើយ​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​

ឆ្មាំ​ព្រំដែន​បង់​ក្លា​ដែ​ស​និង​សកម្មជន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកភូមិ​ជនជាតិភាគតិច​ជាច្រើន​នាក់ ​បាន​ឆ្លងកាត់​ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ចំពេល​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​មី​យ៉ាន់​ម៉ា​និង​ពួក​ឧទ្ទាម​ជនជាតិភាគតិច​រ៉ា​ក់​ឃី​ន​។​

លោក​វរសេនីយ៍ឯក Zahirul Haque Khan មេបញ្ជាការ​ឆ្មាំ​ព្រំដែន​បង់​ក្លា​ដែ​ស (BGB) នៅក្នុង​ស្រុក Bandarban ដែលជា​កន្លែង​មនុស្ស​ចំនួន​១៣៦​នាក់​កំពុង​រស់នៅក្នុង​ជម្រក​បាន​និយាយថា សមាជិក​នៃ​គ្រួសារ​ចំនួន​៣៨​គ្រួ​សារបាន​និយាយថា ពួកគេ​បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​ដោយ​ខ្លាច​ការវាយប្រហារ​ពី​ឧទ្ធម្ភាគចក្រ​យោធា​។

ការប៉ះទង្គិច​គ្នា​រវាង​យោធា​មី​យ៉ាន់​ម៉ា​និង​កងទ័ព Arakan បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង​៥,០០០​នាក់​ភៀសខ្លួន​នៅក្នុង​ផ្នែក​ខ្លះ​នៃ​រដ្ឋ​រ៉ា​ក់​ឃី​ន​និង​រដ្ឋ​ឈី​ន​ចាប់​តាំងពីដើម​ខែធ្នូ​មក​។​

លោក Win Thein ដែលជា​សមាជិក​គណៈកម្មកា​រ​សិ​ទិ្ធ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បង់​ក្លា​ដែ​សបាន​និយាយថា លោក​បាន​ទៅសួរសុខទុក្ខ​ជនភៀសខ្លួន​ដែលជា​សមាជិក​ក្រុម​ជនជាតិភាគតិច Khumi, Cho និង Rakhine នៅក្នុង​ជំរំ​ព្រៃ​ដាច់ស្រយាល​។​

លោក​និយាយថា ពួកគេ​បាន​ឆ្លងដែន​ចូលក្នុង​ប្រទេស​បង់​ក្លា​ដែ​សកាល​ពីថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ចន្ទ​មុន​បន្ទាប់ពី​បាន​រត់គេច​ពី​ភូមិ​ចំនួន​ពីរ​នៅក្នុង​តំបន់ Paletwa របស់​រដ្ឋ​ឈី​ន​ក្រោយពេល​ពួកគេ​ឮស្នូរ​គ្រាប់កាំភ្លើង​និង​ឃើញ​ឧទ្ធម្ភាគចក្រ​ហោះ​ក្បែរ​នោះ​។​

អ្នកភូមិ​ខ្លះ​និយាយថា​ក្រោយមក​ពួកគេ​បានឃើញ​ទាហាន​មី​យ៉ាន់​ម៉ា​លួច​របស់របរ​និង​ដុត​ផ្ទះ​។​
​លោក Win Thein បាន​និយាយទៀតថា ជនភៀសខ្លួន​ជា​កុមារ​មួយចំនួន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​មិនមាន​សិទ្ធិ​ទទួលបាន​ការថែទាំ​សុខភាព​ទេ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព Arakan ក៏បាន​នាំយក​ជនជាតិ​រ៉ា​ក់​ឃី​ន​និង​ជនជាតិភាគតិច​ដទៃទៀត​ចំនួន​២០០​នាក់​រួមទាំង​សិស្សសាលា​៣៨​នាក់​ទៅ​ដែនដី​បង់​ក្លា​ដែ​ស​ផងដែរ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114