ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​អូស្ត្រាលី​ ដែល​ជួយសង្គ្រោះ​ក្មេង​ប្រុស​ថៃ​ជាប់​ក្នុង​រូងភ្នំ ​ បាន​អង្វរករ​សម្រាប់​ជនភៀសខ្លួន​បាល់ទាត់​សញ្ជាតិ​បា​រ៉ែ​ន​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ថា អ្នក​មុជទឹក​អូស្ត្រាលី​ពីរ​នាក់​ដែល​បាន​ជួយសង្គ្រោះ​ក្មេងប្រុស​ថៃ​១២​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ចេញពី​រូងភ្នំ​ បាន​សរសេរ​លិខិត​មួយ​ទៅកាន់​នាយករដ្ឋមន្ត្រី​ថៃ​ដើម្បី​ស្នើសុំ​ឲ្យ​ដោះលែង​កីឡាករ​បាល់ទាត់​សញ្ជាតិ​បា​រ៉ែ​ន​ម្នាក់​ដែល​មាន​ឋានៈ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

ករណី​របស់លោក Hakeem Al Araibi អាយុ​២៥​ឆ្នាំ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​ពី​អន្តរជាតិ​ខណៈ​តុលាការ​ថៃ​កំពុង​ពិចារណា​លើ​សំណើ​ធ្វើ​បត្យាប័ន​ពី​ប្រទេស​បា​រ៉ែ​ន​ដើម្បី​ឲ្យ​គាត់​ទទួលទោស​ជាប់ពន្ធនាគារ​១០​ឆ្នាំ​ទាក់ទង​នឹង​ការបះបោរ Arab Spring កាលពី​ឆ្នាំ​២០១១​។ ទោះបីជា​យ៉ាងណាក៏ដោយ គាត់​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​។​

គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​ក្រុង​បាងកក​កាលពី​ខែវិច្ឆិកា​នៅពេល​គាត់​មកដល់​ប្រទេស​អូស្ត្រាលី​ជាមួយ​ភរិយា​របស់គាត់​ដើម្បី​ក្រេបទឹក​ឃ្មុំ​។ គាត់​និយាយថា គាត់​បាន​ប្រឈមមុខ​នឹង​ការធ្វើ​ទារុណកម្ម​នៅ​ប្រទេស​បា​រ៉ែ​ន​ហើយ​ចង់​វិល​ត្រលប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​ដែលជា​កន្លែង​គាត់​រស់នៅ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​និង​លេង​ឲ្យ​ក្លឹប​បាល់ទាត់​ក្រុង Melbourne​។​

លោក Richard Harris និង​លោក Craig Challen ត្រូវបាន​គេ​ផ្តល់​កិត្តិយស​ថា​ជា​ជនជាតិ​អូស្ត្រាលី​ប្រចាំឆ្នាំ​កាលពី​ខែមករា​សម្រាប់​ការជួយ​សង្គ្រោះ​ក្រុមបាល់ទាត់​យុវជន​និង​ជំនួយការ​គ្រូបង្វឹក​ដែល​ជាប់​នៅក្នុង​រូងភ្នំ Tham Luang របស់​ប្រទេស​ថៃ​កាលពី​ខែកក្កដា​។​

ឥឡូវនេះ​ពួកគេ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​មួយ​ដែល​កំពុងមាន​កម្លាំង​ខ្លាំង​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក Araibi ដោយ​ពួកគេ​បាន​សរសេរ​លិខិត​មួយច្បាប់​ទៅ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ចា​។​

លោក Challen បាន​បញ្ជាក់ថា លិខិត​មួយ​ត្រូវបាន​ផ្ញើ​ទៅ​ប៉ុន្តែ​បាន​បដិសេធ​ផ្តល់ព័ត៌មាន​បន្ថែមទៀត​នៅពេលដែល​រ៉​យ​ទ័​រ​ទាក់ទង​ទៅ​គាត់​នៅ​ថ្ងៃ​សៅរ៍​។​
​អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី​ថៃ​ក៏​មិនអាច​ទាក់ទង​បាន​ភ្លាមៗ​ផងដែរ​។​

ចំណែក​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី Marise Payne មិន​ធ្វើ​អត្ថាធិប្បាយ​លើ​លិខិត​នេះ​ទេ​នៅពេល​ត្រូវបាន​សាកសួរ​ដោយ​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​ប៉ុន្តែ​បាន​និយាយថា រដ្ឋាភិបាល​កំពុង​តាមដាន​នីតិវិធី​ច្បាប់​និង​ជួយ​ដល់​មេធាវី​ការពារ​ក្តី​របស់លោក Araibi៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114