ព័ត៍មានទាន់​ហេតុការណ៏
Search

បេសកជន​អាមេរិក​នឹង​ជួប​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ម្តងទៀត​មុន​កិច្ចប្រជុំ​កំពូល ត្រាំ​-​គីម

ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នឹង​ជួបគ្នា​សម្រាប់​កិច្ចប្រជុំ​កំពូល​ជា​លើក​ទី​២​នៅ​ទីក្រុង​ហាណូយ​ ខណៈ​ការ​ត្រៀម​រៀបចំ​បាន​ចាប់ផ្តើម​សម្រាប់​កិច្ចចរចា​សន្តិភាព​នេះ​។​

លោក ត្រាំ បានប្រកាស​ពី​ទីតាំង​ពិតប្រាកដ​នៅលើ​បណ្តាញ​សង្គម Twitter សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ​បន្ទាប់ពី​មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​ដែល​លោក​បាន​សរសើរ​ថា​ជា​កិច្ចចរចា​ប្រកបដោយ​ផ្លែផ្កា​រវាង​អ្នកការទូត​មកពី​ប្រទេស​ទាំងពីរ​។​

លោក​ត្រាំ​បាន​និយាយថា “​តំណាង​របស់ខ្ញុំ​ទើបតែ​ចាក​ចេញពី​ប្រទេស​កូរ៉េខាងជើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​ប្រកបដោយ​ផ្លែផ្កា​ហើយ​ព្រមព្រៀង​លើ​ពេលវេលា​និង​កាលបរិច្ឆេទ​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ជាមួយ​លោក​គីម​ជុង​អ៊ុន​។ វា​នឹង​ធ្វើឡើង​ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​២៧​និង​២៨​ខែកុម្ភៈ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​លោក​ប្រធាន​គីម​និង​ជំរុញ​សន្តិភាព​!”​។​

ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ប្រេសិត​ពិសេស​របស់​អាមេរិក​ស​ម្រា​ប់​ប្រទេស​កូរ៉េខាងជើង​នឹង​ជួប​ជាមួយ​ក្រុមមន្ត្រី​ក្រុង​ព្យុងយ៉ាង​ជាថ្មី​ម្តងទៀត​មុន​កិច្ចពិភាក្សា ត្រាំ​-​គីម​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការបរទេស​បាន​និយាយថា កិច្ចពិភាក្សា​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់លោក Stephen Biegun បាន​ស្វែងរក​ការប្តេជ្ញាចិត្ត​របស់លោក​ត្រាំ​និង​លោក​គីម​សម្រាប់​ការរំសាយ​នុយក្លេអ៊ែរ​យ៉ាង​ពេញលេញ ផ្លាស់ប្តូរ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​និង​កសាង​សន្តិភាព​យូរអង្វែង​មួយ​នៅលើ​ឧបទ្វីប​កូរ៉េ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​លោក Noh Kyu-duk បាន​ប្រាប់ AFP ថា លោក Biegun បាន​ចុះចត​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក Osan កាលពី​យប់​ថ្ងៃ​សុក្រ​។​

ក្រសួងការបរទេស​បាន​បញ្ជាក់ថា លោក Biegun បាន​យល់ព្រម​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​លោក Kim Hyok Chol ជាថ្មី​ម្តងទៀត​មុនពេល​កិច្ចចរចា​របស់​មេដឹកនាំ​ទាំងពីរ​។​

កូរ៉េខាងជើង​មិនទាន់​បានផ្តល់​ការបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​អំពី​កិច្ចប្រជុំ​កំពូល​នេះ​ទេ​ហើយ​លោក​គីម​ជុង​អ៊ុន​មិនបាន​លើកឡើង​ពី​បញ្ហា​នេះឡើយ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ពេលមុន​ជាមួយ​ក្រុម​មេទ័ព​កំពូលៗ​របស់​កងទ័ព​ប្រជាជន​កូរ៉េ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114