ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Guaido ប្រកាន់​គំនិត​ចង់​ឲ្យ​មាន​អន្តរាគមន៍​របស់​អាមេរិក​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Juan Guaido បាន​បដិសេធ​ច្រានចោល​ចំពោះ​លទ្ធភាព​នៃ​ការអនុញ្ញាត​ឲ្យ​មាន​អន្តរាគមន៍​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី Nicolas Maduro ចុះ​ចេញពី​អំណាច​និង​កាត់បន្ថយ​វិបត្តិ​មនុស្សធម៌។

ប្រមុខ​រដ្ឋសភា​លោក Guaido បាន​ប្រាប់ AFP ថា លោក​នឹងធ្វើ​គ្រប់បែបយ៉ាង​ដែល​ចាំបាច់​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ថ្វីបើ​លោក​ទទួលស្គាល់ថា អន្តរាគមន៍​របស់​អា​មេ​រិ​ក​គឺជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​ក៏ដោយ​។​

មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​បានចាប់ផ្តើម​ការប៉ុនប៉ង​ដើម្បី​បណ្តេញ​លោក Maduro កាលពី​ខែ​មុន​ដោយ​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។ ទង្វើ​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​ចំនួន​៤០​ផ្សេងទៀត​រាប់បញ្ចូល​ទាំង​ប្រទេស​ចំនួន​២០​មកពី​សហភាព​អឺរ៉ុប​ផងដែរ​។​

ក្រោម​ការគ្រប់គ្រង​រប​ស់លោក Maduro, សេដ្ឋកិច្ច​របស់​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​បាន​ដួលរលំ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ត្រូវ​រង​ការប៉ះពាល់​ដោយ​អតិផរណា វិបត្តិ​សេដ្ឋកិច្ច​និង​កង្វះខាត​នូវ​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​ដូចជា​ម្ហូបអាហារ​និង​ឱសថ​ជាដើម​។​

លោក Guaido កំពុង​ព្យាយាម​នាំយក​ស្បៀងអាហារ​និង​ឱសថ​មកពី​សហរដ្ឋអាមេរិក​ចូលក្នុង​ប្រទេស​ប៉ុន្តែ​ការផ្គត់ផ្គង់​ត្រូវបាន​ជាប់គាំង​នៅក្នុង​ឃ្លាំង​របស់​ប្រទេស​កូ​ឡុំ​ប៊ី​ដោយសារតែ​យោធា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​រារាំង​ការចូល​របស់​ពួកគេ​។​

មុននេះ លោក Maduro បាន​ប្ដេជ្ញា​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌​ក្លែងក្លាយ​ចូល​ទេ​និង​អះអាងថា វិបត្ដិ​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវបាន​ប្រឌិត​ឡើង​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ការធ្វើអន្តរាគមន៍​រប​ស់​ខ្លួន​។​

លោក Guaido បាន​និយាយថា មនុស្ស​ចំនួន​៣០០,០០០​នាក់​អាច​ស្លាប់​ប្រសិនបើ​ជំនួយ​ដែល​ត្រូវការ​ចាំបាច់​មិនបាន​ចូលក្នុង​ប្រទេស​នេះ​ទេនោះ​។ ហើយ​លោក​បាន​និយាយទៀតថា ការប៉ុនប៉ង​លើកដំបូង​ដើម្បី​នាំយក​ជំនួយ​ចូល​គួរតែ​ត្រូវបាន​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ​។​

គួរ​បញ្ជាក់ថា បញ្ហា​សេវាសាធារណៈ​ដូចជា​ទឹក អគ្គិសនី​និង​ការដឹកជញ្ជូន​គឺ​ស្ថិតក្នុង​ចំណោម​បញ្ហា​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ហើយក៏​មានការ​ខ្វះខាត​វេជ្ជបណ្ឌិត​និង​ការផ្គត់ផ្គង់​ថ្នាំពេទ្យ​នៅតាម​មន្ទីរពេទ្យ​ផងដែរ​៕ AFP