ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump មិន​អើពើ​នឹង​ពេលវេលា​កំណត់ ​ខណៈ​មាន​សម្ពាធ​ថ្មី​លើ​ការស្លាប់​លោក Khashoggi

លោក​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃ​សុក្រ​ហាក់ដូចជា​មិន​អើពើ​ចំពោះ​កាលកំណត់​របស់​សភា​អាមេរិក​ដើម្បី​កំណត់ថា​តើន​រណា​ជា​អ្នកបញ្ជា​ឲ្យ​ធ្វើឃាត​លោក Jamal Khashoggi ទេ​ចំពេល​មានការ​លាតត្រដាង​ថ្មី​ថា រាជទាយាទ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មានបន្ទូលថា​នឹង​តាម​ចាប់​អ្នកកាសែត​រូបនេះ​ដោយ​គ្រាប់កាំភ្លើង​។​

ខណៈ​សម្ពាធ​កំពុង​កើនឡើង​កាន់តែខ្លាំង​លើ​ទីក្រុង​វ៉ាស៊ីនតោន​និង​រី​យ៉ា​ដ​នោះ ប្រធានាធិបតី​អាមេរិក​បានមក​ដល់ពេល​កំណត់​ហើយ​ដើម្បី​បញ្ជាក់​ពី​អ្នកទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​អ្នកកាសែត Washington Post ដែល​ត្រូវបាន​រឹត​.​ក​និង​បំបែក​សាកសព​ដោយ​ភ្នាក់ងារ​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​នេះ​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​ខែតុលា​។​

ពេលវេលា​កំណត់​នេះ​ត្រូវ​បានដាក់​ដោយ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ដែល​បាន​សរសេរ​ទៅ​លោក​ប្រធានាធិបតី​កាលពី​ថ្ងៃទី​១០​ខែតុលា​ដោយ​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការសម្លាប់​នេះ​។​

ក្រោម​ច្បាប់​គណនេយ្យភាព​សិទ្ធិមនុស្ស​, លិខិត​នេះ​បានផ្តល់​ពេល​១២០​ថ្ងៃ​ដល់​លោក​ប្រធានាធិបតី​ដើម្បី​កំណត់​និង​ដាក់ទណ្ឌកម្ម​អ្នក​ដែល​ទទួលខុសត្រូវ​។ ប៉ុន្តែ​មិនមាន​សកម្មភាព​ច្បាស់លាស់​ត្រូវបាន​គេ​រំពឹងទុក​ពី​រដ្ឋបាល​នេះ​ទេ​កាលពី​ថ្ងៃ​សុក្រ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុង​វ៉ាស៊ីនតោន​បាន​ចាត់វិធានការ​រួចទៅហើយ​។ ក្រសួង​បាន​អះអាង​បែបនេះ​ដោយ​ចង្អុលបង្ហាញ​ដល់​ការដកហូត​ទិដ្ឋាការ​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ជិត​ដប់​ពីរ​នាក់​និង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មនុស្ស​១៧​នាក់​ផ្សេងទៀត​កាលពី​ឆ្នាំមុន​។​

សមាជិកសភា​ខ្លះ​បានប្រកាស​ជា​សាធារណៈ​ថា ពួកគេ​សង្ស័យថា រាជទាយាទ​ដ៏​មាន​ឥទ្ធិពល Mohammed bin Salman គឺជា​អ្នកទទួលខុសត្រូវ​ដោយផ្ទាល់​ចំពោះ​ការសម្លាប់​នេះ​ដោយ​ផ្អែកលើ​សេចក្តីសន្និដ្ឋាន​របស់​CIA​។​

ហើយ​សមាជិក​ព្រឹទ្ធសភា​ទាំងពីរ​គណបក្ស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានស្នើ​ឡើង​នូវ​ច្បាប់​មួយ​ដែល​នឹង​កាត់បន្ថយ​ការលក់​អាវុធ​មួយចំនួន​ហើយ​ទាមទារ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​រូប​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក Khashoggi ។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បានលើកឡើង​ពី​ករណី​ឃាតកម្ម​លោក Khashoggi ក្នុងចំណោម​បញ្ហា​ដទៃទៀត​អំឡុង​កិច្ចប្រជុំ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អារ៉ាប៊ីសាអ៊ូឌីត​លោក Adel al-Jubeir៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114