ព័ត៍មានទាន់​ហេតុការណ៏
Search

បេសកជន​អាមេរិក​ក្នុង​កិច្ចចរចា​តា​លី​បង់ ​កំពុង​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​មុន​ការបោះឆ្នោត​ខែកក្កដា

អ្នកការទូត​អាមេរិក​ដែល​ដឹកនាំ​ការពិភាក្សា​ជាមួយ​ក្រុម​តា​លី​បង់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​សង្ឃឹម​ថា នឹង​បានឃើញ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ខែកក្កដា។

លោក Zalmay Khalilzad អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការដក​កងទ័ព​រប​ស់​សហរដ្ឋអាមេរិក​នឹង​ពឹង​ផ្អែកលើ​លក្ខខណ្ឌ​នៅលើ​ដី​ហើយ​មិនមែន​ទៅតាម​កាលវិភាគ​ជាក់លាក់​ណាមួយ​នោះទេ​។​

កិច្ចពិភាក្សា​នេះ​បានធ្វើ​ឡើងខណៈ​លោក​ប្រធានាធិបតី Donald Trump ជំរុញ​ឲ្យ​បញ្ចប់​ជម្លោះ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​នៅ​ទីនោះ ទាហាន​អាមេរិក​ប្រហែល​១៤,០០០​នាក់​នៅតែ​ត្រូវបាន​ដាក់ពង្រាយ​ហើយ​មាន​ជន​ស៊ីវិល​និង​យោធា​រាប់ពាន់នាក់​បាន​ស្លាប់​។​

លោក Khalilzad បាន​ប្រាប់​ទស្សនិកជន​នៅ​វិទ្យាស្ថាន​សន្តិភាព​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា “​ពេលវេលា​នៃ​ដំណោះស្រាយ​សន្តិភាព​ចេញពី​ទស្សនៈ​របស់​យើង​គឺ​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ​។ មានការ​បោះឆ្នោត​មួយ ខ្ញុំ​ដឹងថា ការ​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​គឺមាន​ភាពស្មុគស្មាញ​ខ្លាំងណាស់​។ ប៉ុន្តែ​វា​នឹង​កាន់តែ​ល្អប្រសើរ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រសិនបើ​យើង​អាច​ទទួលបាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​មុន​ការបោះឆ្នោត​”​។​

ការបោះឆ្នោត​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​ដើមឡើយ​ត្រូវបាន​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២០​ខែមេសា​ប៉ុន្តែ​ត្រូវបាន​ពន្យារ​រយៈពេល​បី​ខែ​ដោយសារតែ​ការចរចា​សន្តិភាព​នៅតែ​បន្ត​។ លោក​ប្រធានាធិបតី Ashraf Ghani ដែល​ជាប់ឆ្នោត​ក្នុង​ឆ្នាំ​២០១៤​កំពុង​ស្វែងរក​អាណត្តិ​ទី​ពីរ​។​

កាលពី​សប្តាហ៍​មុន លោក Khalilzad បានប្រកាស​ពី​គម្រោង​ព្រាង​មួយ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​បើទោះបីជា​លោក​បាន​ព្រមាន​ថា ឧបសគ្គ​ចម្បងៗ​នៅតែមាន​ក៏ដោយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​រិះគន់​មានការ​សង្ស័យ​ចំពោះ​ហេតុផល​មួយចំនួន​ដោយសារតែ​ការចរចា​នេះ​មិនទាន់​រួមបញ្ចូល​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ក្រុម​តា​លី​បង់​ចាត់ទុកថា​ជា​អាយ៉ង​ដែល​គាំទ្រ​ដោយ​អាមេរិក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114