ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​ជី​ហាដ​និយម​ទទួលទោស​ជាប់គុក​មួយ​ជីវិត​ សម្រាប់​ការវាយប្រហារ​ឆ្នាំ​២០១៥​លើ​អ្នកទេសចរ​ក្នុងប្រទេស​ទុយ​នេ​ស៊ី

រដ្ឋអាជ្ញា​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា តុលាការ​ទុយ​នេ​ស៊ី​ បាន​កាត់ទោស​ជន​ជី​ហាដ​និយម​ចំនួន​ប្រាំពីរ​នាក់​ឲ្យ​ជាប់គុក​មួយ​ជីវិត​សម្រាប់​ការវាយប្រហារ​នៅ​សារមន្ទីរ​មួយ​ និង​លើ​ឆ្នេរ​ខ្សាច់​កាលពី​ឆ្នាំ​២០១៥​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​៦០​នាក់​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ។

ជនជាប់ចោទ​ជាច្រើន​នាក់​បាន​ប្រឈមមុខ​នឹង​ការកាត់ក្តី​ចំនួន​ពីរ​ដាច់ដោយឡែក​ពីគ្នា​ជុំវិញ​ការបាញ់ប្រហារ​ដែល​បាន​កើតឡើង​ចន្លោះ​គ្នា​ប៉ុន្មាន​ខែ​នៅក្នុង​ទីក្រុង Tunis និង Sousse ប៉ុន្តែ​ភាគច្រើន​ត្រូវបាន​គេ​ដោះលែង​។​

មនុស្ស​ចំនួន​៣​នាក់​ត្រូវបាន​កាត់ទោស​ជាប់គុក​មួយជីវិត​ពីបទ​ឃាតកម្ម​ពាក់ព័ន្ធ​ការវាយប្រហារ​លើក​ទី​១​កាលពី​ខែមីនា​ឆ្នាំ​២០១៥​នៅ​សារមន្ទីរ Bardo របស់​រដ្ឋធានី​ដែល​ក្នុងនោះ​ខ្មាន់កាំភ្លើង​២​នាក់​បានសម្លាប់​អ្នកទេសចរ​បរទេស​ចំនួន​២១​នាក់​និង​ឆ្មាំសន្តិសុខ​ទុយ​នេ​ស៊ី​ម្នាក់​។​

មនុស្ស​ចំនួន​បួន​នាក់​បាន​ទទួលទោស​ដូចគ្នានេះ​សម្រាប់​ការបាញ់ប្រហារ​នៅ​រមណីយដ្ឋាន​ទេសចរណ៍ Sousse ក្នុង​ខែមិថុនា​ឆ្នាំ​នោះ​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៣៨​នាក់​ភាគច្រើន​ជា​អ្នកទេសចរ​អង់គ្លេស​។​

អ្នកនាំពាក្យ​រដ្ឋអាជ្ញារ​ឈ្មោះ Sofiene Sliti បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ចុងចោទ​ផ្សេងទៀត​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​ចន្លោះ​ពី​៦​ទៅ​១៦​ឆ្នាំ​។​

តុលាការ​បាន​ឲ្យ​ដឹងថា ការវាយប្រហារ​ទាំងពី​រ​នេះ​ដែល​ត្រូវបាន​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម (IS) គឹ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​។​

ចុងចោទ​ជាច្រើន​នាក់​បានចង្អុលបង្ហាញ​ថា ជនល្មើស​ឈ្មោះ Chamseddine Sandi គឺជា​មេក្លោង​នៃ​ការវាយប្រហារ​ទាំងពីរ​។​

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទុយ​នេ​ស៊ី​បាន​ឲ្យ​ដឹងថា លោក Sandi ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ពី​អាកាស​របស់​សហរដ្ឋអាមេរិក​នៅ​ប្រទេស​លី​ប៊ី​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៦​បើទោះបីជា​មិនមាន​ការបញ្ជាក់​ណាមួយ​ក៏ដោយ​។​

គួរ​បញ្ជាក់ថា ក្នុងចំណោម​អ្នក​ដែល​កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស​ក៏​រួមមាន​បុគ្គលិក​សន្តិសុខ​ចំនួន​ប្រាំមួយ​នាក់​ផងដែរ​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​មិនបាន​ផ្តល់ជំនួយ​ដល់​ប្រជាជន​ដែល​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​អំឡុងពេល​នៃ​ការវាយប្រហារ​នៅ​ទីក្រុង Sousse៕ AFP