ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ថៃ​ គោរព​តាម​ព្រះ​រាជបញ្ជា​ប្រឆាំងនឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ម្ចាស់​ក្សត្រី

គណបក្សនយោបាយ​ថៃ ​នឹង​គោរព​តាម​បញ្ជា​របស់​ព្រះមហាក្សត្រ​ ដែល​រារាំង​បេក្ខភាព​របស់​ម្ចាស់​ក្ស​ត្រី​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដែល​បង្ហាញ​ពី​ការប្រែប្រួល​យ៉ាងខ្លាំង​មួយថ្ងៃ​បន្ទាប់ពី​ព្រះ​នាង​ប្រកាស​ពី​ការ​ឈរឈ្មោះ​។​
​គណបក្ស​បាន​និយាយ​នៅក្នុង​សារ​តាម LINE មួយ​ផ្ញើ​ទៅ​អ្នកយកព័ត៌មាន​ថា “​គណៈបក្ស​ថៃ​រក្សា​ជាតិ​សូម​គោរព​តាម​ព្រះរាជ​បញ្ជា​”​។​

សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា គណបក្ស​នេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​គោរព​តាម​ទំនៀមទម្លាប់​និង​ប្រពៃណី​របស់​រាជវង្ស​ក្រោម​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​រប​ស់​ប្រទេស​ថៃ​។​

ការប្រកាស​នេះ​បានធ្វើ​ឲ្យ​ការប៉ុនប៉ង​មិន​ធ្លាប់មាន​ពីមុនមក​របស់​ម្ចាស់​ក្ស​ត្រី Ubolratana សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​ខែមីនា​ត្រូវ​លែងមាន​ប្រសិទ្ធភាព​ហើយ​បាន​កើតឡើង​បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​បេក្ខភាព​របស់​ព្រះ​នាង​ពី​សំណាក់​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn​។​

គណបក្ស​ថៃ​រក្សា​ជាតិ​បានប្រកាសថា ម្ចាស់​ក្ស​ត្រី​អង្គ​នេះ​ជា​បេក្ខជន​របស់​ពួកគេ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នៅក្នុង​ទង្វើ​មួយ​ដែល​បង្ក​ឲ្យ​មាន​ស្ថានភាព​តានតឹង​និង​គំរាមកំហែង​ដល់​មហិច្ឆតា​របស់រប​ប​យោធា​ដែល​បាន​គ្រប់គ្រង​ប្រទេស​ថៃ​ចាប់តាំងពី​ពួកគេ​បាន​ផ្តួលរំលំ​រដ្ឋបាល​របស់លោក​ស្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​

ប៉ុន្តែ​ព្រះមហាក្សត្រ​ថៃ​បាន​ថ្កោលទោស​ការប៉ុនប៉ង​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដោយ​ទ្រង់​មានបន្ទូលថា ការនាំ​សមាជិកគ្រួសារ​រាជវង្ស​ជាន់ខ្ពស់​ចូលទៅក្នុង​ឆាកនយោបាយ​គឺជា​ការ​ប្រឆាំងនឹង​ប្រពៃណី វប្បធម៌​ជាតិ​និង​មិន​សមរម្យ​ជាទីបំផុត​។​

ប្រទេស​ថៃ​មានច្បាប់​ស្តីពី​ព្រះមហាក្សត្រ​ដ៏​តឹងរ៉ឹង​បំផុត​នៅក្នុង​ពិភពលោក​ហើយ​បន្ទូល​របស់​ស្តេច​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​សម្រេច​ចុងក្រោយ​។​

ប្រទេស​ថៃ​គឺ​ប្រកាន់​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ហើយ​មិនមាន​រាជវង្ស​ណាមួយ​គ្រប់គ្រង​តំណែង​ជួរមុខ​ទេ​ចាប់តាំងពី​ឆ្នាំ​១៩៣២​មក​៕ AFP