ព័ត៍មានទាន់​ហេតុការណ៏
Search

ល្បី​ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា ណាត់​ក្រុម​ជ្រើស​ជាតិ​បង់​ក្លា​ដេ​ស ប្រកួត​មិត្តភាព​អន្តរជាតិ

មាន​ដំណឹង​ច្បាស់ការ​មួយ​ថា​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ធ្វើ​ការ​ណាត់​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដេ​ស ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវការ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ដើមខែ​មីនា ឆ្នាំ​២០១៩​ខាងមុខ ខណៈ​ក្រុម​ជម្រើសជាតិ​កម្ពុជា មិនមាន​សកម្មភាព​អ្វី​ទាល់តែសោះ​ក្រោយ​ផុត​បេសកកម្ម​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF Suzuki Cup 2018 កាលពី​ចុងខែ​ធ្នូ កន្លងទៅ​។

កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ ទំនងជា​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩​ខាង តែ​មិនទាន់​កំណត់​ទីតាំង​ប្រកួត​នៅឡើយ​នោះ​ទេ​។ សូម​រំលឹក​ថា បើ​យោង​តាម​តារាង​ចំណាត់ថ្នាក់​ប្រចាំ​ពិភពលោក​ប្រចាំខែ​កុម្ភៈ ថ្មីៗ​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១៧២ ខណៈ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដេ​ស កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១៩២​។

សូម​រំលឹក​ថា ​ក្រុម​បង់​ក្លា​ដេ​ស ជា​ក្រុម​ស្ថិតនៅ​ទ្វីបអាស៊ី​ភាគ​ខាងត្បូង ខណៈ​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្លាប់​បាន​ប្រកួត​ជាមួយ​ក្រុម​បង់​ក្លា​ដេ​ស ផ្លូវការ​ចំនួន​៣​លើក​មក​ហើយ គឺ​នៅ​លើក​ទី​១ នៅ​ខែមេសា ឆ្នាំ​២០០៦ ដោយ​កាលនោះ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Challenge Cup តែ​កម្ពុជា បាន​បរាជ័យ​ដោយ​លទ្ធផល ២​ទល់​១ តែ​នៅ​ឆ្នាំ​២០០៧ ក្រុម​ទាំង​២​ប៉ះ​គ្នា​ម្តង​ទៀត ក្នុង​ពានរង្វាន់ Nehru Cup ក្នុង​ប្រទេស​ឥណ្ឌា លើ​ទីលាន​កីឡដ្ឋាន Dr. Ambedkar Stadium ក្នុង​ទីក្រុង New Delhi ខណៈ​ការប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា​១​ទល់​១​។ ចុងក្រោយ​នៅ​ឆ្នាំ​ខែមេសា ឆ្នាំ២០០៩ ក្រុម​ទាំង​២​ប៉ះ​គ្នា​ជា​លើក​ចុង​ក្រោយ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​ក្រុម​បង់​ក្លា​ដេ​ស បន្ត​ជ័យជម្នះ​ដោយ​លទ្ធផល​១​ទល់​០​។

ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុងតែ​ដឹកនាំ​ដោយ​លោក Keisuke Honda ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា មក Honda​និង​ដៃស្តាំ​របស់​ខ្លួន​គឺ​លោក Felix កាន់ការ​ជា​គ្រូបង្វឹក​។ ក្រោម​ការគ្រប់គ្រង​ផ្ទា​ល់ពី​អ្នក​ទាំង​២​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​លើ​ឆាក​អន្តរជាតិ​ចំនួន​៧​ប្រកួត​មក​ហើយ​ចាញ់​ម៉ាឡេស៊ី ៣​ទល់​១ និង​ស្មើគ្នា​ជាមួយ​ទី​ម័​រ​ខាងកើត ២​ទល់​២ និង​បន្ត​ចាញ់​សឹង្ហ​បុរី ២​ទល់​១ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ខណៈ​នៅក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ១​ទល់​០ បន្ត​ចាញ់​មី​យ៉ាន់​ម៉ា ៤​ទល់​១ តែ​ឈ្នះ​ឡាវ ៣​ទល់​១ និង​ចុងក្រោយ​ចាញ់​វៀតណាម ៣ទល់០ ក្នុង​វគ្គជម្រុះ​តាម​ពូល​៕