ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ហា​របួស​ធ្វើ​ឲ្យ​ក្លិប​យក្ស​ថៃ Buriram United ជម្រុះ ច្រឹង ពលរដ្ឋ ចេញពី​បញ្ជី​?

កីឡាករ ច្រឹង ពលរដ្ឋ ខ្សែបម្រើ​កណ្ដាល​ប្រចាំ​ក្រុម​ក្រសួងការពារជាតិ ដែល​ជា​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ត្រូវ​បាន​ក្លិប​ធំជាងគេ​នៅ​ប្រទេស​ថៃ​គឺ Buriram United ប្រកាស​ចុះ​កិច្ច​សន្យា​នាំយកទៅ​ចូលរួម​ក្រុម​កាលពីដើម​សីហា ឆ្នាំ​២០១៨ កន្លង​ទៅក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​២​ឆ្នាំ​។

​កីឡាករ ច្រឹង ពលរដ្ឋ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៨ ផងដែរ ខណៈ​រូបគេ​នៅ​មិនទាន់​ជា​ដាច់​ពីរ​បួស​នៅឡើយ​នោះ​ទេ​។ រំលង​បាន​១​ថ្ងៃក្រោយ​ទៅដល់​ក្លិប Buriram United កីឡាករ​រូប​នេះ​បាន​ត្រឡប់​មក​កម្ពុជា វិញ​បន្ទាប់ពី​ក្លិប​ឲ្យ​មក​សំរាក​ព្យាបាល​រយះ​របួស​ឲ្យ​ជាសះស្បើយ​ក្នុង​រយៈពេល​៣​ខែ និង​ហ្វឹកហាត់​ដោយ​ខ្លួនឯង រហូតដល់​ជាសះស្បើយ​១០០ភាគរយ​សិន រួច​ខាង​ក្លិប​Buriram​ នឹង ​តាមដាន​បន្តទៀត​ថា ​តើ​គេ​អាច​ជា​សះ​ដូចដើម​ទាន់​រដូវ​កាល​ថ្មី​របស់​លី​គ​កំពូល​ថៃ​ឬទេ​?

​ជំនាន់​នោះ​ក្លិប Buriram United បាន​ប្រកាស​ថា ​ការចុះកិច្ចសន្យា​ជាមួយ ច្រឹង ពលរដ្ឋ គឺ​ដើម្បី​បំពេញ​កៅអី​កូតា​អាស៊ាន​នៅក្នុង​លី​គ​កំពូល​ប្រទេស​ខ្លួន ពោល​គឺ​ក្លិប​នីមួយៗ​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ​តំបន់​អាស៊ាន​ម្នាក់ តំបន់​អាស៊ី​ម្នាក់​និង​៣​នាក់​ផ្សេងទៀត​មិន​កំណត់​ជាតិ​សាសន៍​។ ច្រឹង ពលរដ្ឋ កាលនោះ​ល្បី​ថា​នឹង​ទទួល​បាន​ប្រាក់កម្រៃ​ប្រមាណ​ជាង​៥​ពាន់​ដុល្លារ ក្នុង​មួយ​ខែ បូក​ទាំង​រថយន្ដ​មួយ​គ្រឿង និង​ខុន​ដូ​១​ទៀត សម្រាប់​រស់នៅ​ប្រកប​អាជីព​ទៅនោះ​។

យ៉ាង​ណា​ក្តី​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ថៃ នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់ៗ​នេះហើយ ខណៈ​ក្លិប Buriram United កំពុងតែ​ធ្វើតេស្ត​សមត្ថភាព​កីឡាករ​៣​នាក់​ក្នុង​តំបន់​អាស៊ាន​៣​រូប ដើម្បី​បំពេញ​កៅអី​ដែល​ទំនេរ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​។ កីឡាករ​ទាំង​៣​នាក់​នោះ​មាន​កីឡាករ Javier Patiño​និង​Stephan Palla របស់​ហ្វីលីពីន និង​កីឡាករ Lương Xuân Trường របស់​ប្រទេស​វៀតណាម​។

សូម​បញ្ជាក់​ថា ច្រឹង ពលរដ្ឋ ធ្លាប់​មាន​ពាក្យចចាមអារ៉ាម​ថា​ ក្លិប​បាល់ទាត់ Chonburi FC ដែលជា​សមាជិក​នៃ​លី​គ​កំពូល​ប្រទេស​ថៃ តាម​ប្រមាញ់​យក​ទៅ​ចូលរួម​ក្រុម ក្រោយ​ចប់​ស៊ី​ហ្គេម​ឆ្នាំ២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី តែ​ក្រោយមក​ព័ត៌មាន​នេះ​ក៏​ស្ងប់​ទៅវិញ​។ មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ចាប់ផ្តើម​ក៏មាន​ដំណឹង​មកពី​ប្រទេស​សិង្ហ​បុរី មាន​ក្លិប​តាម​ចាប់អារម្មណ៍​កីឡាករ​រូបនេះ​ដែរ តែ​ក៏​ស្ងប់ស្ងាត់​ជា​បន្ត​ទៀត​។ រួច​ក៏​បរាជ័យ​ក្នុង​ការផ្ទេរ​ទៅកាន់​ក្លិប​ចំណូល​ថ្មី​វិសាខា ផងដែរ និង​ចុងក្រោយ​លេច​ឮថា​ មាន​ក្លិប​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មក​ទាក់ទង​ដែរ​ តែ​មិន​មាន​ដំណឹង​បន្ថែម​។

កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​ ធ្លាប់ជា​សមាជិក​ក្នុង​ក្រុម​យុវជន​ថ្នាល​ប្រចាំ​ក្លិប​ព្រះខ័ន​រាជ (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) ហើយ​រូបគេ​ត្រូវ​បាន​លោក សំ វ៉ាន់​ដេ​ត ដាក់ឈ្មោះ​ក្នុង​ក្រុម​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) រហូត​ចាប់ពី​ឆ្នាំ​២០១៥​ដល់​បច្ចុប្បន្ន​រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​។ កីឡាករ​រូប​នេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី U16,U19,U22 និង​ជម្រើស​ជាតិ​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114