ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី​ជាង​១០០​ គ្រឿង ត្រូវ​បាន​ចៅហ្វាយក្រុង​ហៅ​ព្រមាន​ទាំង​ព្រឹក​

ប៉ោយប៉ែត​ ៖ ​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​មាន​ចំនួន​ជាង 100 គ្រឿង​នោះ ត្រូវបាន​លោក​អភិបាលក្រុង​ប៉ោយប៉ែត​កោះហៅ​មក​ណែនាំ​ទាំង​ព្រឹក ដោយសារតែ​រថយន្ត​ដឹក​ដី​ខាងលើ​នោះ បាន​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរាចរ​ទៅ​មក​លើ​ផ្លូវជាតិ​ជាប្រចាំ​កន្លង​ទៅ ​ហើយ​មក​ដល់​ពេល​នេះ​ក៏​នៅតែ​មាន​អ្នក​រងគ្រោះ​ថ្នាក់​ដោយសារ​តែ​រអិល​ម៉ូតូ​ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ 5​ទៅ​ក្នុង​វាលស្រែ​របស់​អ្នកស្រុក​ជា​បន្តបន្ទាប់​ផងដែរ។

នៅវេលា​ម៉ោង 9និង 10 នាទី​យប់ ក្នុង​ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2019​កន្លង​ទៅ​នេះ ​គឺមាន​ភ្លៀង​ធ្លាក់​កក់ខែ​មួយ​ប្រាវ ធ្វើអោយ​អាចម៍ដី​ដែល​ជ្រុះ​នៅលើ​ផ្លូវជាតិ​លេខ 5 នោះ​បែក​ភក់ ពេញ​នៅ​លើ​ផ្លូវជាតិ​តែម្តង។ ប្រការនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ម៉ូតូ​ធ្វើ​ចរាចរ​ទៅមក​លើ​ផ្លូវ​ជាតិ​ខាងលើ​នោះ បាន​រង​នូវ​ការ​រអិល​ធ្លាក់​ជា​បន្តបន្ទាប់​រហូត​មាន​ចំនួន​ជាង​25 គ្រឿង ឯណោះ ឯ​ជនរងគ្រោះ​បាន​រងគ្រោះថ្នាក់​រលាត់​ដៃ​ជើង​តែប៉ុណ្ណោះ ពុំ​មាន​ស្លាប់​បាត់​បង់ជីវិត​នោះ​ទេ។ ​ហេតុការណ៍​ខាងលើ​នោះ គឺ​កើត​មាននៅ​ចំណុច​នៅ​ផ្លូវជាតិ​លេខ 5 ភូមិ​អូរ​ខៃ​ដន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូម​បញ្ជាក់​ដែរថា ​កន្លង​ទៅ​លោក​អភិបាលក្រុង​ប៉ោយប៉ែត​ធ្លាប់ បាន​ព្រមាន​ជា​ញឹកញាប់​ទៅលើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដី​ ដែល​បង្ក​ឱ្យ​ដី​ជ្រុះ​នៅ​លើ​ផ្លូវជាតិ​ជា​ហូរហែ​កន្លងទៅ​ផងដែរ ប៉ុន្តែ​យុទ្ធនា​ការ​បង្ក្រាប​នោះ​ ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​ឡើយ​នោះ​ទេ​ ហើយ​វា​មិន​ខុស​ពី​ការ​វែកចក​នៅក្នុង​ទឹក​ដែរ​ដោយសារតែ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដី​នោះ​មិនបាន​យកចិត្តទុកដាក់​តាម​ការ​ណែនាំ​នោះ​ឡើយ ទើបតែ​ពេលនេះ​អាជ្ញាធរ​ក៏បាន​ប្រមូល​ក្រុម​បើកបរ​រថយន្ត​ដឹក​ដី​ទាំង​នោះ​មក​អប់រំ​ ក្រោយ​ភ្លៀង​ធ្លាក់​មួយ​មេ ដែល​ធ្វើ​អោយ​ដី​ដែល​ជ្រុះ​លើផ្លូវ​ជាតិ​នោះ រអិល​ម៉ូតូ​និង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀតផង​។​

លោក​ទូត​មុនី អភិបាលរង​ស្តីទី បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​មាន​រថយន្ត​ដឹកជញ្ជូន​ដី​ជាង 100 គ្រឿង​ឯណោះ ហើយ​រថយន្ត​ទាំងអស់នោះ​គឺមាន​ក្រុមហ៊ុន​ចំនួន​ពីរ​ទី 1 គឺ​ក្រុមហ៊ុន​របស់លោក​ហុ​ល​សេង​ហាប់ ទី​២ គឺ​ក្រុមហ៊ុន​របស់លោក​តាំង​ប៉េង​ព្រៀវ។

លោក​អភិបាលរងក្រុង​ស្តីទី​នោះបាន​បន្តទៀតថា លោក​ជំរុញ​ឲ្យ​គ្រប់​តៃ​កុង​រថយន្ត​ទាំងអស់​ដាក់​ដី​ឲ្យ​ស្មើ​នឹង​ទ្រុង​ ហើយ​គ្រប​ឲ្យ​បាន​ជិត​ទើប​ចេញដំណើរ​មក​លើ​ផ្លូវជាតិ បាន ហើយ​បើ​តៃ​កុង​ឡាន​ណា​មិន​អនុវត្តតាម​ទេនោះ គឺ​គេ​នឹង​ចាប់​ផាក​ពិន័យ​ ហើយ​មិនអាច​ធ្វើចរាចរ​ដឹក​ដី​តទៅទៀត​បានឡើយ៕