ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ចោរ​លួច​កាច់ក​ម៉ូតូ​២​នាក់​ ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​ខ្លួន​បាន បន្ទាប់ពី​​​​​លួច កាច់ក​ម៉ូតូ​យក​បាន​៤​គ្រឿង

កំពង់ឆ្នាំង​ ៖​ ជនសង្ស័យ​២​នាក់ ក្នុងចំណោម​៤​នាក់ ជា​ក្រុម​ចោរលួច​កាច់ក​ម៉ូតូ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ក្រុង និង​ខេត្ត​កំពង់ឆ្នាំង​សហការគ្នា ​​ចាប់ខ្លួនបាន​ បន្ទាប់ពី​ពួកគេ​​​លួច​ម៉ូតូ​អស់​ចំនួន​៤​គ្រឿងក្នុង​រយៈពេល​៧​ថ្ងៃ។

ចំពោះ​ម៉ូតូ​ ដែល​លួច​បាន ​​​៣​គ្រឿង​ ​ពួកគេ​យក​ទៅលក់​ស៊ីចាយ​អស់​នៅ​ទីក្រុង​ភ្នំពេញ ចំណែក​១​គ្រឿង​ដែល​ពួកគេ​ប្លុង​ចោល ត្រូវ​ម្ចាស់​រកឃើញ​វិញ។

ករណី​បង្ហាញមុខ​ក្រុមចោរ​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែកុម្ភៈ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​សមត្ថកិច្ច​បា​ន​បំបែកសំណុំរឿង​ក្រុមចោរ​កាច់ក​ម៉ូតូ​១​ក្រុម​នេះ បាន​ដោយ​ជោគជ័យ។

លោក ម៉ា យន្ត អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​ ៖ ក្រុមចោរ​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​ពីរ​នាក់​នេះ​មាន​៖ ១.​ឈ្មោះ សេង គឹម​ហាន អាយុ​២២ ឆ្នាំ រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង , ១​ឈ្មោះ យាំ វិចិត្រ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​ ដោយ​ឡែក​បក្ខពួក​របស់គេ​ពីរ​នាក់​ទៀត​ បាន​រត់គេច​ខ្លួន​បាត់ តែ​សមត្ថកិច្ច​បានដឹង​អត្តសញ្ញាណ​អស់ហើយ​។

លោក​អធិការរង បាន​បន្ត​ឲ្យ​ដឹងថា ​៖ ក្រុមចោរ​ទាំង​៤​នាក់​ខាងលើនេះ បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ចាប់ពី​ថ្ងៃទី​៣០ ខែមករា រហូតដល់​ថ្ងៃទី​០៦ ខែកុម្ភៈ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ក្នុង​រយៈពេល​៨​ថ្ងៃនេះ​ពួកគេ​លួចបាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ០១៨ ចំនួន​៤​គ្រឿង នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ម្ចាស់​បាន​ទុក​ចោល​ប្រហែស។ ក្រោយពី​គេ​លួច​បាន​គឺ​ពួកគេ​យក​ទៅលក់​នៅឯ​ទីក្រុង​ភ្នំពេញ​អស់​៣​គ្រឿង បាន​ប្រាក់​ចំនួន​១.៣០០​ដុល្លារ ចែកគ្នា​ស៊ីចាយ​អស់។ ចំណែក​ម៉ូតូ​ម៉ាក ឌុ​ក ដែល​ពួកចោរ​បាន​យកទៅ​ប្លុង​ចោល​ក្នុងព្រៃ​ ត្រូវបាន​ម្ចាស់​រកឃើញ​វិញ។​

លោក ពេ​ជ រ៉ី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​កំ​ពង់​ឆ្នាំង​បាន​ឲ្យ​ដឹងថា​ ៖ ក្រោយ​ពី​មាន​សកម្មភាព​ក្រុម​ចោរលួច​ខាងលើនេះ ក្រោម​ការដឹកនាំ​បញ្ជា​​របស់​លោក​ស្នងកា​រ​នគរបាល​ខេត្តកំពង់ឆ្នាំង កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង និង​ព្រហ្មទណ្ឌ​ខេត្ត​បាន​សហការគ្នា​ចេញ​ធ្វើ​សកម្មភាព​បាន​ស្រាវជ្រាវ​យ៉ាងសកម្ម ដើម្បី​រកមុខ​សញ្ញា​ខាងលើនេះ​។ ជាក់ស្តែង នៅ​ថ្ងៃទី​០៨ និង​០៩ ខែកុម្ភៈ សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​ក្រុម​ចោរ​បាន​២​នាក់​ខាងលើ ដកហូត​បាន​កូន​សោ​ និង​កូនកាំបិត​បត់​មានមុខ​ច្រើន​១​គ្រឿង ​​សម្រាប់​ធ្វើ​សកម្មភាព​ចាក់​ចូលក្នុង​រន្ធ​សោ​​កាច់​យក​ម៉ូតូ ។

សកម្ម​ភាព​ក្រុម​ចោរ
នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ម្ចាស់​ម៉ូតូ ឈ្មោះ ស្រី វិសាល ហៅ​ឡូយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​បី បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​ចោល នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ ត្រូវ​ក្រុម​ចោរ​ខាងលើ​កាច់ក​យក​ទៅ​បាត់។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល ម្ចាស់​ម៉ូតូ​ឈ្មោះ យ៉​ន ម៉ៅ អាយុ​៤២​ឆ្នាំ ភេទ​ប្រុស ជា​គ្រូបង្រៀន បាន​ទុក​ម៉ូតូ​០១៨​ចោល​នៅ​ក្នុង​មន្ទីរអប់រំ​ខេត្ត ក្នុង​ភូមិ​ទួល​ក្រឡាញ់ ត្រូវ​ចោរ​កាច់ក​លួច​ទៅ​បាត់។ នៅ​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល ឈ្មោះ ផៃ ភឿ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្រែព្រីង បាន​ទុក​ម៉ូតូ​ចោល​មុខផ្ទះ ក៏ត្រូវ​ក្រុមចោរ​កាច់ក​ម៉ូតូ​លួច​យក​បាត់​​ និង​ចុង​ង​ក្រោយ​គេ នៅ​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល ឈ្មោះ ហោ គឹម​សេង អាយុ​២២​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ផ្សារឆ្នាំង បាន​ទុក​ម៉ូតូ​ម៉ា​កឌុក ចោល​នៅមុខ​ផ្ទះ​ជាប់​ស៊ីផឹក​ក្នុង​ផ្ទះ ក៏ត្រូវ​ក្រុមចោរ​ខាងលើ លួច​កាច់​ក​យក​ម៉ូតូ​ទៅ​បាត់ តែ​ពួក​ចោរ​បាន​ប្លុង​ចោល​នៅក្នុង​ព្រៃ ក៏ត្រូវ​បាន​ម្ចាស់​រកឃើញ​យកមក​វិញ។​

ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ចាត់ការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់៕