ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី​ អំពាវនាវ​អោយ​បងប្អូន​កម្មករ កម្ម​ការិនី​រោងចក្រ ​សូម​កុំ​យក​ថ្ងៃ​១៤​កុម្ភៈ ទៅ​ប្រព្រឹត្តិ​រឿង​ស្នេហា​ប្រាសចាក​ប្រពៃណី​វប្បធម៌​ខ្មែរ

ភ្នំពេញ​ ៖ ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ទិវា​នៃ​ក្តី​ស្រឡាញ់​នឹង​ចូលមក​ដល់ គឺ​ថ្ងៃទី​១៤​កុម្ភៈ​ខាងមុខនេះ ទន្ទឹម​នឹង​នេះ លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​,​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ បានធ្វើការ​អំពាវនាវ​អោយ​បងប្អូន​កម្មករ​.​កម្ម​ការិនី​តាម​រោងចក្រ​ សូម​កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ទៅ​ប្រព្រឹត្តិ​រឿង​ស្នេហា ដែល​ប្រាសចាក​ប្រពៃណី​វប្បធម៌​ខ្មែរ។

លោក​បន្តថា ​៖ ​រឿង​ស្នេហា​ស្រី​.​ប្រុស​ជា​រឿង​ធម្មជាតិ​របស់​សត្វលោក តែ​យើង​មិន​ត្រូវ​ភ្លេច​កិត្តិយស និង​ប្រពៃណី​ជាតិ​នោះទេ​។ ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ មិនមែន​សំដៅ​តែ​ទៅលើ​រឿង​ស្នេហា​ស្រី​.​ប្រុស​នោះ​ទេ គឺ​គេ​អាច​ធ្វើ​ចំពោះ​ឪពុក​ម្តាយ​,​លោកគ្រូ​អ្នកគ្រូ​,​ជីដូន​ជីតា​,​មិត្ត​​​ភក្ដិ​ជាដើម​គ្រប់​៣៦៥​ថ្ងៃ​។​

លោក​អភិបាល​មាន​ប្រសា​ស​ន៍​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ក្នុង​ឱ​កាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​សាខា​បក្ស​សហជីព​មូលដ្ឋាន​តាម​រោងចក្រ​ក្នុង​ខណ្ឌ សែន​សុខ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​សែន សុខ​។​

លោក ឃួ​ង ស្រេង ថ្លែងបន្ត​ទៀតថា បងប្អូន​កម្មករ​.​កម្ម​ការិនី​យើង​មាន​ឪពុក​ម្នាក់​ប្រកបដោយ​ព្រហ្ម​វិហារធម៌​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ដែល​សម្តេច​តែងតែបាន​គិតគូរ​សុខទុក្ខ និង​បំពេញតម្រូវការ​ជូន បងប្អូន​កម្មករ​.​កម្ម​ការិនី​យើង​គ្រប់ពេលវេលា​តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ទាំង ៩​ចំណុច​ធ្វើ​ឲ្យ​កម្មករ​.​កម្ម​ការិនី​យើង​ទទួលបាន​ផល​ប្រយោជន៍​រួម​ទាំង​ប្រាក់​បៀវត្ស​បាន​សមរម្យ​ទៀតផង​។​

លោក​បញ្ជាក់ទៀតថា បងប្អូន​កម្មករ​.​កម្ម​ការិនី​បើ មាន​បញ្ហា​បន្ទាន់​ណាមួយ​សុំ​ទៅ​រក​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ ជិត​បំផុត ដោយ​មន្ត្រី​គណបក្ស​រង់ចាំ​ទទួលដោះស្រាយ​តាម​ជាក់ស្ដែង​ជូន​ភ្លាម​។​

ក្នុងឱកាស​នោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្ម​ការ​.​កម្ម​ការិនី​យើង​ សូម​កុំ​ជឿ​ទៅតាម​ការ​ញុះញុង​ពី​ក្រុម​ជន​អគតិ​ក្នុង​ចេតនា​បំភ័ន្ត បំភ្លៃ​ការពិត​ឬ​ការ​ធ្វើ​កូដកម្ម​,​បាតុកម្ម​បំបែក​ឆ្នាំងបាយ​ខ្លួនឯង​នោះ។

ជាមួយគ្នានេះ លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ ឲ្យ​មន្ត្រី​អាជ្ញាធរ​ភូមិ​.​សង្កាត់​,​ខណ្ឌ​ត្រូវ​ចុះ​ទៅដល់​កន្លែង​ស្នាក់នៅ​របស់​កម្មករ​.​កម្ម​ការិនី មើល​ពី​តម្រូវការ​ជាក់ស្តែង​ទឹក​,​ភ្លើង​,​សំរាម​ជាដើម​។​

អភិបាលខណ្ឌ​សែន​សុខ លោក​ម៉ូ​វ ម៉ានិត បាន​ឲ្យ​ដឹងថា នៅក្នុង​ខណ្ឌ​សែន​សុខ​មាន​រោងចក្រ​ចំនួន ៤៨​រោងចក្រ​,​និង​សហគ្រាស​ចំនួន​១៩,​មាន​កម្មករ​.​កម្ម​ការិនី​សរុប​ចំនួន​២៩.២៦២ នាក់​និង​កម្មករ​ស្នាក់នៅ​ផ្ទះជួល​ចំនួន​៣៤.៣២៤​នាក់​។​

គួរ​បញ្ជាក់​ថា ក្នុង​ឱកាស​ដ៏​ស្និទ្ធស្នាល​នេះដែរ លោក​ឃួ​ង ស្រេង បាន​នាំ​យក​ថវិកា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ផ្តល់ជូន​បងប្អូន​កម្មក​រ​.​កម្ម​ការិនី​ទាំង​១១៣៤​នាក់ ក្នុង​ម្នាក់​ថវិកា​២​ម៉ឺន​រៀល​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114