ព័ត៍មានទាន់​ហេតុការណ៏
Search

CNC​ និង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បង្កើត​ព្រឹត្តិការណ៍​” អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត ”

ទូរទស្សន៍ CNC សហការ​ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពី​ភេសជ្ជៈ​គោ​ជល់ បាន​បង្កើត​នូវ​ព្រឹ​ត្តិការណ៍​ប្រកួត​ប្រដាល់​មួយ ដែល​គេ​ប្រសិទ្ធិ​នាម​ថា “ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​” ។

ព្រឹត្តិការណ៍ “ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅតាម​ខេត្ត​” នឹងធ្វើ​នៅតាម​ខេត្ត​ចំនួន​៤ ដែលមាន​សក្ដានុពល​ខាង​ប្រដាល់​គុន​ខ្មែរ។​

ខេត្ត​ចំនួន​៤ ដែល​នឹងត្រូវ​រៀបចំ​ការប្រកួត​នេះ មាន​ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និង ខេត្តកំពង់ចាម ហើយ​អ្នក​ប្រដាល់​ដែល​ត្រូវ​ចូលរួម​ប្រកួត​គឺ​អ្នក​ប្រដាល់​របស់​ខេត្ត​នោះ​ឬ​អ្នក​ប្រដាល់​ដែលមាន​ប្រភព​កំណើត​នៅ​ខេត្ត​នោះ​តែម្ដង ។​

នេះ​ជាការ​ប្រកួត​សម្រាប់​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ដែល​ខេត្ត​នីមួយៗ​ត្រូវមាន​អ្នក​ប្រដាល់​ចំនួន​៤​រូប​ប្រកួត​គ្នា​ដើម្បី​រក​អ្នកខ្លាំង​ចំនួន​២​រូប ។ បន្ទាប់ពី​រកឃើញ​ជើង​ខ្លាំង​ពី​ខេត្ត​ទាំង​៤​ដែលមាន​អ្នក​ប្រដាល់​ចំនួន​៨​រូបនោះ​ពួកគេ​ត្រូវ​មក​ប្រកួត​បន្ត​នៅ​សង្វៀន​CNC​រាជធានី​ភ្នំពេញ ។​

៨​រូប​ជម្រុះ​យក​៤​រូប ហើយ​៤​រូប​ជម្រុះ​យក​២​រូប ឯ​អ្នកខ្លាំង​២​រូប​ចុងក្រោយ​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​តែម្ដង ។​ជើង​ខ្លាំង​នៃ​ព្រឹត្តិការណ៍​នេះ​គេ​នឹងមាន​ឱកាស​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស និង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ។​

ក្នុង​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃទី​៩​កុម្ភៈ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ លោក​ហួរ រតនៈ​ប្រធាន​ផ្នែក​លក់​របស់​CNC និង​លោក​មាស សំអុល​នាយក​ចាត់ការ​ទូទៅ​រប​ស់​គោ​ជល់​នោះបាន​ឲ្យ​ដឹងថា ការប្រកួត​នេះ​ចាប់ផ្ដើម​ចេញដំណើរ​មុនគេ​ពី​ខេត្តបាត់ដំបង ។​

បាត់ដំបង​ប្រកួត​នៅ​ថ្ងៃទី​២៣​កុម្ភៈ ដែល​គូប្រកួត​ជម្រុះ​នោះ មាន​ចិត្រ​សុ​ភី​ប្រកួត​ជាមួយ​មិត្ត សំណាង និង រិ យូ​ហាន​ប្រកួត​ជាមួយ​បឺត សុធា ។​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​៣០​មីនា​ដែលមាន​អ្នក​ប្រដាល់​ធា វាសនា​ប្រកួត​ជាមួយ​ឡុង សំណាង និង សូត្រ សាណូ​ប្រកួត​ជាមួយ​រឿង សារិទ្ធ ។​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី​២៧​មេសា​ដែល​ពុទ្ធ ប៊ុន​ម៉ៅ​ប្រកួត​ជាមួយ​សាត ស៊ី​ណង និង ឡុង សាមីត ប្រកួត​ជាមួយ​អេ រាជសីហ៍​។​ខេត្តកំពង់ស្ពឺ​ប្រកួត​ថ្ងៃទី​៤​ឧសភា​ដោយ​ពុទ្ធ សុធី​ន​ប្រកួត​ជាមួយ​រិ រ៉ា​ដា និង ឡុង វណ្ណា ប្រកួត​ជាមួយ​សោម ពិសិដ្ឋ ។​

ជាមួយនឹង​ការប្រកួត​ស្វែងរក​អ្នកខ្លាំង​នេះ​នៅតាម​បណ្ដា​ខេត្ត​នីមួយៗ ក៏មាន​ការប្រកួត​ជា​មិត្តភាព​ចំនួន ២​គូ ជាមួយ​អ្នក​ប្រដាល់​បរទេស​ផងដែរ ។​

លោក​ហួរ រតនៈ ប្រធាន​ផ្នែក​លក់​របស់​CNC បាន​បញ្ជាក់ថា នេះ​គឺជា​លើកទីមួយ​ហើយ​នៅក្នុង​ប្រទេស​របស់​យើង ដែលមាន​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ធ្វើ​នៅតាម​ខេត្ត​និង​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ CNC បែបនេះ​។ លោក​ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​យើង​នឹង​បានឃើញ​អំពី​តារា​ប្រដាល់​គុន​ខ្មែរ ដែល​នឹង​លេចឡើង​នៅតាម​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​នេះ​គ្រាន់តែ​ជា​ដំណើរ​ចាប់ផ្តើម​តែប៉ុណ្ណោះ ក្នុងខណៈដែល CNC និង គោ​ជល់ បាន​កំពុងតែ​សិក្សា​បន្ថែម​ពី​លទ្ធភាព​នៅក្នុង​ការប្រកួត​អោយបាន​គ្រប់​ខេត្ត​ទូទាំងប្រទេស​នៅពេល​អនាគត​។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ បាន​ចាប់ដៃ​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ CNC អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកហើយ ក្នុងនោះ​បានជ្រើសរើស​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ចំនួន​៩​ជំនាន់​លើ​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ក៏ដូចជា​ការប្រកួត​លក្ខណៈ​ម៉ា​រ៉ា​តុង​អន្តរជាតិ​ដណ្តើម​ប្រាក់​លាន​បាន​ចំនួន​៣​ជំនាន់ និង ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជា​រៀងរាល់​សប្តាហ៍​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114