ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​កីឡា​សូ​ហ្វ​តឺ​ន្នី​ស​ក្រសួងមហាផ្ទៃ​ ដណ្តើម​បាន​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង មេដាយមាស ៧

ព្រឹត្តិការណ៍​ប្រកួត​កីឡា​សូ​ហ្វ​តឺ​ន្នី​សពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី ៦ ឆ្នាំ​២០១៩ ដែល​បាន​ចាប់​នៅ​ទីលាន​សូ​ហ្វ​តឺ​ន្នី​ស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​០៨​កុ​ម្ភៈ​មក​នោះ បានបញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​១០​កុ​ម្ភៈ។​

ព្រឹត្តិការណ៍​ដែល​ឧបត្ថម្ភ​ទាំងស្រុង​ដោយ​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នោះ ត្រូវបាន ក្រុមកីឡា​សូ​ហ្វ​តឺ​ន្នី​ស​ក្លិប​ក្រសួងមហាផ្ទៃ ដណ្តើមយក​ពានរង្វាន់​លេខ​១ បាន​ទាំងអស់ ក្នុងចំណោម​ក្លិប​ទាំង​៦​ដែល​ចូលរួម។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​ទី ១ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​ឲ្យ​ដឹងថា ការប្រកួត​នេះ​វា​បាន​ផ្ដល់នូវ​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ទៅដល់​អត្ត​ព​លិ​ករ​បស់​យើង​ក្នុងការ​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ល្អ ហើយ​គិត​មកដល់ពេលនេះ​សម្ដេច​ក្រឡាហោម​សខេង​ជា​ប្រធាន​សហព័ន្ធ​បាន​ឧបត្ថម្ភ​យ៉ាងច្រើន​ក្នុង​ការជួយ​ជំរុញ​ឲ្យ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​និង​ដណ្តើមបាន​មេដាយ​ជា​បន្តបន្ទាប់​នៅលើ​ឆាក​អន្តរជាតិ​។​

ចំពោះ​លទ្ធផល​លើ​វិញ្ញាសា ដាក់​ឲ្យ​ប្រកួត​ចំនួន​៧​នោះ ដែល​រួមមាន វិញ្ញាសា​ប្រកួត​ឯកត្តជន​បុរស​នារី ,​វាយ​គូ​បុរស​នារី​, ឯកត្តជន​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​, វាយ​គូ​បុរស​ក្របខ័ណ្ឌ​ក – ខ និង​វិញ្ញាសា​វាយ​គូ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ គឺ​សុទ្ធតែ​បាន​ទៅលើ​កីឡាករ កីឡាការិនី មកពី​ក្លិប​ក្រសួងមហាផ្ទៃ​ទាំងអស់។​

ក្នុងនោះ ក្លិប​ក្រសួងមហាផ្ទៃ​បានឈ្នះ​មេដាយមាស​ទាំង ៧ វិញ្ញាសា​ទាំង​លើ​ការប្រកួត​ក្របខណ្ឌ​ក​១ និង​ក​២ រួមជាមួយ​មេដាយប្រាក់​ចំនួន ៤ និង​សំរិទ្ធ​ចំនួន ៥ ទៀត ។​នៅក្នុង​ចំណោម​មេដាយមាស​ទាំង ៧ នោះ​កីឡាករ​ឆ្នើម​កាន់​សុ​ភ័​ណ្ឌ បានឈ្នះ​មេដាយមាស​២​តែម្នាក់ឯង នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ក​១ ។​

ចំណែក​ក្លិប​ដែល​ថិ​ត​នៅ​លំដាប់​លេខ​២ នៅក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម​សខេង​លើក​ទី ៦ នេះ គឺ​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បានឈ្នះ​មេដាយប្រាក់ ២ និង​សំរិទ្ធ ៤ ,​ក្លឹប​ក្រសួងការពារជាតិ​បានឈ្នះ​មេដាយប្រាក់ ១ សំរិទ្ធ​២,​ក្លិប​ខេត្តកំពង់ស្ពឺ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​២​និង​ក្លិប​ជប៉ុន​បានឈ្នះ​មេដាយ​សំរឹទ្ធ ១ ហើយ​ចំណែក​ក្លិប​ខេត្តកំពង់ឆ្នាំង​និង​ក្លឹប​អង្គការ​មិត្តសំឡាញ់ គឺ​ពុំ​ដណ្ដើមបាន​មេដាយ​ពី​ការប្រកួត​នេះ​ទេ ។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​សូ​ហ្វ​តឺ​ន្នី​ស​ដណ្តើមពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី ៦ ឆ្នាំ​២០១៩ មាន កីឡាករ កីឡាការិនី ចូលរួម​សរុប​ចំនួន​៩០​រូប ក្នុងនោះ​មាន​២៥​រូប​ជា​កីឡាការិនី។​ មាន​ក្លិប​ចំនួន​៦​ចូលរួម​គឺ ក្លិប​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិប​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង អង្គការ​មិត្តសម្លាញ់ និង​ក្លិប ជប៉ុន​៕