ព័ត៍មានទាន់​ហេតុការណ៏
Search

ធន់​ចាន់​តាក់ ចាញ់ ចាក់​រ៉ូ​ត ភេត ខ​ណៈ​សួង​សុវណ្ណ​ថា ឈ្នះ​ដោយ​សន្លប់​ខ្លួនឯង នៅ​សង្វៀន​SEATV

ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ ចាក់​រ៉ូ​ត ភេត (Chakrout Phat) ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦៣,៥ ០០ គ​.​ក្រ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV កាលពី​ថ្ងៃអាទិត្យ​ទី​១០​កុម្ភៈ ២០១៩ ។​

ចាន់​តាក់ ដែលជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់​នោះ បាន​វាយ​ចាញ់​ចាក់​រ៉ូ​ត ភេត នៅ​ពីរ​ទឹក​ចុងក្រោយ។ ក្នុង​ទឹក​ទី​៤ ធន់ ចាន់​តាក់ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ បន្ទាប់ពី​ត្រូវ​កណ្តាប់ដៃ​របស់​ចាក់​រ៉ូ​ត ភេត នោះ ហើយ​នៅ​ទឹក​ទី​៥ ចាន់​តាក់ ក៏​ចាញ់​ប្រៀប​ថៃ​ដែរ ដូច​ច្នេះ​ហើយ​ទើប​ចប់​ការប្រកួត ធន ចាន់​តាក់ ចាញ់​ថៃ​ចាក់​រ៉ូ​ត ភេត ដោយ​ពិន្ទុ ។​

ចាក់​រ៉ូ​ត ភេត ជា​ជើង​ខ្លាំង​ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ ។​ដូចនេះហើយ ធន់ ចាន់​តាក់​ប្រកួត​លើក​នេះ គេ​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៣​លើក ឈ្នះ​៤៣​លើក​ចាញ់​០៩​លើក​និង ស្មើ​០១​លើក ។

ចំពោះ​ការប្រកួត​មិត្តភាព​រវាង​ខ្មែរ​និង​ខ្មែរ​វិញ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដែល​ឡើង​សងសឹក​ជាមួយ​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់​នោះ បាន​សន្លប់​ខ្លួនឯង​នៅក្នុង​ទឹក​ទី​២ ដោយ​ជង្គង់​របស់​ថន ភឿ​ត ។

ប៉ុន្តែ​យ៉ាងណា សួង សុវណ្ណ​ថា គេ​ជា​អ្នកទទួលបាន​ជ័យជំនះ ព្រោះ​ថន ភឿ​ត ត្រូវ​ទទួលពិន័យ​ដែល​វាយ​ខុស​លក្ខណៈ​បច្ចេកទេស ដោយ​វាយ​បំពាន​ថែម​ទៅលើ​សុវណ្ណ​ថា ពេលដែល​អាជ្ញាកណ្តាល​ស្រែក​ឃាត់​អោយ​ឈប់​វាយ​ហើយ​នោះ ។​

គួរ​បញ្ជាក់ថា សួង សុវណ្ណ​ថា បាន​វាយ​ចាញ់​ថន ភឿ​ត ដោយ​ពិន្ទុ​ចំនួន​២​លើក​មកហើយ កាលពី​ក្នុង​ឆ្នាំ​២០១៧​កន្លងមក តែ​ការ​ចាញ់​របស់គេ​នេះ ធ្វើអោយ​គេ​មិន​អស់ចិត្ត​នោះឡើយ ។ យ៉ាងណា សួង សុវណ្ណ​ថា បើ​ពុំមាន​ឧ​ប្ប​តិ​ហេតុ​កើតឡើង​នោះទេ ប្រហែលជា​នៅតែ​យ៉ាប់​ជាមួយ​ថន ភឿ​ត ដដែល​ហ្នឹង ត្បិត​អ្នក​ប្រដាល់​ថន​ភឿ​ត​នេះ គេ​ល្អ​និង​ខ្លាំង ហើយ​មួយទៀត សុវណ្ណ​ថា​ឥឡូវ​គេ​ក៏​វាយ​ធ្លាក់​ដែរ។​

សល់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា បាន​ប្រកួត​ចាញ់​ពិន្ទុ​ណាក់ សុខា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ហើយ​ឆោម ប៊ុនឡុង អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្តួល ម៉ន ចិន្តា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ កងទ័ពជើងគោក ក្នុង​ទឹក​ទី​២៕
​ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ទី​២ : ហេង វាសនា ជួប Yorth Katang You ឯ ចាន់ សំអាត ជួប Chhav Vallit

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV កាលពី​ថ្ងៃអាទិត្យ​ទី​១០​កុ​ម្ភះ ដែលជា​ការប្រកួត​ជម្រុះ​សប្តាហ៍​ទី​៤ ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា ហេង វាសនា ក្លិប​ព្រៃទទឹង ខេត្តបាត់ដំបង និង​អ្នក​ប្រដាល់​ថៃ Yorth Katang You ហើយ​អ្នក​ប្រដាល់​កម្ពុជា​ចាន់ សំអាត ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង និង​អ្នក​ប្រដាល់​ថៃ Chhav Vallit ។​

សម្រាប់​លទ្ធផល​នៃ​ជំនួប​រវាង​ហេង វាសនា និង Yorth Katang You នេះ គឺ​វាសនា​ឈ្នះ Katang You ដោយ​ពិន្ទុ​ដាច់​តែម្តង ។ ជាមួយនឹង​ជ័យជម្នះ​នេះ ហេង វាសនា បាន​៤ ពិន្ទុ ហើយ​អ្នក​ប្រដាល់​ថៃ Yorth Katang You ឆ្លងកាត់​ពីរ​ប្រកួត​ដូចគ្នា គេ​ក៏បាន​៤​ពិន្ទុ​ដែរ គឺ​ឈ្នះ​១​ចាញ់​១​ប្រកួត​ដូចគ្នា ។
​ចំពោះ​ការជួបគ្នា​រវាង ចាន់ សំអាត ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង និង Chhav Vallit វិញ ច​សំអាត​ត្រូវ​ដកចេញ​ពី​ការប្រកួត​ដោយសារ​មាន​របួស​ធ្ងន់ធ្ងរ ហើយ​ដូរ​ដាក់​ឲ្យ​សារឿន ច័ន្ទ ប្រកួត​ជំនួស​វិញ ។

សម្រាប់​ការប្រកួត​នេះ សារឿន ច័ន្ទ គេ​វាយ​បាន​យ៉ាង​ល្អ ដោយ​វាយ​អ្នក​ប្រដាល់​ថៃ Chhav Vallit អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣​ប៉ុណ្ណោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114