ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​៥​នាក់ ​ត្រូវ​បាន​កម្លាំង​ខណ្ឌ​ដូនពេញ​បង្ក្រាប​បន្តបន្ទាប់

ភ្នំពេញ ​៖ ​ជនសង្ស័យ​ជំនាញ​ខាង​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ និង​ជាពិសេស​ទ្រព្យសម្បត្តិ​ជាប់​ខ្លួន​របស់​ជនបរទេស ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ បើក​ប្រតិបត្តិ​ការ​ចាប់​បង្ក្រាប​បន្តបន្ទាប់​បាន​ចំនួន​៥​នាក់​ ក្រោយពី​ធ្វើ​សកម្ម​ភាពជា​លើក​ចុងក្រោយ​ត្រូវ​ជាប់អន្ទាក់​ទាំង​ក្រុម​តែ​ម្តង។

សមត្ថកិច្ច​ផ្នែក​ជំនាញ​នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា ​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្ដែង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា (​ជិះ​ម៉ូតូ​ឆក់​កាបូប ​​ឆក់​ទូរស័ព្ទ​លើ​ជនជាតិ​ខ្មែរ និង​ជនបរទេស​)​ដែល​បង្ក្រាប​បាន​នេះ​ កើតឡើង​វេលា​ម៉ោង ០៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៩​ ខែកុម្ភៈ ​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​លេខ ១០២​សង្កាត់​វត្តភ្នំ ដោយ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ ជនជាតិ​អឺរ៉ុប បាន​ដើរ​ម្នាក់ឯង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជនរងគ្រោះ​ក៏បាន​ឈប់​ ហើយ​កាន់​ទូរស័ព្ទ​ដៃ​ចុច​លេង។ ពេលនោះ​ក៏មាន​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Beat ពណ៌​ខៀវ​លា​យ​ស បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​បាន​សម្រេច រួច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន។ ភ្លាមនោះ​ជនរងគ្រោះ​ក៏​ស្រែក​ផ្អើល​ឆោ​​ឡោ​ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ប៉ុស្តិ៍​ ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ហេតុការណ៍​ក៏​ធ្វើការ​អន្តរាគមន៍​ដេញ​ប្រថាប់​ចាប់​ប្រ​ភីង ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​រេ​ចង្កូត​ដួល​ម៉ូតូ​ហើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជាក់ស្តែង​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កាក់ លី​ហ័​រ រួម​នឹង​វត្ថុតាង​ធ្វើ​សកម្មភាព​ម៉ូតូ​១​គ្រឿង​ផងដែរ ។​

​សមត្ថកិច្ច​បន្តថា ​បន្ទា​ប់​ពី​ឃាត់ខ្លួន​បាន​ហើយក៏​នាំមក​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​ដើម្បី​ធ្វើការ​សាកសួរ​ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ផាត ដែលជា​អ្នកជិះ​ពីក្រោយ ​និង​ជា​អ្នកធ្វើ​សកម្ម​ឆក់ ​បាន​រត់​គេចខ្លួនបាត់​ព្រមជាមួយ​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ផងដែរ រីឯ​ជនរងគ្រោះ​ជា​ស្ត្រីជន​បរទេស​បាន​ឡើង​រថយន្តឈ្នួល​ចេញទៅ​បាត់​ដោយ​មិនបាន​ដាក់ពាក្យ​បណ្តឹង ឬ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​យើង​ឡើយ ។​

បន្ទាប់ពី​បាន​តម្រុយ​នៃ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កម្លាំង​យើង​បាន​ប្រើប្រាស់​វិធាន​ការជំនាញ​សួរចម្លើយ​អំពី​មុខសញ្ញា​បក្ខពួក​ និង​សមាសភាព​ក្រុម​ឆក់​ដទៃ​ទៀត ហើយ​បាន​បន្ត​បើក​ការ​ការស្រាវជ្រាវ​រហូត​មកដល់​វេលា​ម៉ោង ១៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​សមត្ថកិច្ច​យើង​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​សមាស​សភាព​ឆក់​ក្រុមទី​២​នៅ​ចំណុច​ក្រោយ​ផ្សារ​រាត្រី​ដែលមាន​ទី​១​ឈ្មោះ​ថេ​ង សុង​ហ៊ីម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ទី​២​ឈ្មោះ​ម៉ៅ វុទ្ធី ភេទ​ប្រុស អា​យូ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។​

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា​ ចំពោះ​វិធាន​ការ​ជំនាញ​ជីក​ឫសគល់ កាប់​មែក​កាប់​ធាង ​សមត្ថកិច្ច​យើង​បាន​បន្ត​ជាន់​យក​ចម្លើយ​ជនសង្ស័យ និង​បាន​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បន្ត​ដោយ​ពន្លាត​ដែន​សមត្ថកិច្ច​តាម​ច្បាម​ដល់​ខណ្ឌ​ចំការមន រហូតមកដល់​វេលា​ម៉ោង ២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១០​ខែកុម្ភៈ​ កម្លាំង​បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​សមាសភាព​ឆក់​ក្រុមទី​៣​បាន​ចំនួន ០២​នាក់​បន្ថែម​ទៀត​នៅ​កោះ​ពេជ្រ ​ដែល​មាន​ឈ្មោះ នៅ ជែ​ម ភេទ​ប្រុស អា​យុ ១៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទី​២​ឈ្មោះ វុទ្ធី ដា​រ៉ុង​រ័ត្ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ។

ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​​ខាង​លើ​នេះ សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​០៥​នាក់​សុទ្ធ​សឹង​ជា​សមាសភាព​ឆក់​ដ៏​សកម្ម​ជា​អាជីព​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​តែង​ធ្វើ​សកម្មភាព​លើ​ជនបរទេស និង​ជា​សមាសភាព​ប្រើប្រាស់​គ្រឿងញៀន ហើយ​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​បានចាប់ផ្តើម​ពី​ពេល​កើត​រហូតមកដល់​វេលា​ម៉ោង​០៣​និង​៣០​នាទី​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​ ចំពោះ​វត្ថុតាង​ចាប់យក​ទី​១​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ​ទី​២​កាបូប​ក្រវាត់​ចង្កេះ​ជនបរទេស​១​ និង​សំ ភារៈ​ផ្សេងៗ ទី​៣​ម៉ូតូ​ចំនួន​០៣​គ្រឿង ម៉ាក C125 ពណ៌​ខ្មៅ​១​គ្រឿង​ម៉ាក Beat ១​គ្រឿង នឹង​ម៉ាក់ Nex ១​គ្រឿង ។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា​ ទិសដៅ​បន្ត អធិការដ្ឋាន​ប៉ុស្តិ៍​កំពុង​ជំរុញ​វិធានការ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​បន្ត​យក​បក្ខពួក​ និង​បណ្តា​ក្រុម​ផ្សេងៗ ដែល​កន្លងមក​និង​បចុប្បន្ន​ កំពុង​បន្តធ្វើ​សកម្មភាព​ឆក់​ជាប្រចាំ​ថ្ងៃ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕