ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​បែន​កង់​១០​មួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ជ្រុល​ទៅ​បុក​ក្បាល​រថភ្លើង​រអិល​ធ្លាក់​ផ្លូវ​រៀង​ៗ​ខ្លួន

ព្រះសីហនុ​ ៖ ​រថយន្ត​ប៉ែន​កង់​១០​មួយ​គ្រឿង ត្រូវ​អ្នកបើកបរ បើក​ទៅ​បុក​ចំក្បាល​រថភ្លើង​ ជាហេតុ​បណ្ដាល​ឲ្យ​ក្បាលរថភ្លើង​ ដែល​កំពុងតែ​រត់​ក្នុង​ល្បឿន​លឿន​ផង​នោះ​ បាន​រអិល​ធ្លាក់​ពីលើ​ផ្លូវ​ដែក​បត់​ក្បាល​មក​ចំហៀង ដោយឡែក​រថយន្ត​បែន​ក៏បាន​ជ្រុល​ធ្លាក់​ផ្លូវ​ទៅមុខ​លែង​រួច​ដែរ។ អ្នក​បើកបរ​រថយន្ត​បែន​ បន្ទាប់ពី​បាន​បង្កហេតុ​ហើយ​នោះ បាន​រត់​គេច​ខ្លួន​បាត់។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រថភ្លើង​នេះ មិន​មាន​អ្នក​រង​របួស​នោះ​ទេ។

ហេតុការណ៍​នេះ បាន​កើត​មាន​ឡើង​នៅ​ម៉ោង​១០និង១៥​នាទី ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ លើ​ផ្លូវ​ដែក ត្រង់​ចំណុច​ផ្លូវលំ ស្ថិត​ក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ នៅ​កន្លែង​កើតហេតុ​នេះ​ដែរ គេ​មិន​ឃើញ​មាន ​ដាក់​ប៉ា​រ៉ា​ស់​បិទ​បើកផ្លូវ​នៅ​ចំណុច​រថភ្លើង​បើក​ឆ្លងកាត់​នោះ​ទេ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​បែន​ដឹក​ដី​នេះ ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​មាន​ទិសដៅ​ពី​លិច​ឆ្ពោះ​ទៅ​កើត​ លុះដល់​ចំណុច​កើតហេតុ​មិន​ដឹង​ជា​តៃកុង​រថយន្ត​មិន​ប្រយ័ត្ន ឬ​មួយ​ជាន់​​ហ្វ្រាំង​មិន​ស៊ី​នោះ​ទេ​ បាន​ជា​ទៅ​បុក​នឹង​ រថភ្លើង​ដែល​កំពុង​រត់​លើ​ផ្លូវ​ដែក​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​ភ្នំពេញ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាលរថភ្លើង​ចេញ​ពីលើ​ផ្លូវដែក។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ វត្ថុ​តាង​រថយន្ត​បង្កហេតុ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់។ ដោយឡែក​រថភ្លើង​ ក្រុម​ជាង​កំពុង​ធ្វើការ​ជួសជុល​នៅ​កន្លែង​កើតហេតុ។

សូម​បញ្ជាក់​ផង​ដែរ​ថា តំបន់ ​ដែល​មាន​បញ្ហា​គ្រោះថ្នាក់ ចរាចរណ៍​នេះ កន្លងមក ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ផង​ដែរ រវាង​រថយន្ត​បុក​រថភ្លើង ឬ​រថភ្លើង​បុក​រថយន្ត រថភ្លើង​បុក​សត្វ​ពាហនៈ​របស់​អ្នកភូមិ​ ព្រោះថា​ចំណុច​កើតហេតុ​នេះ ​អាជ្ញាធរ​ មិន​មាន​ដាក់​ប៉ា​រ៉ា​ស់​បិទ​បើក ពេល​រថភ្លើង​មកដល់​ទេ​(​ព្រោះ​ផ្លូវ​រថភ្លើង​ឆ្លងកាត់ លើ​ផ្លូវ​លំ​)។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់ ទីតាំង​ ដែល​រថភ្លើង​បើក​ឆ្លងកាត់​មាន ប៉ា​រ៉ា​ស់ ​បិទ​មាន​ចំនួន​២​កន្លែង​ ១.​នៅ​ចំណុច ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ព្រំប្រទល់​ភូមិ​សំរុង​លើ​ឃុំ​សំរុង និង ភូមិ​បឹង​វែង​ឃុំ​វាលរេញ​។ ២ . ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ព្រំប្រទល់​ភូមិ​ទួល​ឃុំ​ទឹកល្អក់ និង ភូមិ​កំពង់​ចិន​ឃុំ​ទឹកថ្លា​៕​