ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស សម្រេចចិត្ត​ទៅ​លោតទឹក​សម្លាប់​ខ្លួន ​បញ្ចប់​ភាព​ហ្មងសៅ

ត្បូងឃ្មុំ​ ៖​ នារី​វ័យក្មេង​ចិត្តខ្លាំង ជា​សិស្សសាលា​ម្នាក់ ​បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​យ៉ាង​តក់ក្រហល់ ដោយ​លោតទឹក​ធ្វើ​អត្តឃាត​​​ទាំង​ក្តី​សោកសៅ នៅ​វេលា​ម៉ោង​12​និង​10​នាទី ថ្ងៃទី​10 ខែ​កុម្ភៈ ឆ្នាំ​2019 នៅ​ចំណុច​ស្រះ​ទឹក​ចំការ​ម្រេច របស់​ឈ្មោះ​អ៊ា សារី ស្ថិត​នៅ​ខាងកើត​ភូមិ​37 ចម្ងាយ​600​ម៉ែត្រ ពី​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

បើតាម​ការ​ឱ្យដឹងពី​នគរបាល​ជំនាញ​ស្រុក​ពញាក្រែក​ថា ជនរងគ្រោះ​មានឈ្មោះ ថុល ស្រី​នាង ភេទ​ស្រី​ អាយុ​14​ឆ្នាំ មាន​មុខរបរ​ជា​សិស្ស​នៅ​ភូមិ​37 ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​បាន​ខឹង​នឹង​ឪពុក​ម្តាយ​និយាយ​ស្តី​បន្ទោស ហើយ​បាន​អប់រំ​ណែនាំ​ខ្លួន។ លុះ​ពេល​ទៅ​បេះ​ម្រេច​នៅ​ចំណុច​ខាងលើ​ ក៏បាន​លោត​ទឹកស្រះ​ជម្រៅ​4​ម៉ែត្រ ដើម្បី​សម្លាប់​ខ្លួន​​រហូត​បានសម្រេច។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ នី នុត​ ភេទ​ស្រី​អាយុ​15​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​ដែល​ទៅ​បេះ​ម្រេច​ជាមួយ​ជនរងគ្រោះ​បាន​បញ្ជាក់​ថា នៅ​ពេល​កំពុង​បេះ​ម្រេច​សុខៗ​ស្រាប់តែ​ជនរងគ្រោះ ថុល ស្រី​នាង ​បាន​ដើរ​ទៅ​ឈរ​មាត់​ស្រះ​ ហើយ​លោត​ចូល​ទឹកស្រះ​លិច​បាត់ ពេលនោះ​ខ្លួន​បាន​ហៅ​អ្នកមើល​គោ​អោយ​ជួយ​ ហើយ​បាន​រត់​ទៅ​ប្រាប់​ឪពុក​ជនរងគ្រោះ​មក​ជួយ​រាវរក​រហូតដល់​ម៉ោង​2​រសៀល​ថ្ងៃ​ដដែល​ទើប​រក​សាកសព​ឃើញ។​

ផ្អែក​តាម​ការពិនិត្យ​សាកសព​របស់​សមត្ថកិច្ច​ផ្នែក​ជំនាញ​បច្ចេកទេស កម្លាំង​ប៉ុស្តិ៍ និង​លោក​មេភូមិ​37 បាន​ឃើញ​និង​សន្និដ្ឋាន​ថា សាកសព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ពុំ​មាន​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ឡើយ។

សមត្ថកិច្ច​ជំនាញ ក្រោយពី​ពិនិត្យ​សាកសព​រួច បាន​ប្រគល់​សព​ជូន​លោក អ៊ា សារី ដែល​ត្រូវ ជា​ឪពុក​ជនរងគ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​លក្ខណៈ​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114