ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា ​ឈ្នះ ​លូក​ម៉ា​ខាម​វ៉ាន ដោយ​ពិន្ទុ ​ខណៈ​ចាន់ ប៊ុន​លាភ ចាញ់​គ្រៀង ក្រៃ ក្នុង​ទឹក​៣

អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី និល លូក​ម៉ា​ខាម​វ៉ាន (Nil Lukmakarmwarn) ខ​ណៈ​ដែល​ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​គ្រៀង ក្រៃ (Kreng Krai Tor. Silachai) ក្នុង​ទឹក​ទី​៣ ក្នុង​ការជួប​ប្រកួត​គ្នា កាលពី​យប់​ថ្ងៃទី​១០ ​កុ​ម្ភៈ​ ២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។​

និល លូក​ម៉ា​ខាម​វ៉ាន គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​នៅ​ស្រុកថៃ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត តែ​ក្នុង​ការប្រកួត​ជាមួយ​ឡៅ ចន្ទ្រា ត្រូវ​ចន្ទ្រា​វាយ​សើយ​មួយ​ដៃ​ចំ​ចង្កា បណ្តាលអោយ​ចង់​វង្វេង​ក្នុង​ទឹក​ទី​៣ ប៉ុន្តែ​ក្រោយពេល​អាជ្ញាកណ្តាល​រាប់​ដល់​៨ គេ​បាន​បន្ត​ការប្រកួត​ទៀត ។​យ៉ាងណា និល លូក​ម៉ា​ខាម​វ៉ាន ក្នុងការ​ប្រកួត​បន្ត​ក្នុង​ទឹក​៤​និង​ទឹក​៥​នោះ គឺ​បាន​ត្រឹម​ទប់​ការពារ​កណ្តាប់ដៃ​និង​ជើង​ទាត់​របស់​ចន្ទ្រា​ប៉ុណ្ណោះ ដែល​ធ្វើអោយ​ចប់​ការប្រកួត និល លូក​ម៉ា​ខាម​វ៉ាន ចាញ់​ឡៅ ចន្ទ្រា ដោយ​ពិន្ទុ ។​
អ្នក​ប្រដាល់​ថៃ​រូបនេះ មិនធម្មតា​ទេ ដោយមាន​កំណត់ត្រា​ប្រកួត​ចំនួន ១០៥​លើក ដោយ​វាយ​ឈ្នះ​៨០​លើក ចាញ់​២១​លើក និង​ស្មើ​០៤​លើក ។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះឡើយ ។

ចំពោះ​អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ដែល​ត្រូវគេ​ផ្តល់​ឳ​កាស​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​គ្រៀង ក្រៃ (Kreng Krai Tor. Silachai) ដោយ​ប្រកួត​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម នោះ បាន​ត្រូវ​គ្រៀង ក្រៃ វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ដោយ​កែង​១​កែង​ចំ​ថ្គាម​។

គ្រៀង ក្រៃ គេ​ជា​ជើង​ខ្លាំង​ជើងចាស់​នៅ​ស្រុកថៃ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ស្រុក​ខ្មែរ​ម្តង​ហើយ​កាលពីពេល​កន្លងមក ។ គ្រៀង ក្រៃ​នេះ មិនធម្មតា​ដែរ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះឡើយ ។ តែ​មក​លើក​មុន គ្រៀង ក្រៃ ត្រូវ ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ វាយ​អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី ៥ ។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែល​ត្រូវបាន​គេ​ផ្តល់​ឪ​កាស​ជួប​សងសឹក សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នោះ គឺ​ធ្វើ​មិនបាន​សម្រេច​នោះឡើយ ដោយ​ប្រកួត​ចាញ់​សុខ សុវណ្ណ​ដោយ​ពិន្ទុ​ទៀត ។

សូមបញ្ជាក់ថា ពួកគេ​ទាំងពីរ​នេះ ធ្លាប់បាន​ប៉ះគ្នា​២​ដង​ហើយ​កន្លងមក ដោយនូវ ដា​រ៉ូ ចាញ់ សុវណ្ណ ដោយ​ពិន្ទុ​ទាំង​ពីរដង ហើយ​លើក​នេះ​ទៀត​ឡើង​៣​ដង​ហើយ ៕

វង្ស វិឆ័យ សងសឹក​ខាំ ផាន្នី ឯ ម៉ន ព្រហ្ម​ម៉ាញ ជួប ធឹ​ម ទាន់ នៅ​សង្វៀន​ស្ទឹងមានជ័យ​
​វង្ស វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ បាន​សងសឹក ខាំ ផានី អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ បានសម្រេច ដោយ​យកឈ្នះ​ពិន្ទុ​លើ​ខាំ ផានី​ដោយ​ពិន្ទុ ក្នុង​ការជួប​សងសឹក កាលពី​ថ្ងៃ​សៅរ៍​ទី​០៩​កុ​ម្ភៈ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ។​

អ្នក​ប្រដាល់​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក គេ​បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ធឹ​ម ទាន់ ក្លិប​រាជសីហ៍​ខេត្តរតនគិរី ក្នុង​ទឹក​ទី​៤ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​

អ្នក​ប្រដាល់​ជើងចាស់​ម៉ៅ រិទ្ធី ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើងចាស់​ម៉ន ខួច ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ពិន្ទុ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។​

ចំណែក ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ឈ្នះ ផង់ សាម​ឡេ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ដោយ​ពិន្ទុ ៕

រិ​ន សា​រ័ត្ន​ចាញ់ Loom Leng ឯ សៀវ ង៉ុ​យ ឈ្នះ Roung Sayam នៅ​សង្វៀន SEA -TV
​រិ​ន សា​រ័ត្ន អ្នក​ប្រដាល់​ស្រករ​ក្រោយ​កម្ពុជា ក្លិប​ថប់​ធៀ​ម ខេ​ម​បូ​ឌា ដែល​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​Loom Leng ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ កាលពី​រសៀល​ថ្ងៃទី​០៩​កុ​ម្ភៈ​២០១៩ នៅលើ​សង្វៀន​SEATV នោះ បាន​វាយ​ចាញ់ Loom Leng ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។​

អ្នក​ប្រដាល់​ក្លិប​ថប់​ធៀ​ម ខេ​ម​បូ​ឌា​នេះ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នៅ​សង្វៀន​SEATV​នេះ ទើបតែ​បាន​៤​លើក​ប៉ុណ្ណោះ ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​០៥ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ​។ ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​៤​នោះ សា​រ័ត្ន​វាយ​ឈ្នះ​៣​លើក​និង​ចាញ់​១​លើក​។​

សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Roung Sayam ដោយ​ពិន្ទុ ។ ពួកគេ​ទាំងពីរ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧ គ​.​ក្រ ។ Roung Sayam ដែលជា​គូ​របស់​សៀវ ង៉ុ​យ​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅលើ​សង្វៀន​ស្រុក​ខ្មែរ​នោះទេ ។​

សម្រាប់​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​ប្រកួត​ឈ្នះ សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ហើយ​ភុំ សា​រ៉ា​យ អ្នក​ប្រដាល់​ជើងចាស់​មកពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ចាញ់ ឃឹម ពេ​ព្រ​ចិន្តា អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ក្នុង​ទឹក​ទី​៣ ខ​ណៈ​ដែល​ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ស្មើ​ជាមួយ តាំង តាក់ អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​ជ័យ៕