ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ ៖ អារ៉ាប៊ីសាអ៊ូឌីត​មិនដឹងថា​សាកសព​របស់លោក Khashoggi នៅ​កន្លែង​ណា​ទេ​

មន្ត្រី​ការបរទេស​ជាន់ខ្ពស់​មួយរូប​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​ មិនដឹង​ពី​ទីតាំង​នៃ​សាកសព​របស់​អ្នកកាសែត Jamal Khashoggi ទេ​ បើទោះបីជា​បាន​ឃុំឃាំង​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​មួយក្រុម​ដែល​បានសម្លាប់​គាត់​ក៏ដោយ​។​

អ្នកកាសែត​ប្រឆាំង​រូបនេះ​ត្រូវបាន​គេ​បំបែក​សាកសព​បន្ទាប់ពី​ការសម្លាប់​របស់គាត់​កាលពី​ថ្ងៃទី​២​ខែតុលា​នៅក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប៉ុន្តែ​សាកសព​របស់គាត់​នៅ​មិនទាន់​ត្រូវបាន​គេ​រកឃើញ​នៅឡើយ​ទេ​។​

លោក Adel al-Jubeir រដ្ឋមន្ត្រី​ក្រសួងការបរទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថា ការធ្វើឃាត​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ធ្វើ​សកម្មភាព​នៅ​ខាងក្រៅ​ដែន​សមត្ថកិច្ច​របស់​ពួកគេ​ហើយ​ថា មនុស្ស​ចំនួន​១១​នាក់​ត្រូវបាន​ចោទប្រកាន់​សម្រាប់​បទឧក្រិដ្ឋ​នេះ​។​

ប៉ុន្តែ​នៅពេល​សួរថា​តើ​សាកសព​របស់លោក Khashoggi នៅ​កន្លែង​ណា គាត់​បាន​ប្រាប់​កម្មវិធី “Face the Nation” របស់​ទូរទស្សន៍ CBS ថា “​យើង​មិនដឹង​ទេ​”​។​

លោក Jubeir បាន​និយាយថា ព្រះរាជអាជ្ញា​សាធារណៈ​ដែល​ទទួលខុសត្រូវ​លើ​ករណីនេះ​បាន​ស្វែងរក​ភស្តុតាង​ពី​ប្រទេស​ទួរគី​ប៉ុន្តែ​មិន​ទទួលបាន​ការឆ្លើយតប​ណាមួយ​ឡើយ​។​
​ហើយ​នៅពេល​សួរថា តើ​ហេតុអ្វី​បានជា​អ្នក​ជាប់ឃុំ​មិនអាច​ប្រាប់​ពួកគេ​ពី​កន្លែង​លាក់​សាកសព​នោះ​, លោក Jubeir បាន​ឆ្លើយតប​ថា “​យើង​កំពុង​ស៊ើបអង្កេត​”​។​

លោក​និយាយថា “​ឥឡូវនេះ​យើង​មានលទ្ធភាព​មួយចំនួន​ហើយ​យើង​កំពុង​សួរ​ពួកគេ​ថា​តើ​ពួកគេ​បានធ្វើ​អ្វីខ្លះ​ជាមួយនឹង​សាកសព​ហើយ​ខ្ញុំ​គិតថា ការស៊ើបអង្កេត​នេះ​កំពុង​បន្ត​ហើយ​ខ្ញុំ​រំពឹងថា នៅ​ទីបំផុត​យើង​នឹង​រកឃើញ​ការពិត​”​។​

គួរ​បញ្ជាក់ថា លោក Jubeir ត្រូវបាន​គេ​សម្ភាសន៍​កាលពី​ថ្ងៃ​សុក្រ​ដែលជា​ថ្ងៃ​តែមួយ​ដែល​លោក​ប្រធានាធិបតី Donald Trump មិន​អើពើ​នឹង​កាលបរិច្ឆេទ​របស់​សភា​សម្រាប់​ការធ្វើ​សេចក្តីរាយការណ៍​អំពី​អ្នក​ដែល​ធ្វើឃាត​លោក Khashoggi​។​

CIA បាន​សន្និដ្ឋានថា ប្រតិបត្តិការ​របស់​អា​រ៉ាប៊ីសាអ៊ូឌីត​ទំនងជា​ត្រូវ​បញ្ជា​ដោយ​រាជទាយាទ Mohammed bin Salman ៕ AFP