ព័ត៍មានទាន់​ហេតុការណ៏
Search

នាវា​ពិឃាដ​អាមេរិក​ ធ្វើ​ដំណើរ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ស្រប​ពេល​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ចន្ទ នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង​ បានធ្វើ​ដំណើរ​នៅ​ជិត​ប្រជុំ​កោះ​ ដែល​អះអាង​ដោយ​ប្រទេស​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដែល​នេះ​ជា​ទង្វើ​មួយ​អាច​នឹង​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹងសម្បា​ស្រប​ពេល​មាន​ទំនាក់ទំនង​តានតឹង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​។​

ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ជាប់​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ហើយ​ភាគី​ទាំងពីរ​កំពុង​ព្យាយាម​ឈាន​ឲ្យ​ដល់​កិច្ចព្រមព្រៀង​មួយ​មុនពេល​កំណត់​ថ្ងៃទី​១​ខែមីនា​នៅពេលដែល​ពន្ធ​អាមេរិក​លើ​ការនាំ​ចូល​របស់​ចិន​ក្នុងតម្លៃ​២០០​ពាន់​លាន​ដុល្លារ​ត្រូវបាន​កំណត់ថា​នឹង​កើនឡើង​ពី​១០​ភាគរយ​ដល់​២៥​ភាគរយ​។​

ការកើនឡើង​នៃ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ត្រូវ​ខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​និង​បណ្តាល​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​មាន​ភាពចលាចល​។​

មន្ត្រី​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា នាវា​ពិឃាដ​នាំ​ផ្លូវ​មី​ស៊ី​ល​ចំនួន​ពីរ​គ្រឿង​បានធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​១២​ម៉ា​យល៍​នៃ​ថ្ម​ប៉ប្រះ​ទឹក Mischief នៅក្នុង​ប្រជុំ​កោះ Spratly ដែលមាន​ជម្លោះ​។​

ប្រតិបត្តិការ​នេះ​គឺជា​ការប៉ុនប៉ង​ចុងក្រោយ​បំផុត​ដើម្បី​ប្រឆាំងនឹង​អ្វីដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញថា​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​ក្រុង​ប៉េកាំង​ដើម្បី​ដាក់​កម្រិត​លើ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅក្នុង​ដែនសមុទ្រ​យុទ្ធសាស្ត្រ​ដែលជា​កន្លែង​កងទ័ពជើងទឹក​ចិន ជប៉ុន​និង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន​ធ្វើ​ប្រតិបត្តិការ​។​

ប្រទេស​ចិន​បានទាមទារ​ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ជារឿយៗ​បាន​រិះគន់​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ពាក់ព័ន្ធ​ប្រតិបត្តិការ​កងទ័ពជើងទឹក​នៅក្បែរ​ប្រជុំ​កោះ​ដែល​កាន់កាប់​ដោយ​ប្រទេស​ចិន​។​

ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​បា​នប​ង្ក​ជម្លោះ​ជាមួយគ្នា​ទៅវិញទៅមក​ម្តង​ហើយ​ម្តងទៀត​កា​ពី​អតីតកាល​លើ​អ្វីដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា​ជាការ​ធ្វើ​យោ​ធូប​នីយកម្ម​របស់​ទីក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ការកសាង​ប្រព័ន្ធ​យោធា​នៅលើ​កោះ​សិប្បនិម្មិត​និង​ថ្ម​ប៉ប្រះ​ទឹក​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114