ព័ត៍មានទាន់​ហេតុការណ៏
Search

មានការ​គំរាមកំហែង​បិទ​រដ្ឋាភិបាល​ជាថ្មី​ ខណៈ​កិច្ចចរចា​ស្តីពី​កញ្ចប់​ថវិកា​របស់​សហ​រដ្ឋ​អាមេរិក​ត្រូវ​ជាប់គាំង

អ្នកចរចា​គណបក្ស​សាធារណរដ្ឋ​ដ៏​សំខាន់​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការចរចា​ស្តីពី​កញ្ចប់​ថវិកា​របស់​សហ​រដ្ឋ​អាមេរិក​បាន​ប៉ះពាល់​បន្ថែមទៀត​ដល់​ភាពទាល់ច្រក​លើ​បញ្ហា​អន្តោប្រវេសន៍​ដែល​បង្ក​ឲ្យ​មានការ​រំពឹងទុក​អំពី​ការបិទ​រដ្ឋាភិបាល​ជា​លើក​ទី​ពីរ​ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​ឈានដល់​ត្រឹម​ថ្ងៃ​កំណត់​នៅក្នុង​សប្តាហ៍​នេះ​ទេនោះ​។​

លោក Richard Shelby ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ព្រឹទ្ធសភា​បាន​និយាយ​ក្នុង​កម្មវិធី Fox News Sunday កាលពី​ថ្ងៃអាទិត្យ​ថា “​ខ្ញុំ​គិតថា កិច្ចចរចា​ត្រូវ​ជាប់គាំង​នៅពេលនេះ​”​។​

ថ្ងៃ​ផុតកំណត់​សម្រាប់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការផ្តល់​មូលនិធិ​ដើម្បី​រក្សា​រដ្ឋាភិបាល​ឲ្យ​បើកចំហ​គឺ​ថ្ងៃ​សុក្រ​ដែល​នេះ​បាន​បង្កើន​ការរំពឹងទុក​អំពី​ការបិទ​ជាថ្មី​នៃ​ផ្នែក​ខ្លះ​ដែលមាន​រយៈពេល​៣៥​ថ្ងៃ​ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២៥​ខែមករា​ហើយ​នោះ​ជា​រយៈពេល​វែង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​។​

ក្រុម​អ្នកចរចា​បានបង្ហាញ​ពី​សុទិដ្ឋិនិយម​កាលពី​ថ្ងៃ​សុក្រ​ថា កិច្ចព្រមព្រៀង​មួយ​នឹង​ត្រូវបាន​ឈានដល់​ដែល​រួមបញ្ចូល​ទាំង​ថវិកា​មួយចំនួន​សម្រាប់​ជញ្ជាំង​ព្រំដែន​ផងដែរ​បើទោះបីជា​តិចជាង​ចំនួន​ទឹកប្រាក់​៥.៦​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​លោក​ប្រធានាធិបតី Donald Trump ទាមទារ​ក៏ដោយ​។​

លោក Shelby បាន​ស្តីបន្ទោស​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការជាប់គាំង​ចុងក្រោយ​បំផុត​ដោយ​និយាយថា ពួកគេ​ចង់​គ្របដណ្តប់​ចំនួន​គ្រែ​នៅ​មណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​។​

លោក​បាន​និយាយ​ដោយ​សំដៅ​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​គយ (ICE) ថា “​ពេលវេលា​កំពុងធ្វើដំណើរ​ទៅមុខ​ប៉ុន្តែ​យើង​ទទួលបាន​បញ្ហា​មួយចំនួន​ជាមួយនឹង​គណបក្ស​ប្រជាធិបតេយ្យ​ដែលមាន​ទំនាក់ទំនង​ទៅនឹង ICE”​។​

លោក Trump ដែល​នៅ​ថ្ងៃ​ចន្ទ​បានទទួល​ស្វាគមន៍​ក្រុម​អ្នកគាំទ្រ​នៅតាម​ព្រំដែន​រដ្ឋ​តិច​សា​ស់បាន​និយាយថា ក្រុម​អ្នកចរចា​បក្ស​ប្រជាធិបតេយ្យ​កំពុង​ត្រូវបាន​បំផ្លាញ​សកម្មភាព​ដោយ​មេដឹកនាំ​គណបក្ស​របស់​ពួកគេ​។​

លោក​បាន​បង្ហោះ Twitter ថា “​ពួកគេ​បាន​ផ្តល់ប្រាក់​តិចតួច​ណាស់​សម្រាប់​ជញ្ជាំង​ព្រំដែន​ដែល​ត្រូវការ​ជា​ចាំបាច់​ហើយ​ឥឡូវនេះ​ពួកគេ​ចង់​គ្របដណ្តប់​លើ​ឧក្រិដ្ឋជន​ហិង្សា​ដែល​រង​ការផ្តន្ទាទោស​ដែល​ត្រូវបាន​គេ​ឃុំឃាំង​នៅក្នុង​មណ្ឌល​!”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114