ព័ត៍មានទាន់​ហេតុការណ៏
Search

បិទទ្វារ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​ បន្ទាប់ពី​ម្ចាស់​ទីតាំង​បាញ់​កាប់​ចាក់​ភ្ញៀវ​ចិន​របួស​ស្ទើរ​ស្លាប់

បន្ទាយមានជ័យ​ ៖​ អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​បានសម្រេច​បិទទ្វារ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃទី ១១​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ បន្ទាប់ពី​មានការ​បាញ់​បោះ និង​កាប់​ចាក់​រវាង​មនុស្ស​ពីរ​ក្រុម បណ្តាល​អោយ​មាន​អ្នក​រងរបួស​ដោយ​អាវុធ។

អំពើ​ហិង្សា​នេះ​ កើតឡើង​នៅ​ម៉ោង​៤​ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​មនុស្ស​ពីរ​ក្រុម​មាន​ជនជាតិ​ចិន​និង​ខ្មែរ និង​មួយក្រុម​ទៀត​ជា​ភ្ញៀវ​ក្នុង​ខារ៉ាអូខេ និង​មួយ​ក្រុម​ទៀត​សង្ស័យ​ជា​ម្ចាស់​ខារ៉ាអូខេ។

មុនពេល​កើតហេតុ​វេលា​ម៉ោង​៤​ទៀបភ្លឺ​គេ​ឃើញ​មនុស្ស​មួយក្រុម​មាន​គ្នា​យ៉ាងតិច​៨​នាក់ ប្រដាប់​ដោយ​អាវុធ ដំបង កាំបិត​គ្រប់​ដៃ ខ្លះ​បិទមុខ​ដឹក​ដោយ​រថយន្ត​ទូ​រី​ស​មួយគ្រឿង បាន​សម្រុក​ចូលទៅក្នុង​ខារ៉ាអូខេ​ខាងលើ​ ហើយ​បានធ្វើ​សកម្មភាព​វាយ​ទាត់​ធាក់​កាប់​និង​បាញ់​ទៅលើ​មនុស្ស​មួយក្រុម​ដែល​កំពុង​ស្ថិតក្នុង​ខារ៉ាអូខេ​នោះ បណ្តាល​បុរស​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន ។​ ទី​២​ឈ្មោះ លីវ ហាវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ។​ ទី​៣.​ឈ្មោះ សុខ ស៊ុ​សាក់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​ឃាត់ខ្លួន។ ចំណែក បក្ខ ពួក ៥​នាក់​ទៀត ដែលជា​បុគ្គលិក​បម្រើការ​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា បានធ្វើ​សកម្មភាព វាយ​ជាមួយ​ក្រុម​ជនជាតិ​ចិន​ម្ខាង​ទៀត ដែល​មាន​គ្នា​៣​នាក់ ជា​ភ្ញៀវ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ ឡា​ហ្វី​រ៉ា។

គេ​កត់សម្គាល​ឃើញថា​ ពេល​មាន​ការកាប់ចាក់​គ្នា ខាង​ភាគី​ម្ចាស់​ខារ៉ាអូខេ​បាន​ប្រើប្រាស់​កាំភ្លើង​ដែល​មិន​ស្គាល់​ម៉ាក បាញ់​ទៅលើ​ជនរងគ្រោះ​ម្នាក់​បណ្ដាលអោយ​រងរបួស​ត្រង់​ភ្លៅ​ខាងស្ដាំ​មួយកន្លែង និង​វាយ​ដោយ​ដំបង​គ្រលាស់​បណ្ដាល​អោយ​រងរបួស​ធ្ងន់ធ្ងរ ។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​រើស​សំបក​គ្រាប់​និង​ក្បាល​គ្រាប់កាំភ្លើង​មិន​ស្គាល់​ម៉ាក ចំនួន​១​គ្រាប់។ លុះ​ព្រឹក​ព្រលឹម​ថ្ងៃទី​១១​កុម្ភៈ លោក មាស ច​ន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​ផ្ទាល់​ដល់​កន្លែង​កាស៊ីណូ ដើម្បី​ឆែក​រក​មូល​ហេតុដែល​ឈានដល់​ការបង្ក​ឲ្យ មាន​ករណី​បាញ់បោះ​នេះ និង​បាន​ឃាត់ខ្លួន​ភាគី​ម្ចាស់​ទីតាំង​ខារ៉ាអូខេ​ដែល​ប្រើ​កាំភ្លើង​បាញ់​ទៅលើ​ភ្ញៀវ ចំនួន​៣​នាក់ ចំណែក​៥​នាក់​ទៀត​គេចខ្លួនបាត់។​

ចំពោះ​ការត្រួតពិនិត្យ​ជាក់ស្ដែង​សមត្ថកិច្ច​ប្រមូលបាន​ភស្តុតាង​តិចតួច​បំផុត​ព្រោះ​ខាង​ម្ចាស់​ខារ៉ាអូខេ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​កងរាជអាវុធហត្ថ​​ បាន​បញ្ជា​អោយ​កូនចៅ​កាត់ផ្តាច់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ហើយ​មិន​ព្រម​ប្រគល់​អង្គ​ចងចាំ ( មេម៉ូរី ) ដែល​ថត​សកម្មភាព​នៃ​អំពើ​ហិង្សា​​​ក្នុង​ខារ៉ាអូខេ​នេះ​ទេ ទើប​ព្រះរាជអាជ្ញា​អម​តុលាការ​សម្រេច​បិទទ្វារ​ខារ៉ាអូខេ​នេះ​ជា​បណ្ដោះអាសន្ន​រង់ចាំ​ដល់​មានការ​សម្រេច​ជាថ្មី​ពី​តុលាការ៕
​  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114