ព័ត៍មានទាន់​ហេតុការណ៏
Search

សាធារណរដ្ឋ​កូរ៉េ ​ផ្តល់​សូ​ឡា​ស្រូប​ពន្លឺព្រះអាទិត្យ​ដល់​ប្រជាពលរដ្ឋ​តាម​ភូមិ​មួយ​ចំនួន​នៅ​កម្ពុជា​

កំពង់ស្ពឺ ៖ ​ក្នុង​គោលបំណង​ដើម្បី​ជួយ​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​ភូមិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ សាលាខេត្ត​គ្យុ​ង​ជី នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​ឧបត្ថម្ភ​សូ​ឡា​ស្រូប​ពន្លឺ​ព្រះអាទិត្យ​បច្ចេកវិទ្យា​ចុងក្រោយ​ដល់​ប្រជាពលរដ្ឋ​តាម​ភូមិ​មួយ​ចំនួន​នៅក្នុង​ប្រ​ទស​កម្ពុជា។

ពិធី​ប្រគល់​និង​ទទួល​ប្រព័ន្ធ​សូ​ឡា​ស្រូប​ពន្លឺ​ព្រះអាទិត្យ​តាម​ផ្ទះ​ចំនួន​១៥០​ឈុត​ និង​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​ចំនួន​១០​បង្គោល​ដល់​សាលាខេត្ត​កំពង់ស្ពឺ ជាមួយ​សាលាខេត្ត​គ្យុ​ង​ជី អង្គការ អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ហ្គូ​ដ​ភី​ផល​និង​ក្រុមហ៊ុន​ដា​វ៉ុ​ន​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ធ្វើឡើង​កាលពី​ពេល​ថ្មី​នេះ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជជ្រុ​ក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

លោក គឹម ឌេ​ហន់ (Daeheon)​ប្រធាន​គម្រោង​នៃ​អង្គការ​ហ្គូ​ដ​ភី​ផល​Good People បាន​ប្រាប់​ឲ្យ​ដឹងថា ការ​ផ្តល់​​​ជូន​ប្រជាពលរដ្ឋ ​​​ប្រព័ន្ធ​សូ​ឡា​ស្រូប​ពន្លឺព្រះអាទិត្យ​តាម​ផ្ទះ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​តាម​ភូមិ គឺ​អង្គការ​ហ្គូ​ដ​ភី​ផល​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៧​ដោយបាន​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​អេកូ​សម្តេច​ហ៊ុនសែន ខេត្តព្រះវិហារ​ចំនួន​២០០ សូ​ឡា ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ចំនួន​៣០០​សូ​ឡា​និង ចំនួន​១៥០​សូ​ឡា​និង​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​ចំនួន​១០​បង្គោល​ដល់​សាលាខេត្ត​កំពង់ស្ពឺ​និង​រដ្ឋបាល​ឃុំ​ជង្រុក​ក្នុង​ឆ្នាំ​២០១៨​ដែលជា​ឆ្នាំ​បញ្ចប់​គំរោង​នាពេលនេះ។

លោក គឹម ឌេ​ហន់ បាន​ឲ្យ​ដឹង​បន្ថែមថា ការផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​នូវ​ប្រព័ន្ធ​សូ​ឡា​ស្រូប​ពន្លឺព្រះអាទិត្យ​តាម​ផ្ទះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ODA នៅក្នុង​ប្រទេស​កូរ៉េ​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន​នៅតាម​ភូមិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​។​ គម្រោង​នេះ​ ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​សាលាខេត្ត​គ្យុ​ង​ជី​និង​ក្រោម​កិច្ចសហការ​ពី​ក្រុមហ៊ុន​ដា​វ៉ុ​ន​នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ហ្គូ​ដ​ភី​ផល​ ដែល​បាន​បំពេញការងារ​អស់ រយៈពេល​ជាង​១០​ឆ្នាំ​កន្លងទៅនេះ​នៅ​កម្ពុជា​។​ បន្ថែម​ពី​ការអនុវត្ត​គម្រោង អង្គការ​ហ្គូ​ដ​ភី​ផល​ក៏បាន​ជួយ​បង្រៀន​ដល់​ប្រជាជន​តាម​ភូមិ​ពី​របៀប​នៃ​ការប្រើប្រាស់​ប្រព​ន្ធ័​សូ​ឡា​ស្រូប​ពន្លឺព្រះអាទិត្យ ដោយ​សហការ​ជាមួយ​និស្សិត​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា​(NPIC)​ផងដែរ​។​ជាមួយគ្នានេះ​អង្គការ​ក៏មាន​ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុង​កិច្ចសហការ​អប់រំ​និង​គាំទ្រ​ដល់​កុមារ​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម​និង​កំពង់ស្ពឺ​ដែលមាន​ជីវភាព​ក្រីក្រ​មួយចំនួន​ឲ្យ​ទទួលបាន​សិក្សា​ពី​ថ្នាក់បឋមសិក្សា​រហូតដល់​ថ្នាក់​វិទ្យាល័យ​។​

លោក ហែម សុគា ពលរដ្ឋ​រស់នៅ​ឃុំ​ជ​ជ្រុ​ក ស្រុក​គងពិសី ដែល​បានទទួល​សូ​ឡា​ស្រូប​ពន្លឺព្រះអាទិត្យ បាន​ឲ្យ​ដឹងថា ​ប្រព័ន្ធ​សូ​ឡា​ស្រូប​ពន្លឺព្រះអាទិត្យ ឧបករណ៍​នេះ​នៅពេលដែល​សាក​ថ្ម​ពេញ​១០០%​អាច​ប្រើប្រាស់​បានជា​មួយ​អំពូល​៣​និង​កង្ហារ​១​រហូតដល់​៦​ម៉ោង​៣០​នាទី​។ ​វា​ជួយ​សន្សំសំចៃ​ថវិកា​ច្រើន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114