ព័ត៍មានទាន់​ហេតុការណ៏
Search

ការដក​កងទ័ព​អាមេរិក​នៅ​ប្រទេស​ស៊ី​រី​ទំនងជា​ចាប់ផ្តើម​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​

មេបញ្ជាការ​កំពូល​អាមេរិក​ដែល​មើល​ការខុសត្រូវ​កងកម្លាំង​អាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​ទំនងជា​នៅសល់​ពេល​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​សម្រាប់​ការចាប់ផ្តើម​ដក​កងទ័ព​ជើងគោក​ចេញពី​ប្រទេស​ស៊ី​រី​តាម​បញ្ជា​របស់លោក​ប្រធានាធិបតី Donald Trump​។​

ឧ​ត្ត​ម​សេនីយ៍​ឯក Joseph Votel ដែលជា​ប្រមុខ​បញ្ជាការ​កណ្តាល​អាមេរិក​បានកត់សម្គាល់​ថា ពេលវេលា​ពិតប្រាកដ​នឹង​ពឹង​ផ្អែកទៅលើ​ស្ថានការណ៍​នៅក្នុង​ប្រទេស​ស៊ី​រី​ដែលជា​កន្លែង​យុទ្ធជន​គាំទ្រ​ដោយ​អាមេរិក​បាន​បើក​ការវាយប្រហារ​ផ្តាច់ព្រ័ត្រ​លើ​តំបន់​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់​។​

យោធា​អាមេរិក​បានចាប់ផ្តើម​ដក​សម្ភារៈ​ចេញពី​ប្រទេស​ស៊ី​រី​រួចទៅហើយ​។ នៅពេល​សួរថា​តើ​ការដក​កងទ័ព​របស់​អាមេរិក​ជាង​២​ពាន់​នាក់​នឹង​ចាប់ផ្តើម​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​សប្តាហ៍​ទៀត​នោះ លោក Votel បាន​និយាយថា “​ប្រហែលជា​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុន្តែ​វា​នឹង​ត្រូវបាន​ជំរុញ​ដោយ​ស្ថានភាព​នៅលើ​ដី​”​។​

លោក Votel បាន​ប្រាប់​អ្នកយកព័ត៌មាន​ដែល​ធ្វើដំណើរ​ជាមួយ​គាត់​អំឡុង​ការធ្វើដំណើរ​មួយ​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ថា “​ទាក់ទង​នឹង​ការដក​ទ័ព​នេះ ខ្ញុំ​គិតថា​យើង​កំពុងធ្វើដំណើរ​តាមផ្លូវ​ដ៏​ត្រឹមត្រូវ​”​។​

ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​របស់លោក Trump នៅក្នុង​ខែធ្នូ​ដែលថា លោក​នឹង​ដក​កងទ័ព​អាមេរិក​ពី​ប្រទេស​ស៊ី​រី​បាន​បង្ក​ឲ្យ​មានការ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​លោក Jim Mattis ហើយ​បាន​បណ្តាល​ឲ្យ​មន្ត្រី​យោធា​អាមេរិក​ត្រូវ​ធ្វើការ​យ៉ាង​ញាប់ដៃ​ញាប់ជើង​ដើម្បី​បង្កើត​ផែនការ​ដកខ្លួន​។​

ទាហាន​រាប់រយ​នាក់​បន្ថែមទៀត​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ស៊ី​រី​ដើម្បី​សម្របសម្រួល​ការដក​ទ័ព​នេះ​។​
​មន្ត្រី​អាមេរិក​បាន​ប៉ាន់ប្រមាណ​ជា​យូរ​មកហើយ​ថា ការដក​ទ័ព​នៅ​ប្រទេស​ស៊ី​រី​អាច​ធ្វើឡើង​រហូតដល់​ខែមីនា​ឬ​មេសា​ដើម្បី​ប្រតិបត្តិ​ឲ្យ​បាន​ពេញលេញ​ប៉ុន្តែ​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​កំណត់ពេល​វេលា​ពិតប្រាកដ​ដោយសារតែ​លក្ខខណ្ឌ​សមរភូមិ​។​

មាន​សំណួរ​ដ៏​ធំ​មួយ​ថា តើ​កងកម្លាំង​សហរដ្ឋអាមេរិក​មួយចំនួន​នៅ​ប្រទេស​ស៊ី​រី​អាច​រើ​ទៅ​ប្រទេស​អ៊ីរ៉ាក់​ដែល​នៅ​ជិតខាង​ដែរ​ឬក៏​យ៉ាងណា​។ អ៊ីរ៉ាក់​ជា​ប្រទេស​ដែល​សហរដ្ឋអាមេរិក​មាន​ទាហាន​ជាង​៥,០០០​នាក់​កំពុង​ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​បា​កដាដ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​ហើយ​រារាំង​ការ​ងើបឡើង​វិញ​របស់​ក្រុម​នេះ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114