ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​បញ្ចេញ​វីដេអូ​បង្ហាញ​ថា សេចក្តី​រាយការណ៍​អំពី​ការ​ស្លាប់​របស់​កវី​ជនជាតិ​អ៊ុយ​ហ្គ័​រ​គឺ​មិន​ពិត​ទេ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​ខ្លួន​និយាយថា វា​បង្ហាញថា កវី​ជនជាតិ​អ៊ុយ​ហ្គ័​រ​និង​ជា​តន្ត្រីករ​ឈ្មោះ Abdurehim Heyit នៅ​រស់រានមានជីវិត​ បន្ទាប់ពី​ប្រទេស​ទួរគី​បានលើកឡើង​ពី​សេចក្តីរាយការណ៍​នៃ​ការស្លាប់​របស់គាត់​ក្នុង​មន្ទីរឃុំឃាំង​ដោយ​ទួរគី​បាន​ថ្កោលទោស​ប្រើពាក្យ​ខ្លាំងៗ​អំពី “​ការរំលោភបំពាន​សិទ្ធិមនុស្ស​” នៅ​តំបន់​ស៊ីន​ជាំ​ង​។​

នៅក្នុង​វីដេអូ​ឃ្លី​ប​រយៈពេល​២៦​វិនាទី​ដែល​បង្ហោះ​តាម​អ៊ី​ន​ធឺ​ណេ​ត​ដោយ​សេវាកម្ម​ភាសា​ទួរគី​របស់​វិទ្យុ​អន្តរ​ជាតិចិន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​បានបង្ហាញ​ថា បុរស​ម្នាក់​ដែល​ពាក់​អាវយឺត​ពណ៌​ប្រផេះ​បានកំណត់​ខ្លួន​គាត់​ថា​មានឈ្មោះ Heyit មុនពេល​ប្រកាស​ខ្លួនឯង​ថា​មាន​សុខ​ភាពល្អ​។​

លោក​បាន​និយាយថា “​ថ្ងៃនេះ​គឺ​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៩​។ ខ្ញុំ​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​ស៊ើបអង្កេត​ពីបទ​បំពាន​ច្បាប់​ជាតិ​។ ឥឡូវនេះ​ខ្ញុំ​មាន​សុខ​ភាពល្អ​ហើយ​មិនដែល​ត្រូវបាន​គេ​រំលោភបំពាន​ឡើយ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ រ៉​យ​ទ័​រ​មិនអាច​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​វីដេអូ​នេះ​បានទេ​។​
​កាលពី​ថ្ងៃ​សៅរ៍ នៅក្នុង​សកម្មភាព​ដ៏​កម្រ​មួយ​ពី​ប្រទេស​មហាអំណាច​មូស្លីម​, ក្រសួងការបរទេស​ទួរគី​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​បិទ​ជំរំ​ឃុំឃាំង​សម្រាប់​អ្នក​កាន់សាសនា​ឥស្លាម​របស់ខ្លួន​ដោយ​ទទូចថា ជំរំ​ដែល​គេ​និយាយថា​បាន​ឃុំឃាំង​ជនជាតិ​អ៊ុយ​ហ្គ័​រ​រាប់លាន​នាក់​មួយ​នេះ​គឺ​បាន​ក្លាយទៅជា​ភាពអាម៉ាស់​យ៉ាងខ្លាំង​មួយ​ចំពោះ​មនុស្សជាតិ​។​

សេចក្តីថ្លែងការណ៍​នោះ​គឺ​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​ទាក់ទង​នឹង​របាយការណ៍​នាពេល​ថ្មីៗ​នេះ​ដែលថា លោក Heyit បាន​ស្លាប់​ខណៈពេល​កំពុង​ឃុំខ្លួន​នៅក្នុង​ប្រទេស​ចិន​ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​៨​ឆ្នាំ​សម្រាប់​បទ​ចម្រៀង​មួយ​បទ​ក្នុងចំណោម​បទ​ចម្រៀង​របស់គាត់​។​

អ្នកនាំពាក្យ​ក្រសួង​លោក Hami Aksoy បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​សោកនាដកម្ម​នេះ​បាន​ជំរុញ​បន្ថែមទៀត​នូវ​ប្រតិកម្ម​របស់​សាធារណជន​ទួរគី​ចំពោះ​ការរំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​”​។​

យ៉ាងណាក្តី ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​អង់កា​រ៉ា​បាន​និយាយថា ការចោទប្រកាន់​របស់​លោក Aksoy គឺ​ខុស​ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទួរគី​កែប្រែ​៕ REUTERS