ព័ត៍មានទាន់​ហេតុការណ៏
Search

នារី​វ័យក្មេង​ម្នាក់​ បាន​មក​លោតទឹក​ពីរ​ថ្ងៃ​ជាប់​គ្នា ​ប៉ុន្តែ​មិនបាន​សម្រេច​ដោយសារ​ម្តាយមីង​ស្តី​បន្ទោស​រឿង​ដើរលេង​ដាច់​យប់

ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​វេច​បង្វេច​មក​ឈរ​រេរា​លើ​ស្ពាន​ជ្រោយចង្វា​ ដើម្បី​ចង់​លោត ទឹកជា​លើក​ទី​២ ​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ទាន់ យក​មក​សួរនាំ​ហើយ​បាន​ឲ្យ​ដឹង​ថា ​ដោយសារ​ម្តាយមីង​ស្តី​បន្ទោស​រឿង ដើរលេង​ដាច់​យប់។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៤និង៣០នាទី​រសៀល​ ថ្ងៃទី១១ ខែកុម្ភៈ ​ឆ្នាំ២០១៩ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​។

នារី​រងគ្រោះ​មានឈ្មោះ​ស្រី​ម៉ៅ​អាយុ១៧ឆ្នាំ​ រស់នៅ​ផ្ទះ​ជួល​ជាមួយ​ម្តាយមីង​នៅមុខ​ហាង​កាដូ​ភូមិ​គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្នោត ឃុំបន្ទាយមាស​ ស្រុក​ទូក​មាស​ ខេត្តកំពត។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​នារី​រងគ្រោះ​បាន​ដែល​សម្រេចចិត្ត​លោតទឹក​នោះ​ កាលពី​ថ្ងៃទី១០ ខែ​កុ​ម្ភៈ ឆ្នាំ២០១៩ ​មក​លោត​ម្តង​ហើយ​វេលា​ម៉ោង១១និង៣០នាទី​ ប៉ុន្តែ​មិនបាន​សម្រេច​ក៏​មាន​គេ​ជួយ​ទាន់​ ហើយ​អ្វី​ដែល​ប្លែក​ គឺ​ថ្ងៃនេះ​នារី​ដដែល​បាន​មក​ម្តងទៀត​ ដើម្បី​ប៉ុនប៉ង​លោក​ទឹក​ប៉ុន្តែ​ត្រូវ​បាន​គេ​ជួយ​ទាន់​ទៀត។ មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ខាងលើ​គិត​ខ្លី​ដោយសារតែ​ដើរលេង​ដាច់​យប់​ហើយ​ត្រូវ​យក​ម្តាយមីង​ស្តី​បន្ទោស​ឲ្យ​បន្តិចបន្តួច​ក៏​សម្រេចចិត្ត​មក​លោតទឹក​តែម្ដង។

សូម​បញ្ជាក់​ថា ​នារី​ដែល​ប៉ុនប៉ង​លោតទឹក​មិនបាន​សម្រេច​ ត្រូវ​ម្តាយមីង​យក​ទៅ​វិញ​ដើម្បី​អប់រំ​ណែនាំ ទាំង​២​ថ្ងៃ៕