ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​កាច់​កញ្ចក់​រថយន្ត​គេ ចៃដន្យ​ម្ចាស់​គេ​មក​ទាន់​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច

ភ្នំពេញ​ ៖ បុរស​ម្នាក់​ ត្រូវ​បាន​ប្រជាជន​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​ ដោយសារតែ​បុរស​រូប​នោះ​បាន​លួច​កាច់​កញ្ចក់​រថយន្ត​គេ នៅ​តាមផ្លូវ​លេខ​១៩៨៦​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​ថ្ងៃទី​១០ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩​។

​ជន​ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន​ខាងលើ ឈ្មោះ អិន សុធា​រ៉ា ហៅ​ក្តិ​ប អាយុ​២៥​ឆ្នាំ​គ្មាន​មុខរបរ​មាន​ទីលំនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ។

មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ អិន សុធា​រ៉ា ត្រូវ​ចាប់ខ្លួន​និង​ចោទប្រកាន់​ដោយ​ឈ្មោះ កែវ សិលា ភេទ​ប្រុស អាយុ៣៦​ឆ្នាំ មុខរបរ​ម្ចាស់​ក្លឹប​កំសាន្ត​ខារ៉ាអូខេ យីហោ ប៊ី​ក អូ​រ៉ែ​ង មាន​ទីតាំងនៅ​កន្លែង​កើតហេតុ (​ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី​)​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​(​ដើមចោទ​) បាន​ជិះ​រថ​យន្ត ម៉ាក​ហាយ​ឡែ​ន​ឌឺរ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AP-6649 មក​ឈប់​នៅមុខ​ក្លឹប​ខារ៉ាអូខេ របស់​គាត់​ហើយ​បាន​ដើរ​ចូល​មក​ធ្វើការ​នៅក្នុង​ហាង​របស់​គាត់​។ ក្រោយ​មក​នៅវេលា​ម៉ោង​២២​យប់​ គាត់​ក៏បាន​ចុះ​មក​វិញ​ស្រាប់តែ​ឃើញ​បុរស​ឈ្មោះ អិន សុធា​រ៉ា (​ជនសង្ស័យ​ខាងលើ​) កំពុង​កាច់​កញ្ចក់​សម្រាប់​ឆ្លុះ​មើល​ក្រោយ​នៃ​ទ្វារ រថយន្ត​របស់គាត់​នៅ​ខាងឆ្វេង បានសម្រេច​ហើយ​កាន់​បំរុង​ដើរចេញ​ប៉ុន្តែ​ភ្លាម​នោះ​ គាត់​ក៏បាន​ចាប់ខ្លួន​ឃាត់ទុក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​មក​ចាត់ការ​តាមច្បាប់​តែម្តង​។

ចំណែក​ជនសង្ស័យ​ក៏បាន​សារភាព​ដោយសារ​គ្មានអ្វី​ត្រូវ​ប្រកែក​ដោះសា​ព្រោះ​តែ​ម្ចាស់​រថយន្ត​មក​ទាន់​ជាក់ស្តែង​ពេក ដែល​ជន​នេះ​មិន​ភ័យ​តក់ស្លុត​អ្វី​ឡើយ​បែរជា​ញញឹម​យ៉ាង​ស្រស់​ធម្មតា​ទៅវិញ​។

ប៉ូលិស​និយាយ​ថា កន្លងមក​មាន​អ្នក​បាត់​កញ្ចក់​រថយន្ត​ដូច្នេះ​ច្រើន​ករណី​ណាស់​ ដោយ​រកមុខ​ចោរ​មិនឃើញ​ និង ​កម្រ​ចាប់បាន​ចោរ​ណាស់ ​ទើបតែ​ពេលនេះ​អស់លក្ខណ៍​ជាប់អន្ទាក់​សមត្ថកិច្ចម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114