ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ុន ចាន់ថុល ជំ​រុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ក្រេប​យក ចំណេះដឹង​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ចន្ទ ៧​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ ជា​អធិបតី ក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ ដល់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង។

កម្មវិធី​វគ្គ​បណ្តុះបណ្តាល​នេះ សហការ​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយនឹង មជ្ឈមណ្ឌល Center of Asia Leadership Initiatives (CALI) ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩។

វគ្គ​បណ្តុះបណ្តាល​ទី​១​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​ចំនួន ៥០​រូប ចំណែក​វគ្គ​បណ្តុះបណ្តាល​ទី​២ នឹង​ត្រូវ​ធ្វើឡើង​នៅ​ខេត្ត ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​ចំនួន ៥០​រូប​បន្ថែមទៀត​។

វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​រៀបចំឡើង​សម្រាប់​មន្ត្រីរាជការ​ជា​ថ្នាក់ដឹកនាំ​របស់​ក្រសួង ដើម្បី​បង្កើន​នូវ ចំណេះដឹង​ផ្ទាល់ខ្លួន និង​សម្រាប់​អង្គភាព​របស់​ខ្លួន​លើ​ជំនាញ​ភាពជា​អ្នកដឹកនាំ ក្នុង​គោលដៅ​បង្កើត​នូវ គំនិត​ផ្តួចផ្តើម​ថ្មីៗ​លើ​ការបង្កើន​ប្រសិទ្ធភាព​ការងារ​នៅក្នុង​អង្គភាព​និង​សហគមន៍​របស់ខ្លួន​។

ថ្លែង​នៅក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ លោក Faustino John Lim សហ​ស្ថា​និក និង​ជានា​យក កិច្ចការ​អន្តរជាតិ​នៃ​មជ្ឈមណ្ឌល Center of Asia Leadership បាន​ផ្តាំ​ផ្ញើ​ឲ្យ​សិក្ខាកាម​ទាំង​អស់​ចងចាំ​នូវ​ចំណុច​បួន​យ៉ាង​គឺ ទីមួយ ចូលរួម​ឲ្យ​បាន​សកម្ម ដើម្បី​បង្ហាញ​អំពី​ទស្សនៈ​របស់​ខ្លួន ទី​ពីរ ចែករំលែក​បទ​ពិសោធ​ន៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​កំពុង​ពិភាក្សា ទី​បី ភ្ជាប់​ប្រធានបទ​និង​ករណី​សិក្សា​ទៅនឹង អង្គភាព​របស់​ខ្លួន បញ្ហា​ប្រឈម​ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ របស់​ខ្លួនឯង និង​ចំនុច​ទី​បួន ចំណាយពេល​វេលា​នេះ​ជា​ឱកាស​ក្នុងការ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​សិក្សា​ពីគ្នា​ទៅវិញទៅមក​។

ជា​មួយ​គ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ ជា​ឱកាស​ដ៏​កម្រ​ក្នុង ការពង្រីក​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន ព្រមទាំង​ផ្តល់ឱកាស​ដល់​មន្ត្រីរាជកា​រ​ជា​អ្នកដឹកនាំ​របស់​យើង បាន​សិក្សា​ស្វែងយល់​ពី​ជំនាញ​សំខាន់ៗ​ចាំបាច់​ក្នុងការ​ចូលរួម​ចំណែក​ប្រកបដោយ​ភាព​វិជ្ជមាន ដើម្បី ដឹកនាំ​ក្រសួង ក៏ដូចជា​ប្រទេសជាតិ​ឆ្ពោះទៅកាន់​ការរីកចម្រើន​លូតលាស់​បន្ថែមទៀត​។

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែម​ថា​ ឆ្នាំនេះ​ជា​ឆ្នាំ​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​មន្ត្រី ដូច្នេះ​សិក្ខាកាម​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ យកចិត្តទុកដាក់ ចែករំលែក​ការអនុវត្ត​ល្អៗ ក្រេបជញ្ជក់​យកចំណេះ​ដឹង និង​បទពិសោធន៍​ល្អ​ពី​គ្រូ​បណ្តុះបណ្តាល ពិសេស​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុងការ​ពិភាក្សា ប្រកបដោយ​ផ្លែផ្កា និង​បាន​ក្រើន​រំលឹកថា “​យើង​អាច​ដឹកសេះ​ទៅ​កន្លែង​ទឹកបាន ប៉ុន្តែ​យើង​មិនអាច បង្ខំ​សេះ​ឲ្យ​ផឹកទឹក​បានទេ​”​។

លោក​ទេសរដ្ឋមន្ត្រី ដែល​ជា​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ Harvard បានទទួល​ស្គាល់​ផងដែរ​ថា កម្មវិធី​បណ្តុះបណ្តាល​នេះ នឹង​ផ្តល់​ឱកាស​ដល់​មន្ត្រីរាជកា​រ​គ្រប់រូប ក្នុង​ការបើក​ចិត្ត​ឲ្យ​ទូលាយ និង​រៀន អភិវឌ្ឍ​ខ្លួន​ឲ្យ​ទៅ​ជា​អ្នកដឹកនាំ ដូចដែល​លោក​ធ្លាប់​ទទួលបាន​បទ​ពិសោធ​ន៍​សម្រាប់​ចំណេះ​ជំនាញ ផ្ទាល់ខ្លួន និង​ជំនាញ​វិជ្ជាជីវៈ​ផងដែរ​។

សូម​ជម្រាប​ជូន​ថា វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ថ្ងៃ​ទាំង​២​វគ្គ​នេះ នឹង​ពិភាក្សា​លើ​ករណី​សិក្សា សំខាន់ៗ ដែល​បាន​សម្រិតសម្រាំង​ឡើង​យ៉ាង​ពិសេស​សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ថ្នាក់កណ្តាល ដែល​បម្រើ​ការងារ​ក្នុង​វិស័យ សាធារណៈ ស្របតាម​ក្របខ័ណ្ឌ និង​វិធីសាស្ត្រ​បង្រៀន​នៅ​មហាវិទ្យាល័យ Harvard Kennedy School of Government និង​មហាវិទ្យាល័យ Harvard Business School៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114