ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា ២ នាក់ ដែល​ពាក់ព័ន្ធ ការ​រក្សាទុក​ថ្នាំញៀន ត្រូវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន ២ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​បានជា​បន្តបន្ទាប់ ទៅតាម​ការ​ឯកភាព​របស់​លោក​ព្រះរាជអាជ្ញា ផងដែរ ខណៈ​ដែល​កម្លាំង​បាន​ចុះ​ល្បាត​តាម​ដងផ្លូវ។

កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលា​ម៉ោង ៩ និង ៤៥ នាទី យប់ នៅ​ចំណុច ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ​ខេត្តបាត់ដំបង គឺ​ខណៈ​ដែល​កម្លាំង​ចេញ​ល្បាត​តាម​ដងផ្លូវ ហើយ​មានការ​សង្ស័យ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ ធី ស៊ី​ថៃ ហៅ​វ៉ិត ភេទ​ប្រុស​ អាយុ ២៦ ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ២ ថង់ ស្មើនឹង​ទម្ងន់ ២,៥៦ ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន ១ ទូរស័ព្ទដៃ ១ គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ មួយចំនួនទៀត។

ក្រោយពី​ទទួល​បាន​នូវ​ចម្លើយ​សារភាព និង​ដោយមាន​ការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា ផង​នោះ សមត្ថកិច្ច​បាន​បន្ត​កិច្ចប្រតិបត្តិការ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​បាន​ម្នាក់​បន្ថែម​ទៀត ដែល​មានឈ្មោះ យ៉ុ​ន ចាន់​រ៉ា ហៅ​លិញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដោយ​ដកហូត​បាន​ទូរស័ព្ទ​ដៃ ១ គ្រឿង ប៉ុណ្ណោះ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ ត្រូវ​បាន​កម្លាំង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ ក្នុង​ការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕