ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រះ​ទឹក​មួយកន្លែង​ទំហំ​ជាង ១ ហិកតា ដែលជា​អំណោយ​របស់ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចាប់​ផ្តើម​បើក​ការដ្ឋាន ហើយ

ឧ​ត្ត​រ​មានជ័យ ៖ ស្រះ​ទឹក​មួយកន្លែង​ទំហំ​ជាង ១ ហិកតា ដែល​ជា​អំណោយ​របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ផ្តល់​ជូន​សម្រាប់​ស្តុក​ទឹក​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ដូចជា​កងទ័ព និង​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ត្រូវ​បាន​លោក ប៉ែន កុស​ល្យ អភិបាល នៃ​គណ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​ការដ្ឋាន ជីក ហើយ នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ។

ការ​បើក​ការដ្ឋាន​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធាន និង​ឧតុនិយម និង​លោក ប៉ែន កុសល អភិបាល នៃ​គណ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​អភិបាលរង និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្ថិតក្នុង​សង្កាត់​សំរោង ក្រុង​សំរោង នា​រសៀល​ថ្ងៃ​សៅរ៍ ៥​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ​។

ក្រសួង បាន​ឲ្យ​ដឹង​ថា ក្រោយពី​ពិនិត្យ រួច ដំណោះស្រាយ​ចំពោះមុខ លោក អភិបាលខេត្ត បានសម្រេច​ផ្តល់នូវ​ទឹក​ស្អាត ចំនួន ១០ ម៉ែត្រគូប ក្នុង ០១ ថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​ប្រចាំថ្ងៃ​នៅក្នុង​ពន្ធនាគារ ហើយ​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក៏​បាន​ផ្តល់​ជា​ថវិកា​ចំនួន ១.០០០ ដុល្លារ​សហរដ្ឋអាមេរិក ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដើម្បី​ទិញ​ស៊ីទែន​ទឹក​ចំណុះ ៥ ម៉ែត្រគូប ចំនួន ០២ ស៊ីទែន បំពាក់​លើ​រថយន្ត​បែន សម្រាប់​ដឹកជញ្ជូន​ទឹក​ទៅកាន់​ពន្ធនាគារ។ ចំណែក ដំណោះស្រាយ​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត លោក លឹម គានហោ បានសម្រេច​ផ្តល់​ស្រះ​ទឹក​មួយ​កន្លែង ទំហំ​ជាង ១ ហិកតា ដែល​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ការប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​ប៉ុណ្ណោះ​ទេ ទាំង​កងទ័ព និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក៏​អាច​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ផងដែរ។

ក្រោយពី​មានការ ឯកភាព ពី​ភាគី​ពាក់​ព័ន្ធ នា​ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ទឹក​មួយ​កន្លែង​ទំហំ​ជាង ១ ហិកតា ដែល​ជា​អំណោយ​របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ផ្តល់ជូន​សម្រាប់​ស្តុក​ទឹក​ផ្គត់ផ្គង់​ឲ្យ​ការប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ដូចជា​កងទ័ព និង​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​សង្កាត់​សំរោង ក្រុង​សំរោង ត្រូវបាន​លោក ប៉ែន កុស​ល្យ អភិបាល នៃ​គណ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​ការដ្ឋាន​ជីក​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114