ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​បាន​សម្រេច​ ត្រូវ​ម្ចាស់​ម៉ូតូ​និង​ពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​ជាក់ស្តែង​

សៀមរាប ​៖​ លួច​ម៉ូតូ​បានសម្រេច​ខណៈ​ជនរងគ្រោះ​ស្រវឹងស្រា​ចត​ឈប់​ដេក​នៅ​ចិញ្ចើម​ផ្លូវ សំណាងល្អ ម្ចាស់ និង​ប្រជាពលរដ្ឋ​បានឃើញ រាយការណ៍​ឲ្យ​សមត្ថកិច្ច ពេលនោះ ជនសង្ស័យ​ភ័យ​ពេក​ជិះ​គេច​បាន​ប្រហែល​៤០០​ម៉ែត្រ ក៏​ក្រឡាច់​ដួល​ខ្លួនឯង​រង​របួស​ស្រាល ទើប​សមត្ថកិច្ច​ក្របួច​ជាប់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ករណី អំពើ​លួច​(​ម៉ូតូ​) នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

លោក​បន្ត​ថា រឿងហេតុ នៅ​ថ្ងៃទី​១០​ខែកុម្ភៈ​ ឆ្នាំ២០១៩​នេះ​ មានឈ្មោះ ជាក់ ចិន ភេទ​ប្រុស​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ូ​ម​ម័​រ ស៊េរី​ឆ្នាំ​២០០៦​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប1Y0-3981មក​ហូប​ការ​នៅ​ភូមិ​រកា​កំបុត​ ឃុំ​ត្រពាំង​ធំ ស្រុកប្រាសាទបាគង រហូតដល់​ម៉ោង​ប្រហែល​៤​ជាង ទើប​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​សៀមរាប​វិញ​ម្នាក់ឯង​តាមផ្លូវ​ជាតិ​លេខ​៦ ដល់​ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង ស្រវឹង​ទៅមុខ​ពុំ​រួច​ក៏​ឈប់​ម៉ូតូ​ដេក​និង​ជំរះ​ផ្លូវ​តែម្តង​។​លុះ​ម៉ោង​១៩​និង​០០​នាទី ស្រាប់​តែមាន​ជនសង្ស័យ​បានធ្វើ​សកម្មភាព យក​ម៉ូតូ​ជិះ​មក​ទិស​ខាងលិច ពេលនោះ​ម្ចាស់ និង​ប្រជាពលរដ្ឋ​បានឃើញ បាន​រាយការណ៍​អោយ​សមត្ថកិច្ច​យើង ពេលនោះ ជនសង្ស័យ​ជិះ​គេច​មក​ទិស​ខាងលិច​បាន​ប្រហែល​៤០០​ម៉ែត្រ ក៏​ក្រឡាច់​ដួល​ខ្លួនឯង​បណ្តាល​ឲ្យ​រង​របួស ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​ក្រុង​សៀមរាប។

លោក​បន្ត​ថា បន្ទាប់ពី​ព្យាបាល​រួច​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ប្រាសាទបាគង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆេង ស្រស់ អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ចុង​ឃ្នៀ​ស​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប មក​សួរ​នាំនៅ​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​៕