ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ការ​តវ៉ា​ខណៈ​ថៅកែ​រោងចក្រ​ស្បែកជើង​មួយ​នៅ​ជាយក្រុង​បញ្ឈប់​ការងារ​កម្មករ​៧​នាក់​គ្មាន​មូលហេតុ

កណ្តាល ៖ ​កម្មករ កម្មការិនី​មួយ​ក្រុម​នៅ​រោងចក្រ​ស្បែកជើង​ឈី​មីង​ស៊ីន​ហ្វេ​ក​ធើ​រីឯ​.​ក​(QI MING XIN FaCTORY Co,ltd) ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​ដឹកនាំ​ដោយ ​លោក​មឿ​ន ​យឿន ប្រធាន​សហជីព​មូលដ្ឋាន​នៃ​សហព័ន្ធ​សហជីព​សម្លេង​យុវជន​នៅ​ព្រឹក​ថ្ងៃទី១១ ​ខែកុម្ភៈ​ ឆ្នាំ២០១៩ បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​ផ្ទុះ​ការ​តវ៉ា​នៅមុខ​រោងចក្រ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​១៧ ចំណុច​បន្ទាប់ពី​លោក​ថៅកែ​រោងចក្រ ជនជាតិ​ចិន​បញ្ឈប់​តំណាង​សហជីព​និង​កម្មករ​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់​គ្មាន​ហេតុផល​រួចមក​។

លោក​មឿ​ន យឿន ប្រធាន​សហជីព​មូលដ្ឋាន​រោងចក្រ​ស្បែក​ជើ​ង​ឈី​មីង​ស៊ីន​ហ្វេ​ក​ធើ​រី នៃ សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា រូបលោក​តំណាង​សហជីព​និង​កម្មករ​៧​នាក់​ដែល​ត្រូវបាន​លោក​ថៅកែ​បញ្ឈប់​ពី​ការងារ រួមមាន​១-​រូបលោក​,២-​អ្នកស្រី​ហួន ស្រី​លីន​,៣-​លោក​អ៊ុន ធា​រ៉ុង ,៤- អ្នកស្រី​ថុល ធី​ម ,៥-​លោក​សេស សុផល​, ៦ អ្នកស្រី​សៀង​សុខលី​និង ៧- កញ្ញា​ប៉ែត ហឿន។

លោក​មឿ​ន យឿន បាន​បន្ត​ថា នៅ​ថ្ងៃទី ៧​មករា ឆ្នាំ​២០១៩ កម្មករ​មួយក្រុម​បាន​ជួបជុំគ្នា​នៅ​ភូមិ​ទួល​ក្រសាំង​ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ដើម្បី​រៀបចំ​បោះឆ្នោត​បង្កើត​សហជីព​មួយ​មាន​ឈ្មោះថា​«​សហជីព​សម្លេង​យុវជន​ខ្មែរ​នៃ​ក្រុមហ៊ុន​ស្បែកជើង​ឈី​មីង​ស៊ីន​ហ្វេ​ក​ធើ​រីឯ​.​ក »​ដោយមាន​ការចូលរួម​ពី​កម្មករ​១១ រូប​ក្នុង​នោះ រូបលោក​មឿ​ន យឿន​ ជាប់​ជា​ប្រធាន​សហជីព​,​អ្នកស្រី​ម៉ៅ​សារ៉េត​ជា​អនុប្រធាន​សហជីព ,​អ្នកស្រី​ហួន ស្រី​លី​ស​ជា​លេខាធិការ និង​៤-​លោក​អ៊ុន ធា​រ៉ុង ជាប់​ជា​ហិរញ្ញិក​។ បន្ទាប់មក​លោក​បាន​ផ្ញើ​ឯកសារ​នៃ​លទ្ធផល​បោះឆ្នោត​នេះ ទៅ​ក្រុមហ៊ុន ប៉ុន្តែ​ត្រូវបាន​សន្តិសុខ​ក្រុមហ៊ុន​បដិសេធ​មិន​ឲ្យ​ចូល​ ហើយ​លោក​បាន​ផ្ញើ​ឯកសារ​តាម​ប្រៃសណីយ៍​។ លោក​ក៏បាន​ជូនដំណឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​,​អង្គការ​អាយ​ឡូ​និង​សមាគម​រោងចក្រ​កាត់ដេរ​ដើម្បី​ជូនជ្រាប​ផងដែរ។

លោក​មឿ​ន យឿន បាន​បន្ថែម​ថា ចំពោះ​លក្ខខណ្ឌ​ការងារ ១៧​ចំណុច​ដែល​ក្រុម​លោក​ទាមទារ រួមមាន​ទី ១-​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​រូបលោក ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​កាលពី​ថ្ងៃទី២៩​ខែមករា​ ឆ្នាំ២០១៩ បាន​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ​និង​សង​រំលស់​ប្រាក់​ឈ្នួល​និង​អត្ថប្រយោជន៍​ផ្សេងៗ​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូតដល់​ថ្ងៃ​ទទួលយក​ធ្វើការ​វិញ ,២-​សុំ​ក្រុមហ៊ុន​ចេញ​ក្រដាស​បើកប្រាក់​ឈ្នួល​មុន​ថ្ងៃ​កំណត់​បើកប្រាក់​ឈ្នួល​សម្រាប់​ថ្ងៃ​ជូន​កម្មករ​កម្មការិនី​ដែល​ធ្វើ​ការ​បើក​ជូន​ឲ្យ​ហើយ​រួចរាល់​មុន​ម៉ោង​៤​នៅ​ថ្ងៃ​កំណត់​បើកប្រាក់​ឈ្នួល ,៣-​ក្រុមហ៊ុន​ជួសជុល​បន្ទប់ទឹក​ឲ្យ​មាន​អនាម័យ​និង​មាន​សាប៊ូ​និង​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ជូន​កម្មករ​,៤- ក្រុមហ៊ុន​ធ្វើការ​ណែនាំ​ជនជាតិ​ចិន​ប្រធាន​ក្រុម ប្រ​ធាន​ផ្នែក​ដែល​តែងតែ​ជេរប្រមាថ​និង​យក​ស្បែកជើង​វាយ​លើ​កម្មករ​កម្មការិនី ,៥- សូម​ក្រុមហ៊ុន​រៀបចំ​ថ្នាំពេទ្យ​ឲ្យ​បាន​គ្រប់គ្រាន់​ជូន​កម្មករនិយោជិត​ប្រើប្រាស់​ពេល​ឈឺ​ម្ដង​កាល​,៦- សូម​ឲ្យ​ក្រុមហ៊ុន​រៀបការ​បន្ថែម​ម៉ោង​គិត​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ ,៧-​ក្រុមហ៊ុន​បញ្ឈប់​សកម្ម​ភាព​គំរាមកំហែង បណ្តេញ​កម្មករ​កម្មការិនី​ចេញពី​ការងារ​ដោយ​គ្មាន​មូលហេតុ​សមរម្យ ៨-​សុំ​ឲ្យ​ក្រុមហ៊ុន​សំអាត​ធុង​ទឹក​ក្នុង​មួយ​ខែ​ពីរ​ដង​ឲ្យ​មាន​អនាម័យ​ជូន​កម្មករនិយោជិត​៩- នៅពេល​កម្មករ​កម្ម​កា​រ​នី​សុំច្បាប់​សម្រាក​ព្យាបាល​ជំងឺ​ហើយ​មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​សូម​ឲ្យ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​ប្រាក់​រង្វាន់​និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​ជូន​កម្មករ​,១០-​សូម​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ដាក់​កង្ហារ​តាម​អគារ​ក្រុម ផ្នែក ឲ្យ​បាន​គ្រប់គ្រាន់​ទេ​ព្រោះ​បច្ចុប្បន្ន​ក្តៅ​ខ្លាំង​ណាស់ ,១១- សុំ​ឲ្យ​ក្រុមហ៊ុន​ចាត់វិធានការ​ចំពោះ​តំណាង​សហជីព​សេរី​ពលករ​ខ្មែរ​ដែល​តែងតែ​បង្ខិតបង្ខំ គំរាមកំហែង​កម្មករ​កម្មការិនី​មិន​ឲ្យ​ចូល​ជា​សមាជិក​ខ្លួន​ទេ​គឺ​មិន​បន្ត​កិច្ចសន្យាការងារ​ទៀត ១២- សុំ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ម៉ោង​ចូលធ្វើការ​និង​ចេញ​ធ្វើ​ការ​ជូន​កម្មករ​,១៣- សុំ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​រំលឹក​៥% ដែល​ក្រុមហ៊ុន​មិនបាន​ផ្តល់​ជូន​កន្លងមក​រហូតដល់​បច្ចុប្បន្ន​ជូន​កម្មករ​កម្ម​ការ​នី ,១៤- សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​រើសអើង​និង​បញ្ឈប់​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ​សមរម្យ​,១៥- សុំ​ឲ្យ​ក្រុមហ៊ុន​បង្ក​លក្ខណៈ​ឲ្យ​បាន​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សុំច្បាប់​មានធុរៈ​ម្តងម្កាល​ជូន​កម្មករ​១៦- សូម​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ទឹក​ស្អាត​ឲ្យ​បាន​គ្រប់គ្រាន់​ជូន​កម្មករ​បរិភោគ​និង​១៧- ក្រុមហ៊ុន​សាងសង់​រោង​និង​កន្លែង​សម្រាប់​ញ៉ាំ​បាយ​ជូន​កម្មករ​កម្មការិនី​។

ចុងក្រោយ​លោក​មឿ​ន យឿន បាន​សំណូមពរ​ទៅ​លោក​បណ្ឌិត​អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​នាយក​ស្បែកជើង​ឈី​មីង​ស៊ីន​ហ្វេ​ក​ធើ​រីឯ​.​ក ឲ្យ​ឈប់​រើសអើង​និង​ធ្វើ​ទុក​បុក​ម្នេញ​ចំពោះ​ថ្នាក់ដឹកនាំ​សហជីព​សម្លេង​យុវជន​ខ្មែរ​ព្រមទាំង​ទទួលយក​ពួកគាត់​បាន​ចូល​ធ្វើ​ការ​វិញ​ជា​ធម្មតា​។ ជាពិសេស សូម​គោរព​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មេត្តា​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​បាន​ចូល​ធ្វើ​ការ​វិញ​ដើម្បី​រក​ចំណូល​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​តែម្ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114