ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​ឡើង​វ៉ា​រថយន្ត មិន​ប្រយ័ត្ន​ ទៅបុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ខ្ទាត​ចូល​រថយន្ត​ធំ​ កិន​ស្លាប់​

​ឧត្តរមានជ័យ​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​2526 ចន្លោះ​គីឡូម៉ែត្រ​លេខ 41-42 ​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​ផ្លូវបំបែក ថ្គាម​រមាស ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បង្ក​ឡើង​ រវាង ម៉ូតូ ​និង​ម៉ូតូ ខ្ទាត​ចូល​រថយន្ត។

សមត្ថកិច្ច​ចរាចរ​ស្រុក​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ឈ្មោះ បូរាណ ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរីឆ្នាំ​2019 ពណ៌​ខ្មៅ ស្លាកលេខ ឧត្ដរមានជ័យ 1D 8656 បើកបរ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ រីឯ​ជន​បង្ក ឈ្មោះ មាឃ ភា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ P.L នៅ​កង​អន្តរាគមន៍​ខេត្ត​ឧត្ដរមានជ័យ រស់នៅ​ភូមិ​ថ្លា​ត ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ពី ពណ៌​ក្រហម​លាយ​ស​ពាក់ ស្លាកលេខ​កំពង់​ចាម 1E 5577 ​ពី​លិចទៅ​កើត បាន​វ៉ា​រថយន្ត ទៅ​បុក​នឹង​ម៉ូតូ ជិះ​បញ្ច្រាស​ទិស​គ្នា ក៏​ខ្ទាតចូល​មុខ​រថយន្ត​កិន បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ហើយ​សាក​សព ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើ បុណ្យ​តាម​ប្រពៃណី​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា អ្នកបើកបរ​រថយន្ត​ ឈ្មោះ ហេង ហ៊ា​ប ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត រស់នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បើកបរ​រថយន្ត​ម៉ាក Hyundai ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 1253 បើកបរ​ពី​លិចទៅ​កើត​។

ករណីនេះ​ កម្លាំង​ជំនាញ បាន​យក​វត្ថុតាង មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​អន្លង់វែង រង់ចាំ​ការ​ដោះស្រាយ​៕