ភ្នំពេញ ៖ ដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត ពិសេសជួយដល់ជនរងគ្រោះ និងជនដែលងាយរងគ្រោះ សាខាកាកបាទក្រហមរាជធានីភ្នំពេញ បានសម្រេចប្រកាសតែងតាំងប្រធានប្រធានកិត្តិយស និងទទួលស្គាល់ប្រធាន-អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងក្រុមកាកបាទក្រហម ក្នុងការឆ្លើយតបទៅនឹងតម្រូវការដឹកនាំរបស់សាខាកាកបាទក្រហមរាជធានីភ្នំពេញ។
ពិធីប្រកាសនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមរាជធានីភ្នំពេញ ខណ្ឌចំការមន ក្រោមវត្តមាន លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីកាកបាទ ក្រហមរាជធានី ជាច្រើនរូបទៀត។
យោងតាមសេចក្តីសម្រេច លេខ០០៦ កក្រក.ធធ.ចត ត្រូវបានប្រកាសតែងតាំង លោក ម៉ប់ សារិន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមរាជធានីភ្នំពេញ អាណត្តិទី៥ ជំនួស លោក ឃួង ស្រេង។
ចំណែក លោក ឃួង ស្រេង អភិបាលរាជធានី ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាកាកបាទ
ក្រហមរាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានី។
លោកស្រី ឃួន សុដារី ក្នុងឱកាសនោះបានសម្ដែងនូវការសាទរ ក្នុងការរៀបចំរចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា និងជំរុញដល់សាខាកាកបាទក្រហមរាជធានីភ្នំពេញ ត្រូវបន្តភារកិច្ច និងខិតខំបម្រើការងារមនុស្សធម៌ ឲ្យសមថា កាកបាទក្រហមកម្ពុជា គឺជាជំនួយការមនុស្សធម៌ដល់រាជរដ្ឋាភិបាល និងជាជំនួយការ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។
លោកស្រីបន្តថា ពាក់ព័ន្ធនឹងការងារកាកបាទក្រហមកម្ពុជានេះ យើងជាមន្ត្រី និងអាជ្ញាធរ ត្រូវរួមគ្នា ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ពោលគឺទីណាមានការលំបាក ទីនោះត្រូវតែមានក្រុមការងារយើងចុះជួយសង្គ្រោះដោយផ្ទាល់។
លោកស្រីថា បេសកកម្មរបស់យើង គឺជាអ្នកនាំមុខគេលើការងារមនុស្សធម៌ ដោយត្រូវកៀរគរ ទាំងមនុស្ស និងសម្ភារៈ ថវិកា ទៅជួយជនរងគ្រោះដោយផ្ទាល់។
លោកស្រីបញ្ជាក់ថា ចាប់ទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ ការរៀបចំផ្គត់ផ្គង់ ក្រុមការងាររបស់យើងត្រូវតែមានភាពបត់បែន និងរស់រវើកទៅតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕