ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច និង​អាជ្ញាធរ ​អំពាវនាវ​ដល់​អ្នកបើកបរ​រថយន្ត​ធំៗ​ខ្ពស់​ហួស​កម្ពស់ សូម​បើកបរ​មានការ​ប្រុង​ប្រយ័ត្ន ខណៈ​ស្លាក​ប៉ាណូ​ ត្រូវ​បាន​បុក​បាក់​ជា​បន្តបន្ទាប់

កំពង់ឆ្នាំង ​៖ ដែក​ប៉ាណូ​ ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ បាន​ដំឡើង​ដាក់​កាត់​ទទឹង​ផ្លូវ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ សម្រាប់​ដាក់​តាំង​រូបភាព​ក្នុងការ​ធ្វើបុណ្យ​ទន្លេ​ ក្នុង​ខែ​មីនា​ខាងមុខនេះ ក្នុងពេល​ថ្មីៗ​នេះ​ត្រូវបាន​រថយន្ត​ដឹកអីវ៉ាន់​ខ្ពស់​ៗ​ បើក​បុក​បាក់​ជា​បន្តបន្ទាប់។

ពាក់ព័ន្ធ​នឹង​រឿងនេះ​ ​ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ​សូម​អំពាវនាវ​ដល់​អ្នក​បើកបរ​រថយន្ត​ទាំងអស់ មេត្តា​ប្រុង​ប្រយ័ត្ន​ កុំ​ឲ្យ​ដឹក​អីវ៉ាន់​ខ្ពស់ៗ​ ហួសកំណត់ ដូច​ករណី​មានការ​បុក​បាក់​ខាងលើនេះ គឺ​សមត្ថកិច្ច​នឹង​ផាក​ពិន័យ និង​ត្រូវតែ​ចេញ​សំណង​ការខូចខាត​ជូន​រដ្ឋ​វិញ។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​បាន​ឲ្យ​ដឹង​ថា​ ៖ នៅ​មុខ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី១០ ខែ​កុម្ភៈ រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​ដឹក​អីវ៉ាន់​ខ្ពស់​ហួសកំណត់ បើក​បុក​ឆ្អឹង​ដែក​ដែល​អាជ្ញាធរ​ដាក់​កាត់​ទទឹងផ្លូវ​សម្រាប់​បិទ​តាំង​រូបភាព​អបអរសាទរ​បុណ្យ​ទន្លេ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​រឿង​នេះ​ គឺជា​លើក​ទី​៣​ ហើយ នៅ​ក្នុង​ខែមករា និង​ខែ​កុម្ភៈ​នេះ។ ករណីនេះ ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ខាងលើ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើការ​ផាក​ពិន័យ និង​ឲ្យ​ជួសជុល​សង​ឆ្អឹង​ប៉ាណូ​នោះ​ឡើងវិញ​ទើប​ដោះលែង​។​

លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង ក៏ដូចជា​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង សូម​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ធំៗ​ដឹក​ឥវ៉ាន់​សំពីងសំពោង សូម​មេត្តា​បើកបរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង។ ដោយ​សុំ​កុំ​ឲ្យ​ដឹក​អីវ៉ាន់​ខ្ពស់ៗ​ហួសកំណត់ ដែល​អាច​ធ្វើ​ឲ្យ​បុក​ដែក​ប៉ាណូ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ ដែល​កំពុង​រៀបចំ​ដាក់​រាប់​សិប​កន្លែង​នៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង សម្រាប់​បិទ​រូបភាព​អំពី​ការ​រីកចម្រើន​នានា អបអរ​ក្នុង​ពិធី​ធ្វើបុណ្យ​ទន្លេ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នា​ខែ​មិថុនា ​ឆ្នាំ​២០១៩​ខាងមុខ​នេះ​។​

ចំពោះ​រថយន្ត​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ បង្ក​ឲ្យ​មានការ​បែកបាក់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដូច​ករណី​ខាងលើនេះ សមត្ថកិច្ច​ និង​អាជ្ញាធរ​ ត្រូវតែ​ឃាត់ទុក​រថយន្ត ធ្វើការ​ផាក​ពិន័យ​យ៉ាង​តឹងរ៉ឹង​តម្រូវ​ឲ្យ​សង​សំណង​ខូចខាត​ទាំងស្រុង ទើប​ធ្វើការ​ដោះលែង​រថយន្ត​ឲ្យ​ទៅ​កាន់​លំនៅដ្ឋាន​ប្រកប​អាជីវកម្ម​ជា​ធម្មតា​ឡើងវិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114