ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ប្រុស​កម្សត់ ស៊ីណា ​វ៉ា​ត់​ត្រា ចាយ​លុយ​ខ្ទង់​២​ពាន់​ដុល្លារ ធ្វើ​ខួបកំណើត​លើករាសី​ មាន​ភ្ញៀវ​ចូល​រួម​លើស​ការ​រំពឹង​ទុក​

​ភ្នំពេញ​ ៖​ តារា​សម្ដែង​ប្រុស​/សង្ហា​ ដែល​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​ជា​ក្មេង​ធ្លាប់​ទួល​នំកង​លក់​តាម​ផ្សារ​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា កាលពី​រាត្រី​ថ្ងៃទី​៩ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​កន្លងមកនេះ​ បាន​រៀបចំ​ពិធី​អបអរ​ខួបកំណើត​គម្រប់​អាយុ​២៩​ឆ្នាំ​របស់​ខ្លួន​ ស្ថិតនៅ​ហាង​កុងតឺន័រ​ខេត្ត​បាត់ដំបង​(BTBContainer)​ដោយមាន​មិត្តភ័ក្ដិ​តារា​សម្ដែង​ និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ​មួយ​បាន​ចូលរួម​អបអរសាទរ​ផងដែរ​។​

តារា​សម្ដែង លោក ស៊ីណា​វ៉ា​ត់​ត្រា បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ​ខួប​ឆ្នាំនេះ​ គឺ​គម្រប់​អាយុ​២៩​ឆ្នាំ​ហើយ​លោក​បាន​បាន​ចំណាយ​ថវិកា​២​ពាន់​ដុល្លារ ​និង​អញ្ជើញ​ភ្ញៀវ​ចូលរួម​រហូត​៤០​នាក់​ តែ​ដល់​ថ្ងៃ​ក៏​ស្រាប់​តែមាន​ភ្ញៀវ​ចូលរួម​លើ​ការរំពឹងទុក ​កើន​រហូត​ដល់​ទៅ​៦០​នាក់​ឯណោះ​។​

លោក​ថា មុន​ប្រារព្ធ​ខួបកំណើត​នោះ​ លោក​បាន​ថត​MV​ថ្មី​របស់​ផលិតកម្ម​U​ ប៉ះ​ជាមួយ​ស្រី​ស្អាត ​ប៊ុន គីម​ឡាង​ គឺ​បទ ​”​ជនបទ​”​ ច្រៀង​ដោយ​លោក​អនាគត ដឹកនាំ​សម្ដែង​ដោយ ​លោក ខេ​ម រ៉េត​សីហៈ ថត​ដោយ​ លោក មេន ធី​មុន្នី។​

សូម​ជម្រាប​ថា​ មុន​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​មកដល់​តារា ​សម្ដែង ស៊ីណា​វ៉ា​ត់​ត្រា បាន​ទទួល​កាដូ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយគ្រឿង​ដែលមាន​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ​ពី​អ្នក​ស្រី ណាត ចិន្ដា ដែល​ជា​បងស្រី​បង្កើត​របស់​លោក​ ដើម្បី​ជាការ​លើកទឹកចិត្ត​។​

ដោយឡែក​ នៅ​ថ្ងៃ​ប្រារព្ធ​ខួបកំណើត​នេះ​ លោក ស៊ីណា​វ៉ា​ត់​ត្រា ក៏​ទទួល​បាន​កាដូ​ជា​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ពី​តារា​ សម្ដែង ឆ័យលី ដា​ឡែ​ន ផង​ដែរ​ ព្រោះ​អ្នក​ទាំង​២​បាន​រាប់អាន​គ្នា​ដូចជា​ បងប្អូន​បង្កើត​អីចឹង​។​

ដោយឡែក​ សម្រាប់​ការ​ថត​សម្ដែង​ បទ​”​ជនបទ​”​នេះ​ លោក ​ស៊ីណា​ វ៉ា​ត់​ត្រា​ បាន​និយាយ​បន្ថែមថា​បទ​នេះ​រយៈពេល​១​សប្ដាហ៍​ទៀត​ នឹង​ចេញ​ជា​FullMV​ហើយ​។​ ខណៈដែល​មុននេះ​ តារា​សម្ដែង​រូប​នេះ ​ក៏បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​តាមរយៈ​ការ​លេង​ឈុត​ស្នេហា​រោលរាល​លើ​គ្រែ​ជាមួយ​ស្រី​ស្អាត​ខ្លឹម ស្រី​គា ថត​សម្ដែង​ បទ ​”​អូន​ដឹង​”​ របស់​តារាចម្រៀង​ធា រ៉ានី៕