ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​រថយន្ត LEXUSក្នុង​ល្បឿន​លឿន គ្រប់គ្រង​មិនបាន ​ជ្រុល​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ថ្ម

ភ្នំពេញ ៖ រថយន្ត LEXUS RX300 មួយគ្រឿង​ បាន​ទទួល​រង​ការខូចខាត​យ៉ាងដំណំ ដោយ​ផ្ទុះ​កង់​មុខ​ខាងស្ដាំ ​និង​ផ្ទុះ​ពោង​សុវត្ថិភាព បើក​ទៅមុខ​លែង​រួច ក្រោយពី​ជួប​គ្រោះអាក្រក់ ដោយ​ម្ចាស់​របស់​វា បើកបរ​លឿន​ដូច​ហោះ ហើយ​បាន​ជ្រុល​ទៅ​បុក​បង្កាន់ដៃ​ស្ពានថ្ម លាន់​ដូច​រន្ទះ​នោះ​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​អង្គារ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​គល់​ស្ពាន ថ្ម​បឹង​សាឡាង លើ​កំណាត់​ផ្លូវ​លេខ​៣៣៦ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR-9457 បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ តែង​ខ្លួន​ជា​ប្រុស រួម​ដំណើរ​ដោយ​នារី​រូប​ស្រស់​ជនជាតិខ្មែរ​ម្នាក់ទៀត តាម​បណ្ដោយ​ផ្លូវ​លេខ​៣៣៦ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មក​ជិត​ដល់​គល់​ស្ពាន​ថ្ម​បឹង​សាឡាង ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន​ថ្ម​នោះ​ពេញទំហឹង លាន់​ឮ​ដូច​រន្ទះ បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ បែក​កង់​ និង​ដាច់​កាលេ​កង់​មុខ​ខាងស្ដាំ បើក​ទៅមុខ​លែង​រួច ព្រមទាំង​ផ្ទុះ​ពោង​សុវត្ថិភាព​ចេញពី​ចង្កូតរថយន្ត​ផង​ដែរ។​ តែ​សំណាង ​មិន​ជ្រុល​ធ្លាក់​ចូល​ទឹក​ស្អុយ និង​មិន​មាន​នរណា​ម្នាក់ រង​របួស​នោះ​ទេ។​

ភ្លាមៗ​នោះគេ​ឃើញ​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ បាន​ប្រមូល​យក​របស់​មានតម្លៃ​ទុក​រួច​នាំ​គ្នា​ចាក​ចេញពី​កន្លែង​កើតហេតុ​បាត់ ទើប​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ចេញ​មក​ចោមរោម​មើល​ហើយ​រាយការណ៍​ប្រាប់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​បានដឹង​ដំណឹង​នេះ ភ្លាម​ផងដែរ​។​

ក្រោយ​កើតហេតុ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​បឹង​សាឡាង​ បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ផ្នែក​វាស់វែង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ចុះមក​ពិនិត្យមើល​ជាក់​ស្ដែង​ រួច​ទាក់ទង​រាយការណ៍​បន្ត​ទៅ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ទាក់ទង​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​តាមច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114