ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូពេទ្យ ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ​បង្ហាញ​ពី​របៀប​ការ​ផ្គត់ផ្គង់​អាហារ​លើ​ទារ​ក​កើត​មិន​គ្រប់​ខែ​

​ភ្នំពេញ ៖ ទារក​កើត​មិន​គ្រប់​ខែ គឺជា​ទារក​ដែល​កើតមុន​៣៧​សប្ដាហ៍​តែប៉ុណ្ណោះ ​ដែល​ភាគច្រើន ​នៃ​ក្មេង​ដែល​កើត​ឥត​គ្រប់​ខែ គឺ​(​តិចជាង​១៥០០g ឬ​ក្រោម ៣៤​សប្ដាហ៍​)។​ ចំណែក​ប្រព័ន្ធ​រំលាយ​អាហារ របស់​គាត់​មិនទាន់​អាច​ដំណើរការ​បាន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនទាន់​ចេះ​បៅ ឬ ជញ្ជក់ ដូច​ក្មេង​គ្រប់​ខែ​ឡើយ​។

​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​បានបង្ហាញ​ថា ​ការផ្តល់​អាហារ​ឲ្យ​បាន​កាន់តែ​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន គឺជា​រឿង​មួយ​ដែល​ត្រូវ​គិតគូរ​ជា​ចាំបាច់ បន្ទាប់ពី​ពេល មាន​ស្ថិរភាព​លំនឹង​ជីវិត ពីព្រោះ​ទារក​កើត​មិន​គ្រប់​ខែ ត្រូវការ​ការលូតលាស់​ខ្លាំង​។​

​ចំពោះ​ទឹកដោះ​ម្តាយ គឺជា​អាហារ​ដែល​ល្អ​បំផុត សម្រាប់​ទារក​មិន​គ្រប់​ខែ ពីព្រោះ​ក្រពះ​ពោះវៀន​ទារក មិន​គ្រប់​ខែ ទទួល​ទឹកដោះ​ម្តាយ​បាន​ល្អ​ជាង​ទឹកដោះគោ ហើយ​ទឹកដោះ​ម្តាយ ​ក៏​ជួយ​ការពារ​ពួកគាត់ ពី​ការ​មាន​បញ្ហា​រលាក ក្រពះ​ពោះវៀន និង​ការពារ​ការ​ឆ្លង​រោគ​បាន​ល្អ ជាង​ទឹកដោះគោ​ដែរ​។ ទឹកដោះ​ម្តាយ​ ត្រូវបាន​ផ្តល់​ឲ្យ​តាមរយៈ​ការ​ដាក់​សុង​ក្រពះ ​ដើម្បី​បាញ់​ទឹកដោះ​ឲ្យ​ចូល​ក្នុង​ក្រពះ​តែម្ដង​ចំពោះ​ទារក​ដែល​តូច​ខ្លាំង ហើយ​មិនទាន់​ចេះ​បៅ និង​ជញ្ជក់​។

​ក្នុងករណី​ផ្គត់ផ្គង់​ទឹកដោះ​ម្តាយ​ហើយ​ តែ​ទារក​មិន​គ្រប់​ខែ​នៅតែ​មិន​ព្រម​ឡើង​គីឡូ យើង​អាច​ផ្តល់ Human milk fortifier បន្ថែម​ដាក់​លាយ​ជាមួយ​ទឹកដោះ​ម្ដាយ ដើម្បី​បន្ថែម​កាឡូរី​ជាតិ​សាច់​ឲ្យ​ដល់​គាត់​។​

ការ​ផ្តល់​ទឹកដោះ​តែមួយ មុខ​គត់​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ តម្រូវ​ឲ្យ​ផ្ដល់​អាហារ​ផ្សេងៗ​ទៀត ដូច​ជា ជាតិ​សាច់​(Aminoplasma) ស្ករ​(Glucose) ខ្លាញ់​(Lipofundin) និង​សារជាតិ​ចិញ្ចឹម​ផ្សេងទៀត ដើម្បី​បំពេញ​តម្រូវការ​ នៃ​ការលូតលាស់​ខ្លាំង​របស់​ទារក​ដែល​កើត​មិន​គ្រប់​ខែ​ខ្លាំង និង​មាន​ទម្ងន់ តិច​ជាង​១០០០g​។

​ការផ្តល់​អាហារ​ទាំងនេះ ត្រូវបាន​ផ្ដល់​តាមរយៈ​សរសៃឈាម​កណ្ដាល (Venous umbilical catheter or central line =Jonathan catheter) ដែល​តាម​វិធីសាស្ត្រ​នេះ​យើង​អាច​ផ្ដល់​អាហារ​ឲ្យ​ទារក មិន​គ្រប់​ខែ​បាន​យូរ​ដោយ​មិនបាច់​ចាក់​តាម​សរសៃ​វ៉ែន​តូចៗ​ច្រើនដង ដែល​ងាយ​ខុស បែក និង​រលាក​សរសៃ​វ៉ែន​។​

​ដូច្នេះ​ហើយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ទារក​សូម​មាតាបិតា​គ្រប់រូប ដែល​មាន​កូន​កើត​មិន​គ្រប់​ខែ សូម​ព្យាយាម​ធ្វើយ៉ាងណា ឲ្យ​ទឹកដោះ​ម្តាយ​មាន​ឲ្យ​គ្រប់គ្រាន់ ដើម្បី​អាច​ផ្ដល់​ឲ្យ​ពួកគាត់ ពីព្រោះ​គ្មាន​អ្វី​ល្អ​ជាង​ទឹកដោះ​ម្តាយ​នោះទេ​។​

​ជាមួយគ្នា​នោះ​ដែរ​ ក្រុម​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​រីករាយ​ស្វាគមន៍ និង​ផ្តល់​ព័ត៌មាន​ព្រមទាំង​ចំណេះដឹង​ទូទៅ​ជូន​អ្នក​ម្តាយ​គ្រប់រូប ក្នុង​ការ​ពិនិត្យ​ថែទាំ ជាពិសេស​ការ​ផ្គត់ផ្គង់​អាហារ​លើ​ទារ​កកើត​មិន​គ្រប់​ខែ​ទាំងនោះ​៕​