ពេញមួយព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារប្រចាំខែមករាកន្លងមក និងលើកទិសដៅផ្សព្វផ្សាយ និងអនុវត្តន៍ការងារបន្ត។
កិច្ចប្រជុំដែលដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកនោះ ក៏ដើម្បីត្រួតពិនិត្យលើការងារមួយចំនួន ក៏ដូចជាដើម្បីកែទម្រង់ កែសម្រួល និង ដាក់ចេញនូវការងារសំខាន់ៗ សម្រាប់ត្រីមាសទី១ ក៏ដូចជាឆមាស និងឆ្នាំ២០១៩នេះ ហើយក៏ដើម្បីធ្វើរបាយការណ៍វឌ្ឍនភាពសម្រាប់ស៊ីហ្គេម២០២៣ ផងដែរ។
លោកឧត្ដមសេនីយ៍ តែម ម៉ឺន បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះក៏មានរបៀបវារៈមួយចំនួនដើម្បីយើងបែងចែកភារកិច្ចគ្នាតាមលំដាប់ថ្នាក់ ព្រមទាំងប្រគល់ភារកិច្ចជូនដល់មន្ត្រីពាក់ព័ន្ធមួយចំនួន ដើម្បីចាត់តាំងការងារមួយចំនួននៅក្នុងសហព័ន្ធ ឲ្យដំណើរការទៅដោយរលូន និងទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀត។
លោកបានបន្តថា ដើម្បីឲ្យការងារក្នុងឆ្នាំ២០១៩នេះ ទទួលបានជោគជ័យល្អប្រសើរទៀតនោះ យើងត្រូវគិតគូរដកស្រង់នូវបទពិសោធន៍ល្អៗក្នុងការធ្វើការងារឆ្នាំ២០១៨កន្លងទៅនេះ ដើម្បីជាទុន ផ្លាស់ប្ដូរដកពិសោធន៍ការងារ ដែលក្នុងនោះសង្កត់ធ្ងន់ គឺការងារការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨កន្លងទៅនេះ យកមកពិនិត្យ ពិភាក្សា និងដកពិសោធន៍ដើម្បីធ្វើយ៉ាងណាឲ្យការងារនៅក្នុងឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀត។ ចំណុចទី២ គឺយើងពិនិត្យលើរបាយការណ៍ការងារប្រចាំខែមករាកន្លងទៅនេះ ដើម្បីដំណើរការការងារឲ្យបានល្អប្រសើរក្នុងខែកុម្ភៈខែមិនា ដោយលើកយកចំណុចមួយចំនួនមកពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ដើម្បីដកស្រង់បទពិសោធន៍ដើម្បីធ្វើយ៉ាងណាខែកុម្ភៈ ខែមិនា ត្រីមាសទី១ ឆ្នាំ ២០១៩ នេះឲ្យដំណើរការបានល្អប្រសើរ។ ហើយទី៣នោះ យើងត្រូវពិនិត្យពិភាក្សាឡើងវិញ នៅលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សហព័ន្ធ ពិសេស គឺត្រូវដកស្រង់នូវផែនការយុទ្ធសាស្ត្រ៥ ឆ្នាំ ដោយដកស្រង់នូវចំណុចមួយចំនួនដើម្បីដាក់បង្ហាញផែនការសម្រាប់អនុវត្ត២០១៩នេះបានល្អ ពិសេសក្នុងនេះដើម្បីប្រជុំអនុម័តរៀបចំផែនការបោះឆ្នោតជ្រើសរើសគ្រូបង្វឹក ទាំងជម្រើសជាតិ ទាំងថ្នាលប្រចាំឆ្នាំ២០១៩នេះ។
លោកប្រធានសហព័ន្ធបានបញ្ជាក់ថា សម្រាប់កីឡាករថ្នាល គឺតាមគោលការណ៍របស់ក្រសួងអប់រំ គឺមិនត្រូវដូរផ្លាស់ទេ ដោយត្រូវរក្សាថ្នាលនេះទុកធ្វើជាគំរូសម្រាប់ការជ្រើសរើសថ្មីបន្តទៀត ដើម្បីសម្រិតសម្រាំងទុកសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនោះ។
ចំពោះកិច្ចការចុងក្រោយ ដែលសហព័ន្ធត្រូវធ្វើ គឺពិនិត្យលើចំណុច មតិយោបល់ និងអនុសាសន៍របស់ក្រសួងអប់រំ ដែលគោលបំណងសំខាន់ គឺភ្ជាប់លើកិច្ចការកីឡា ដើម្បីធ្វើការណែនាំដល់បណ្តាស្ថាប័នកីឡាជាតិទាំងអស់ ដែលមានចំណុចសំខាន់ល្អមួយចំនួន ជាពិសេសការគ្រប់គ្រងការដឹកនាំសហព័ន្ធ និងផែនការអនុវត្តដើម្បីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្ពោះទៅកាន់ការប្រកួតជាលក្ខណៈជាតិអន្តរជាតិ។
ជាមួយនឹងការបើកកិច្ចប្រជុំនេះ ក៏បានធ្វើការប្រគល់សេចក្តីសម្រេច ដែលគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឯកភាពគ្នាជ្រើសតាំង លោក ហេង សុឃន ដែលជាសមាជិកប្រតិបត្តិដែរនោះ ជាអនុប្រធានសហព័ន្ធបន្ថែមមួយរូបទៀត។
ជាមួយនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានចេញសេចក្តីសម្រេច ដោយបង្កើតក្រុមព័ត៌មានកីឡាប្រដាល់គុនខ្មែរ ដែលមានសមាសភាពចំនួន១៥រូប ហើយក្នុងនោះ លោក ហេង សុឃន ជាប្រធាន លោក រាជ សុផែន និង លោក មាស សុខគ្រី ជាអនុប្រធាន។
ទន្ទឹមនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចរៀបចំបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ និងដឹកនាំការងារដែលមួយនោះ គឺ លោកឧត្ដមសេនីយ៍ តែម ម៉ឺន ប្រធានទទួលបន្ទុកការងាររួម,លោកឧត្ដមសេនីយ៍ វ៉ា ស៊ិនភីរម្យ អនុប្រធានទី១ ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាវិន័យ និងអនុគណៈកម្មការវិន័យ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងអនុគណៈកម្មការសង្គ្រោះ ,លោក ហេង សុឃន អនុប្រធានទទួលបន្ទុកអនុគណៈកម្មការឃោសនាផ្សព្វផ្សាយព័ត៌មាន និងហិរញ្ញវត្ថុ ,លោកសាស្ត្រាចារ្យម៉ិលកាដូ អគ្គលេខាធិការ ទទួលបន្ទុកការងារអគ្គលេខាធិការដ្ឋាន លោកស្រី ប៉ឹង សំអាង អគ្គហិរញ្ញិកទទួលបន្ទុកការងារហិរញ្ញវត្ថុ។
ជាមួយនេះ ក៏បានបង្កើតអនុគណៈកម្មការជំនាញទទួលខុសត្រូវរួមមាន ការងារគរីខាធិការដ្ឋានដែលមានលោកសាស្ត្រាចារ្យម៉ិល កាដូ ជាប្រធាន ,អនុគណៈកម្មការវិន័យ ដែលមាន លោក ឯមហៀង ជាប្រធាន, អនុគណៈកម្មការបច្ចេកទេសមាន លោក មាស សុខគ្រី ជាប្រធាន, អនុគណៈកម្មការគ្រូបង្វឹក លោក ទេសសូ ជាប្រធាន, អនុគណៈកម្មការស្រាវជ្រាវ អភិរក្ស និងឃោសនាផ្សព្វផ្សាយ លោក រាជ សុផែន ជាប្រធាន,អនុគណៈកម្មការហិរញ្ញវត្ថុ លោកស្រី ប៉ឹង សំអាង ជាប្រធាន និងអនុគណៈកម្មការសង្គ្រោះ លោក ជឹម ផល្លា ជាប្រធាន៕